ពីខេត្តរតនគិរីមានសេចក្តីរាយការណ៍មកថា ប៉ូលិស២រូបបានស្រាយគំនុំចាស់ដោយហក់ចាក់គ្នាដូចក្នុងរឿងកុនហុងកុង បណ្តាលឲ្យប៉ូលិសម្នាក់រងរបួសធ្ងន់ ឯប៉ូលិសដៃដល់កំពុងនៅក្រៅសំណាញ់ច្បាប់និងប្រភពថាកំពុងរត់ការចរចាបញ្ចប់រឿងផងដែរ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅក្នុងជួរកងកម្លាំងនគរបាលខេត្តរតនគិរីនិងអ្នកដឹងរឿងកាលពីម៉ោងជិត១២យប់ថ្ងៃទី២០ ធ្នូ ២០២០ នៅចំណុចភូមិអភិវឌ្ឍន៍ ស្ថិតក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ប្រភពថា ជនរងគ្រោះដែលរួចផុតពីគ្រោះថ្នាក់ដល់ជីវិតនិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតឈ្មោះ ហេង គោរព អាយុជាង៣០ឆ្នាំ មានទីលំនៅក្នុងភូមិជ្រី សង្កាត់យក្សឡោម ក្រុងបានលុង ជាមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី ។ ចំណែកជនដៃដល់ឈ្មោះ រុំ សារិទ្ឋ អាយុប្រហាក់ប្រហែលគ្នា និងជាអធិការរងនគរបាលស្រុកអូរជុំ ខេត្តរតនគិរី ។
ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ ទាំងជនរងគ្រោះនិងដៃដល់ បានផឹកស៊ីជុំគ្នានៅផ្ទះមិត្តភ័ក្តិម្នាក់ទៀតដែលគេមិនបញ្ចេញឈ្មោះ ។ លុះពេលកំពុងផឹក ភាគីទាំងពីរក៍បានរំឮករឿងទំនាស់ពាក្យសម្តីចាស់ ក៍បង្កឲ្យមានការផ្ទុះកំហឹងជាថ្មី ធ្វើឲ្យជនដៃដល់យកកំប៉ុងស្រាបៀរមិនទាន់គាស់គប់ទៅលើជនរងគ្រោះមួយទំហឹង បណ្តាលឲ្យជនរងគ្រោះខឹងហក់ទៅបំណងវាយជនដៃដល់ តែត្រូវជនដៃដល់ចាប់បានកាំបិតចាក់ទៅលើជនរងគ្រោះចំសៀតផ្កានិងបាក់ចុងកាំបិតជាប់ក្នុងសាច់ដួលដេកសន្លប់ ក៍ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ តែដោយសាររបួសធ្ងន់ក៍បញ្ជូនបន្តមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និងរួចផុតគ្រោះដល់ជីវិតហើយ ។
មកទល់នឹងម៉ោង២និង២៥នាទីរសៀលថ្ងៃទី២៦ ធ្នូ ២០២០នេះ គេមិនដឹងថា សំណុំរឿងព្រហ្មទណ្ឌមួយនេះដើរដល់ណានោះនៅឡើយទេ ខណៈប្រភពថា ជនដៃដល់កំពុងចរចាជាមួយជនរងគ្រោះដើម្បីបញ្ចប់រឿង ។
យ៉ាងណា គេមានជំនឿថា ជនដៃដល់នឹងត្រូវសមត្ថកិច្ចចាត់ការតាមច្បាប់ មិនដូចអ្វីដែលបុរសម្នាក់ដែលគេអះអាងថាជាជនអនាថានិងមានសតិមិនល្អឈ្មោះ កែវ សុវណ្ណ ដែលល្បីនៅលើបណ្តាញសង្គមបាននិយាយថា«អ្នកអនុវត្តន៍ច្បាប់ មិនគោរពច្បាប់ គឺអន់ជាងសំរាមទៅទៀត» ៕