ទីបំផុតទៅសំណុំរឿងបាញ់សម្លាប់លោក ឱម រដ្ឋសាឌី អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ្វ៊ុនស៊ិនប៉ិច និង ជាទីប្រឹក្សាផ្ទាល់របស់សម្តេចក្រុមព្រះ នរោត្តមរណប្ញទ្ឋិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិចកាលពី១៨ឆ្នាំមុននោះ គឺជាករណីបាញ់ប្លន់យកទូរសព្ទដៃម៉ាកណូគា ៩២០០ (Nokia 9200) ។
នេះបើយោងតាមព័ត៌មានប៉ុន្មានថ្ងៃនេះនិងត្រូវបានគេចែកផ្សាយបន្តគ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក ។
បើតាមព័ត៌មានដែលគេអះអាងថាចេញមកពីសមត្ថកិច្ចនោះ គឺជនសង្ស័យដែលបាញ់សម្លាប់លោក ឱម រដ្ឋសាឌី ឈ្មោះ អ៊ា ណារ៉េន ហៅ រិន ផាន់ អាយុ៣៨ឆ្នាំ អតីតទាហានកុម្ម៉ង់ដូ ស្នាក់នៅផ្ទះលេខ ៥៨ អ៉ឺ១ ផ្លូវលេខ១១០ ភូមិ១៦ សង្កាត់ផ្សារកណ្ដាល១ ខណ្ឌ ដូនពេញ និងជាជនដៃដល់ដែលបាញ់សម្លាប់ប៉ូលិសព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលផ្តើមចេញពីករណីគ្រោះថ្នាក់ចរាចរណ៍កាលពីរំលងអធ្រាត្រថ្ងៃទី៣០ ធ្នូ ២០២០។
គួររំឮកថា លោក ឱម រដ្ឋសាឌី ត្រូវបានខ្មាន់កាំំភ្លើងបាញ់សម្លាប់កាលពីដើមឆ្នាំ២០០៣ នៅចំណុចជិតផ្សារកាប់គោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ភ្លាមៗ ក្រោយលោក ឱម រដ្ឋសាឌី ស្លាប់ មានមជ្ឈដ្ឋានមួយចំនួនតូចដាក់ការសង្ស័យថាជាករណីឃាតកម្មនយោបាយ ។
គិតត្រឹមម៉ោង១១និង០៨នាទីថ្ងៃត្រង់ ថ្ងៃទី០៨ មករា ២០២១នេះ ជនដៃដល់បាញ់សម្លាប់ លោក ឱម រដ្ឋសាឌី និងលោករ៉េត ស៊ីណែត អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ១៦៩ ផ្លូវ១៦៩ ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ជានាយរងការិយាល័យនគរបាលកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី មិនទាន់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយទេ ខណៈជននេះ ត្រូវគេអះអាងថាកំពុងរត់គេចខ្លួន ពួនក្នុងព្រៃព្រំប្រទល់ខេត្តស្ទឹងត្រែងនិងរតនគិរី ខណៈបក្ខពួកជាអ្នកបើកបររថយន្តឈ្មោះ កែ ចាន់មាន ត្រូវបានតំណាងអយ្យការចោទប្រកាន់ផ្លូវនៅព្រឹកថ្ងៃទី០៨ មករា ២០២១នេះ ពីបទ«សមគំនិតក្នុងអំពើឃាតកម្ម និងជួញដូរគ្រឿងញៀន និងបានបញ្ជូនបន្តទៅចៅក្រមស៊ើបសួរដើម្បីសម្រេចឃុំ ឬមិនឃុំខ្លួន៕