ផ្កាយទៀតហើយ ! អ្នកបាញ់ប៉ូលិសព្រហ្មទណ្ឌស្លាប់ ជាឧត្តមសេនីយ៍ត្រីនៅអង្គភាព៩១១

ទីបំផុត​ទៅ​អត្តសញ្ញាណ​ជន​ដៃដល់​ដែល​បាន​បាញ់​សម្លាប់​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កើត​ចេញពី​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នោះ ត្រូវ​គេ​អះអាង​ថា​ឈ្មោះ រ៉េ​ន មាន​ឋានៈ​ជា​ឧត្តមសេនីយ៍ត្រី​(​ផ្កាយ​១) បម្រើ​ការងារ​នៅ​អង្គភាព​ឆត្រយោង ៩១១ ។​

​បើ​តាម​សមត្ថកិច្ច​គិត​ត្រឹម​ម៉ោង​៥​និង​១៧​ល្ងាច​ថ្ងៃ​ទី​០៥ មក​រា ២០២១​នេះ ជនសង្ស័យ​បាន​នឹង​កំពុង​រត់គេច​ខ្លួន​ដល់​ស្រុក​លំ​ផាត់ ខេត្តរតនគិរី​ហើយ ក្រោយ​គេចខ្លួន​ពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​កាលពី​យប់មិញ ហើយ​សមត្ថកិច្ច​កំពុង​ឡោម​ព័​ទ្ឋ​ដើម្បី​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ។​

​សូម​បញ្ជាក់​ថា អំពើ​បាញ់ប្រហារ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២៖០៥​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ក្នុងភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បើ​តាម​ជនសង្ស័យ​ដែល​បើករ​រថយន្ត​ដឹក​ជន​ដៃដល់​បាញ់​សម្លាប់​លោក រ៉េ​ត ស៊ី​ណែ​ត នាយ​រង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ កែ ចាន់​មាន កាលពី​ថ្ងៃ​ទី​០៣ មក​រា នៅ​ចំណុច​ផ្ទះ​ជួល​ជិត​ប៉ាឆា​វត្ត​ទួល​តា​ឯក ស្ថិត​ក្នុងភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង​នោះ​បាន​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​២៩ ខែធ្នូ ឆ្នាំ​២០២០ ខ្លួន​បាន​ចេញពី​ផឹកស៊ី ហើយ​បើករថយន្ត​ខាងលើ​ជូន​ឈ្មោះ រ៉េ​ន ទៅ​ផ្ទះ​នៅ​ម្តុំ​កំ​បូល​ទាំង​ស្រវឹង​។​

​ពេល​មក​ដល់​កន្លែង​កើត​ត​ហេតុ ខ្លួន​បាន​បើករថយន្ត​បុក​គូទ​រថយន្ត​ជន​រង​គ្រោះ​ពីក្រោយ ។ បន្ទាប់​មក​ជន​រង​គ្រោះ បាន​បើករ​ថយ​ន្ក​កាក់​រថយន្ត​របស់​ខ្លួន និង​បាន​យក​កាំភ្លើងខ្លី​ភ្ជង់​មក​លើ​ខ្លួន​ដើម្បី​ឱ្យ​អែប​កៀន ព្រមទាំង​ប្រើ​ពាក្យ​សម្តី​ជេរ​ប្រមាថ​មក​លើ​ខ្លួន​ទៀត​ផង ទើប​ប​ឈ្មោះ រ៉េ​ន មាន​កំហឹង ហើយ​ប្រាប់​ខ្លួន​ឱ្យ​នៅ​ស្ងៀម ចាំ​ធ្វើ​តែ​តាម​គេ​ប្រាប់​បាន​ហើយ ។​

​ពេល​កំពុង​ចរចា​គ្នា​រឿង​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដោយ​ឃើញ​ជន​រង​គ្រោះ​ធ្វេសប្រហែស ឈ្មោះ រ៉េ​ន ក៏​បាន​ដក​កាំភ្លើងខ្លី​ដែល​សៀត​នៅ​នឹង​ចង្កេះ​បាញ់​ទៅ​លើ​ជន​រង​គ្រោះ រួច​ប្រាប់​ឲ្យ​ខ្លួន​បើករថយន្ត​គេច​ពី​កន្លែង​កើត​ហេតុតែ​ម្តង​។ ៕