ខេត្តសៀមរាប ៖ នៅម៉ោងជាង៤រសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចុះទៅទីតាំងលក់ផលិតផល «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សានិងលក់ផលិតផលសម្រស់ធម្មជាតិ សង្ស័យគ្មានច្បាប់អនុញ្ញាតឲ្យបើកអាជីវកម្មឡើយ ។ ម្ចាស់ទីតាំងផលិតផលនោះ ត្រូវបានសមត្ថកិច្ចហៅយកទៅសួរនាំនៅការិយាល័យនគរបាលសេដ្ឋកិច្ចខេត្តសៀមរាបផងដែរ ។
ទីតាំងលក់ផលិតផល «ស្រីនាង សម្រស់ធម្មជាតិ» ស្ថិតនៅតាមបណ្តោយផ្លូវលោកតាណឺយ ក្នុងភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
ក្នុងពេលដឹកនាំកម្លាំងចុះពិនិត្យទីតាំងនោះ អ្នកគ្រូវេជ្ជបណ្ឌិត លី វណ្ណៈ ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល ខេត្តសៀមរាប បានប្រាប់ថា ករណីផលិតផលរបស់ «ស្រីនាងសម្រស់ធម្មជាតិ» ខាងលើនេះ មាន ៤ប្រភេទ ដែលមិនទាន់បានចុះប្រវេទ គឺវាខុសច្បាប់គ្រប់គ្រងឱសថ និងគ្រប់គ្រងគ្រឿងសំអាង ហើយគាត់បានផ្សព្វផ្សាយផលិតផលរបស់គាត់នោះ គឺវាខុសច្បាប់ទាំងស្រុង ដែលថា ព្យាបាលជា ។ តាមពិតផលិតនោះ គឺព្យាបាលជំងឺទេ វាគ្រាន់តែជាអាហារបំប៉នសុខភាព ហើយគាត់បែរជាផ្សព្វផ្សាយថា ព្យាបាល គីស ជាអីៗចឹង គឺវាខុសច្បាប់ទាំងស្រុង ។
អ្នកគ្រូបន្តថា ទីតាំងនេះ គ្មានច្បាប់បើកអាជីវកម្ម ពុំទាន់មានលិខិតអនុញ្ញាត និងផលិតផលរបស់គាត់ភាគច្រើន ចុះលេខបញ្ជិការ មាន ៤មុខ ដូចជា ៖ គ្រឿងសំអាងគាត់អត់លេខ និងមួយទៀត ផ្សព្វផ្សាយខុសការពិត ធ្វើឱ្យប្រជាជន មានការភាន់ច្រឡំថា ព្យាបាលជា ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ប្រជាជន ដែលខុសពីការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងនោះដែរ លោកវរសេនីយ៍ឯក ជ្រិញ គឹមនី ប្រធានការិយាល័យបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប បានប្រាប់តាមទូរស័ព្ទ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០នេះថា ទីតាំង «ស្រីនាងសម្រស់ធម្មជាតិ» ប្រឹក្សា និងលក់ផលិតផលសម្រស់ធម្មជាតិ នេះ មានបទល្មើស ៤ចំណុច៖ ទី១/បើកអាជីវកម្ម អត់ច្បាប់។ ទី២/ អាហារបំប៉ន អត់មានចុះប្រវេទរបស់ក្រសួងសុខាភិបាល។ ទី៣/ ផាកពិន័យអន្តរកាលតាមច្បាប់ ស្តីពី ឱសថ។ ទី៤/ផ្អាកអាជីវកម្មបណ្តោះអាសន្ន រង់ចាំឱ្យគាត់ សុំច្បាប់រួចរាល់ ទើបឱ្យបើកដំណើរការឡើងវិញ ៕