ប្រាសាទបុរាណសែនភូវាំង ស្ថិតនៅភូមិអំពិល ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ត្រូវបានប្រជាពលរដ្ឋនិងអ្នកជំនាញមួយចំនួនបារម្ភថាអាចនឹងបាក់ស្រុតនៅថ្ងៃណាមួយ ដោយសារតែរថយន្តដឹកដី ដឹកបើកកាត់លើខឿននិងតួប្រាសាទ ។
បើតាមប្រជាពលរដ្ឋក្នុងមូលដ្ឋានបានប្រាបឲ្យដឹងថា នៅពេលនេះ ក្រុមឈ្មួញបាននិងកំពុងធ្វើសកម្មភាពដឹកដី ដោយប្រើប្រាស់សុទ្ធតែប្រភេទរថយន្តបែនប្រាំតោនឯណោះ ហើយបើកឆ្លងកាត់តួ និងខឿនប្រាសាទសែនភូវាំង ពិតប្រាកដមែន ។
ចំណែកថៅកែឈ្មោះលោកង៉ែត បានអះអាងថា អាជីវកម្មរបស់ខ្លួនមានច្បាប់អនុញ្ញត្តត្រឹមត្រូវពីអាជ្ញាធរឃុំ រហូតដល់ស្រុក ហើយមុននឹងលោកធ្វើសកម្មភាព ខាងក្រុមប្រឹក្សាឃុំបានចុះមកត្រួតពិនិត្យ ទើបលោកហ៊ានធ្វើសកម្មភាពបានដោយរលូនបែបនេះ។
ដោយឡែក អភិបាលស្រុកសំរោង លោក កេត ម៉ៅ បាននិយាយថា លោកមិនបានដឹងថាមានរថយន្តដឹកដីបើកកាត់លើខឿននិងតួប្រាសាទខាងលើនេះទេ ហើយថាលោកនឹងបញ្ជាកម្លាំងចុះទៅចាប់យកគ្រឿងចក្រខាងលើនោះ ។ បើតាមលោកចៅហ្វាយស្រុក ការដឹកដីឆ្លងកាត់លើខឿននិងតួប្រាសាទធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់ប្រាសាទបុរាណប្រវត្តិសាស្ត្រ ហើយថាលោកនឹងយកម្ចាស់គ្រឿងចក្ររូបនោះមកទទួលទោសតាមផ្លូវច្បាប់ផងដែរ ។
ពាក់ព័ន្ឋនឹងបញ្ហាខាងលើនេះដែរ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តតាកែវ លោក ផេង វុធ បានចោទសួរនិងដាក់ជាចម្ងល់ថា តើអាជ្ញាធរឃុំ-ស្រុកនឹងគ្មានភ្នែកទេឬ បានជាបណ្ដោយឱ្យក្រុមឈ្មួញធ្វើអ្វីៗតាមតែអំពើចិត្តបែបនេះទៅវិញ?តែទោះជាយ៉ាងណា លោកនឹងបញ្ជាកម្លាំងរបស់លោកឱ្យចុះទៅត្រួតពិនិត្យបន្ថែម និងសុំគោលការណ៍ពីអភិបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី។
បើតាមមន្រ្តីមន្ទីរវប្បធ៌មខេត្តបានបញ្ជាក់ឲ្យដឹងថា ប្រាសាទបុរាណប្រវត្តិសាស្ត្រ សែនភូវាំង គឺជាប្រាសាទដែលសាងសង់ដំណាលនឹងប្រាសាទបុរាណភ្នំជីសូ ហើយត្រូវបានការពារយ៉ាងយកចិត្តទុកដាក់ពីក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ឬអាជ្ញាធរជាតិអប្សរាផងដែរ ៕