រឿងផ្កាយ១បាត់ស្បែកជើងមិនទាន់ស្ងប់ លេចរឿងផ្កាយ២ម្នាក់ទៀតលួចដីវត្តម្តង

សំណុំរឿង​បាត់​ស្បែកជើង ធ្វើ​ឲ្យ​លោក​ផ្កាយ​១ ហេង គា​ហុង ទប់​អារម្មណ៍​មិន​បាន​ឈាន​ទៅ​ប្រើ​ហិង្សា​យក​កាំភ្លើង​វាយ​ក្បាល​សន្តិសុខ​បែកក្បាល​ហូរ​ឈាម​សន្លប់ នៅ​មិន​ទាន់​ស្ងប់​នៅឡើយ​ទេ ខណៈ​លោក​ឧត្តមសេនីយ៍ត្រី ម្ចាស់​គ្លីនិក សុខ ម៉េ​ង កំពុង​ស្ថិត​នៅ​ក្នុង​សាលាដំបូង​ខេត្តកណ្តាល ដើម្បី​ឲ្យ​តំណាង​អយ្យការ​ចោទសួរ​និង​ចោទប្រកាន់​នោះ បែរជា​លេច​រឿង​មួយ​ករណី​ទៀត​នោះ គឺ លោក​ផ្កាយ​២ ឈ្មោះ​សូរ វិចិត្រ ព្រមទាំង​គូកន បាន​រង​ការ​ចោទប្រកាន់​ថា​ប្រើ​អំណាច​រំលោភ​យក​ដី​ស្រះ​វត្ត ដែល​មាន​ទទឹង​៣​ម៉ែត្រ និង​បណ្តោយ​៤៥​ម៉ែត្រ ដោយ​គ្មាន​ខ្លាច​បាប ចុះ​នរក​បន្តិច​នោះ​ឡើយ ។​

​បើ​តាម KBN NEWS បាន​ឲ្យ​ដឹង​ទៀត​ថា ដី​ស្រះ​វត្ត ដែល​មាន​ទទឹង​៣​ម៉ែត្រ និង​បណ្តោយ​៤៥​ម៉ែត្រ ដែល​លោក​ផ្កាយ​២ ឈ្មោះ​សូរ វិចិត្រ ប្រើ​អំណាច​របស់​ខ្លួន​រំលោភ​យក​នោះ ស្ថិត​នៅ​ភូមិ​កោះ​ចិន ឃុំ​កោះ​ចិន​ស្រុក​ពញាឮ ខេត្តកណ្តាល ។​

​បើ​តាម​ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុន្នី​សាគរ ហៅ​វត្ត​កោះ​ចិន មាន​សង្ឃដីកា​បញ្ជាក់​ថា ដី​ស្រះ​នេះ គឺជា​ដី​របស់​វត្ត​យ៉ាង​ពិតប្រាកដ មាន​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត បានដឹង​ឮ និង​ព្រម​ធ្វើ​សាក្សី ព្រមទាំង​មានការ​ផ្ដិត​មេដៃ​គាំទ្រ រហូត​ទៅ​ដល់​ជិត​២០០​គ្រួសារ ។​

​ព្រះ​គ្រូ​ចៅអធិការ​វត្ត ព្រមទាំង​ប្រជាពលរដ្ឋ​ចំណុះ​ជើងវត្ត សំណូមពរ ដល់​លោកនាយក​រដ្ឋមន្ត្រី​  ហ៊ុន សែន ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ឱ្យ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​មុន្នី​សាគរ​នោះ​ផង​ដែរ ។​

​យ៉ាងណា​នៅ​រសៀល​ថ្ងៃ​ទី​០៥ មក​រា ២០២១​នេះ «​អង្រុត​» មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​តប​បាន​ទេពី​លោក​ផ្កាយ​២ សូរ វិចិត្រ ជុំវិញ​ការ​ចោទប្រកាន់​ខាងលើ​នេះ ។​

​ដោយឡែក ព័ត៌មាន​ចុង​ក្រោយ​ពី​តុលាការ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា សំណុំរឿង​លោក​ផ្កាយ​១ ឈ្មោះ​ហេង គា​ហុង បម្រើ​ការងារ​នៅ​អយ្យការ​យោធា ដែល​យក​កាំភ្លើង​អា​ម៉េ​បញ្ចូល​គ្រាប់ និង​វាយ​ទៅ​ជន​រង​គ្រោះ​ឈ្មោះ ច្រឹ​ក ស៊ី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ ឱ្យ​ហូរ​ឈាម រហូត​ដួល​សន្លប់​កាលពី​ម៉ោងជាង​១២​ថ្ងៃត្រង់​ម្សិលមិញ​នៅ​ចំណុច​ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល​នោះ ឥឡូវ​មាន​អ្នក​រត់ការ​ដោះ​លែង​ហើយ ។ យ៉ាងណា រង់ចាំ​តាមដាន​ទាំងអស់​គ្នា​ថា​តើ​តំណាង​អយ្យការ​ចោទប្រកាន់​លោក ហេង គា​ហុង ពី​បទ​អ្វី និង ត្រូវ​បញ្ជូន​ទៅ​ឃុំ​នៅ​ព​ន្ឋ​នាគារ​ឬ​យ៉ាងណា ដែល​អាច​នឹង​ដឹង​នៅ​ពេល​ល្ងាច​នេះ ៕