នាយកសាលាពលទាហានយោធភូមិភាគពិសេសនៅខេត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បើករថយន្ដបុកម៉ូតូប្រជាពលរដ្ឋមួយគ្រួសារ បណ្ដាលឲ្យស្លាប់កូនតូចម្នាក់ អាយុ២ខួប នៅកន្លែងកើតហេតុ ឥឡូវសំណុំរឿងនេះ មិនទាន់រកយុត្តិធ៌មឲ្យគ្រួសាររងគ្រោះផង បែរជាលេចព័ត៌មានថាលោក កង ប៊ុនធឿន ដាក់ពាក្យប្តឹងចោទជនរងគ្រោះជាអ្នកបង្កទៅវិញ ។
បើតាម FN ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានកើតឡើងកាលពីថ្ងៃទី២៩ វិច្ឆិកា ២០២០ នៅចំណុចផ្លូវចូលសាលាភូមិភាគ៦ ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង +។
នៅពេលបង្កហេតុ លោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានបើកបររថយន្ដមួយគ្រឿងម៉ាក Toyota Landcruiser ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2M-1186 បុកម៉ូតូរបស់ជនរងគ្រោះម៉ាក Honda Scoopy ពាក់ផ្លាកលេខភ្នំពេញ1GP-5864 ជិះគ្នា៣នាក់ រួមមាន ប្ដី ប្រពន្ធ និងកូនតូចអាយុ២ខួប។ ក្នុងនោះ បណ្ដាលឲ្យកូនតូចអាយុ២ខួប ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបុរសជាឪពុករងរបួសធ្ងន់បាក់ជើងខាងឆ្វេង។
តាំងពីថ្ងៃកើតហេតុ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ ជនរងគ្រោះមិនទាន់ទទួលបានពន្លឺនៃយុត្តិធម៌នៅឡើយទេ ពោលមន្ដ្រីនគរបាលមូលដ្ឋាន បានកសាងសំណុំរឿង និងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្ដនីតិវិធីតាមច្បាប់ ដោយហេតុថា ករណីនេះបានបណ្ដាលឲ្យជនរងគ្រោះម្នាក់។
ទន្ទឹមនឹងតុលាការកំពុងបន្ដនីតិវិធី ហើយជនរងគ្រោះក៏កំពុងរង់ចាំពន្លឺនៃពាក្យថា «យុត្តិធម៌» នោះ ស្រាប់តែលេចលឺនូវព័ត៌មានពីភាគីជនបង្ក ដែលជាមន្ដ្រីយោធាជាន់ខ្ពស់ មានឋានន្ដរស័ក្ដិជាឧត្តមសេនីយ៍ទៀតនោះ បានដាក់ពាក្យបណ្ដឹងដោយឡែកមួយ ទៅកាន់តុលាការ ហើយចោទប្រកាន់ជនរងគ្រោះថា បានជិះម៉ូតូបុករថយន្ដរបស់ខ្លួន ព្រមទាំងទាមទារសំណង១ម៉ឺនដុល្លារថែមទៀតផង។
ព័ត៌មានលេចឮ នៃការដាក់ពាក្យបណ្ដឹងរបស់មន្ដ្រីយោធាជាន់ខ្ពស់រូបនេះ បានធ្វើឲ្យក្រុមគ្រួសាររបស់ជនរងគ្រោះ ហួសចិត្តយ៉ាងខ្លាំង ដោយមិននឹកស្មានថា ពួកគាត់ជាជនរងគ្រោះ រហូតបាត់បង់កូនតូចជាទីស្រលាញ់ម្នាក់ត្រឹមមួយពព្រិចភ្នែក បែរជាជនបង្កមកដាក់ពាក្យបណ្ដឹងប្ដឹងខ្លួនថា ជាអ្នកបង្កហេតុ បើកម៉ូតូបុករថយន្ដទៅវិញ។
អ្វីដែលបង្ហាញឲ្យឃើញច្បាស់ជាក់ស្ដែងថា មន្ដ្រីយោធានេះជាអ្នកបង្កហេតុនោះ គឺរូបភាពដែលគេថតជាប់នៅកន្លែងកើតហេតុ បញ្ជាក់ថា រថយន្ដរបស់មន្ដ្រីយោធាឈ្មោះ កង ប៊ុនធឿន បានជិះចូលមកគន្លងខាងស្ដាំដៃរបស់ជនរងគ្រោះស្ទើរទាំងស្រុងទៅហើយ ចុះហេតុអ្វីបានជាជនបង្កហ៊ានដាក់ពាក្យប្ដឹងជនរងគ្រោះទៅវិញ។
មួយវិញទៀត សូម្បីតែរបាយការណ៍របស់លោកវរសេនីយ៍ឯក ឈឹម សាវុន នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ច្បាស់ហើយថា ឈ្មោះ កង ប៊ុនធឿន ជាអ្នកបង្កហេតុ ដោយបត់ឆ្វេងឆ្លងកាត់ទ្រូងផ្លូវខ្វះការប្រុងប្រយ័ត្ន ដោយមិនគោរពសិទ្ធិអាទិភាព (ផ្លូវត្រង់មានសិទ្ធិទៅមុន)។
របាយការណ៍របស់លោកវរសេនីយ៍ឯក ឈឹម សាវុន បានសង្កត់ធ្ងន់ទៀតថា ជនបង្កមានចេតនាគេចវេសមិនទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ ដោយបង្ហាញអត្តសញ្ញាអ្នកបើកបរមិនពិតប្រាកដថែមទៀតផង៕
ប្រភព ៖ Fresh News