ពីខេត្តត្បូងឃ្មុំមានសេចក្តីរាយការណ៍មកថា សមត្ថកិច្ចកងរាជអាវុធហត្ថបានចុះបង្ក្រាបរថយន្តច្នៃដឹកឈើ២គ្រឿង ប៉ុន្តែសមត្ថកិច្ចបានដកថយវិញ ក្រោយពីក្រុមឈ្មួញបានយកអំណាចអ្នកធំក្នុងអាណាចក្រត្បូងឃ្មុំមកគំរាម និងជេរប្រមាថនោះរួចមក ។
យ៉ាងណា Rasmei Kampuchea Daily មិនបានបញ្ចេញអត្តសញ្ញាណក្រុមឈ្មួញ ពិសេសអ្នកធំក្នុងអាណាចក្រត្បូងឃ្មុំ ដែលក្រុមឈ្មួញយកឈ្មោះមកគំរាមនិងជេរប្រមាថសមត្ថកិច្ចនោះទេ ។
ចំណែក«អង្រុត» ក៍មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានដែរ នៅព្រឹកថ្ងៃទី០៦ មករា ២០២១នេះ ជុំវិញព័ត៌មានខាងលើ ។
បើតាម Rasmei Kampuchea Daily ដដែល រថយន្តសាំយ៉ុងច្នៃដឹកឈើ ប្រភេទគ្រឿងផ្ទះ ប្រមាណជា ២0 ម៉ែត្រគុប ចេញពីតំបន់ព្រៃឡង់ ឆ្លងតាមខេត្តក្រចេះ ឆ្ពោះទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ត្រូវសមត្ថកិច្ច ចុះទៅបង្ក្រាប ប៉ុន្តែបែរជាឈ្មួញលើកគ្នា តតាំងប្រឆាំងទៅលើសមត្ថកិច្ចវិញ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១។
ប្រភពព័ត៌មាន បានឲ្យដឹងថាៈ ឈ្មួញមួយក្រុម ដឹកឈើគ្មានច្បាប់ទម្លាប់ចេញពីតំបន់ ព្រៃឡង់ ក្នុងស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បន្តឆ្លងកាត់ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីទៅលក់ នៅទីផ្សារគោលដៅ។
នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំនោះ សមត្ថកិច្ចកងរាជអាវុធហត្ថ បានចុះទៅបង្ក្រាបរថយន្ត ច្នៃដឹកឈើ ទាំងពីរគ្រឿង ខាងលើនោះ ក៏ប៉ុន្តែក្រុមឈ្មួញ បានលើកគ្នា ជាច្រើននាក់ មកជេរប្រមាថ គំរាមទៅលើសមត្ថកិច្ច។ ឃើញស្ថានភាពមិនស្រួល សមត្ថកិច្ចក៏បាន ដកថយទៅវិញ។
ក្រោយហេតុការណ៍ខាងលើ មានអ្នកឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចខ្លាចក្រុមឈ្មួញរហូតដកថយមិនហ៊ានបង្ក្រាប បើគ្រាន់តែក្រុមឈ្មួញយកឈ្មោះអ្នកធំមកគំរាម ឬមួយសមត្ថកិច្ចធ្លាប់ទទួលលាភសក្ការៈពីក្រុមឈ្មួញ ? ។ តួនាទីជាអ្នកអនុវត្តន៍ច្បាប់ មិនត្រូវខ្លាចនរណាទាំងអស់ប្រសិនបើយើងគោរពតួនាទីក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនានា ព្រោះទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឧបនាយករដ្ឋមន្ត្រី ស ខេង ក្តី ក៍ធ្លាប់បានចេញបទបញ្ជាឲ្យបង្ក្រាបបទល្មើសគ្រប់រូបភាព ដោយមិនត្រូវខ្លាចក្រុមឈ្មួញ ឬ អ្នកធំមានអំណាចមកកាង រហូតលោកទាំងពីរគំរាមថាបើអ្នកធំ អ្នកមានអំណាចរូបណាពាក់ព័ន្ឋនឹងបទល្មើសត្រូវដកតំណែង ឬបកស័ក្តិ និងប្រគល់ឲ្យសមត្ថកិច្ចអនុវត្តន៍តាមនីតិច្បាប់ថែមទៀតនោះ ៕