ប្រជាពលរដ្ឋ បានលើកឡើងថាៈ នៅតាមបណ្ដោយឆ្នេរសមុទ្រ ព្រែកត្រែង ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ កំពុងរងនូវការរំលោភបំពាន យ៉ាងធ្ងន់ធ្ងរ ដោយមានការហ៊ុមព័ទ្ធជារបងថ្ម រឹងមាំធំៗ និងចាក់ដីចូលសមុទ្រ យ៉ាងអនាធិបតេយ្យ ចាប់ពីរោងចក្រប្រេងកាត មកដល់ស្ពានព្រែកត្រែង។
ប្រភពដដែល បានបន្តថាៈ សកម្មភាពរំលោភបំពាននេះ បានបង្កឡើង ដោយបុគ្គលមានអំណាច ធំៗជាច្រើនរូប ក្នុងនោះ ក៏មានអភិបាលរង ខេត្តព្រះសីហនុមួយ រូបផងដែរ។ ប្រជាពលរដ្ឋ ឆ្ងល់ថា ហេតុអ្វីដីសាធារណៈរបស់រដ្ឋ ដែលម្ខាងជាដីចំណីផ្លូវ និងម្ខាងទៀត ជាដីចំណីសមុទ្រ បែរទៅជាគេនាំគ្នា ទៅហ៊ុមព័ទ្ធរបង យក ធ្វើដីជាកម្មសិទ្ធិឯកជនទៅវិញ។
លោក ហាក់ ម៉េង មេឃុំអូរត្រេះ ស្រុកស្ទឹងហាវ បានប្រាប់សារព័ត៌មាន តាមទូរស័ព្ទថាៈ តំបន់ហ្នឹង ខ្លះមានប័ណ្ណកម្មសិទ្ធិ ខ្លះអត់មានទេ ហើយឥឡូវ បើតាមលោក អភិបាល និយាយថា តំបន់នេះ ចង់កាត់ទៅឲ្យសង្កាត់លេខ១ គ្រប់គ្រងវិញហើយ។
លោក ហាក់ វីយ៉ា ប្រធានភូមិបាល ស្រុកស្ទឹងហាវ បានមានប្រសាសន៍ប្រាប់ នៅរសៀល ថ្ងៃទី៤ ខែមករាថាៈ ដីតាមបណ្ដោយឆ្នេរហ្នឹង មិនមានប័ណ្ណនោះទេ មានតែកន្លែងដាក់ខ្សាច់ហ្នឹង ទើបមានប័ណ្ណប្រហែលជា ២ប័ណ្ណប៉ុណ្ណោះទេ ក្រោយមក គឺគេឈប់ចេញឲ្យទៀតហើយ។
ចំណែកលោក ឆាយ សុគន្ធដា អភិបាលស្រុកស្ទឹងហាវ ក៏បានបញ្ជាក់ប្រាប់ផងដែរថាៈ កន្លែងខ្លះ មានប័ណ្ណកម្មសិទ្ធិ ប៉ុន្តែកន្លែងខ្លះទៀត គឺអត់មានទេ។ កន្លែងដែលមាន ពីមុនគេ ឲ្យក្រុមប្រឹក្សាសង្កាត់ ធ្វើអីៗនៅទីនោះ ក្រោយមក ក៏ទុកចោលអ៊ីចឹងទៅ ពិសេសមានប័ណ្ណ នៅតែតំបន់ពយៗទេ។
បញ្ហានេះ លោក អ៊ី ធារិន្ទ នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តព្រះសីហនុ បានប្រាប់សារព័ត៌មាន នៅព្រឹកថ្ងៃទី៥ ខែមករានេះថាៈ លោក អរគុណ សម្រាប់ព័ត៌មាននេះ លោកនឹងរាយការណ៍ ជូនថ្នាក់ដឹកនាំ ដើម្បីសុំមតិដឹកនាំ។
ជុំវិញដីឆ្នេរសាធារណៈរបស់រដ្ឋ គឺបានគ្រប់គ្រង ដោយរដ្ឋបាលខេត្ត និងគណៈកម្មការឆ្នេរ ចំពោះវិធានការបែបណានោះ មហាជន ក៏ដូចជា ប្រជាពលរដ្ឋ កំពុង រង់ចាំមើលការអនុវត្ត របស់ថ្នាក់ដឹកនាំ៕
ប្រភព ៖ Rasmei Kampuchea Daily