អបអរសាទរ រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលត្រីពីប្រទេសជិតខាង

ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី និង លើក​ស្ទួយ​ការ​ចិញ្ចឹម​ត្រី​ក្នុងស្រុក​រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ នៅ​ថ្ងៃ​សុក្រ​នេះ បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិតខាង ពិសេស​ពី​ប្រទេស​វៀតណាម​និង​ថៃ ។​

​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​០៨ មក​រា ២០២១​នេះ បាន​បញ្ជាក់​ថា តាម​រយៈ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ​រួម​មាន​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា និង​តំណាង​អាជីវករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល ជលផល និង​បាន​ព្រមព្រៀង​គ្នា​អនុវត្ត​នូវ​វិធានការ​បន្ទាន់​មួយ​ចំនួន​ដូច​ជា តំណាង​អា​ជីករ​នាំ​ចេញ នាំ​ចូល​ផល ផលិតផល​ជលផល បាន​យល់ព្រម​ផ្អាក​នូវ​ការ​ស្នើ​សុំ​នាំ​ចូល​ប្រភេទ​ត្រី​ដែល​វា​រី​វប្បករ​ផលិត​បាន​ច្រើន​ដូច​ជា ត្រី​ប្រា ត្រី​ពោ ត្រី​អណ្តែង និង ត្រី​ឆ្តោ ព្រមទាំង ប្រភេទ​ត្រី​មួយ​ចំនួន​ទៀត​ដែល​អាច​ចិញ្ចឹម​បាន​ក្នុងស្រុក តាម​ការ​ជូនដំណឹង​របស់​សមាគម​វា​រី​វប្បករ​នៅ​កម្ពុជា​ជាដើម ។​

​សូម​បញ្ជាក់​ថា ច្រើន​ឆ្នាំ​កន្លង​មកនេះ ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន ពិសេស​អ្នក​ប្រកប​របរ​ចិញ្ចឹម​ត្រី​បាន​រអ៊ូរទាំ​អំពី​ការ​នាំ​ចូល​ត្រី​ពី​ប្រទេស​វៀតណាម​និង​ថៃ ដែល​ធ្វើ​ឲ្យ​ត្រី​ពួក​គាត់​ពិបាក​រក​ទីផ្សារ ដោយសារ​ក្រុម​អាជីវករ​មួយ​ចំនួន​ដែល​នាំ​ត្រី​ចូល​បាន​ទម្លាក់​ថ្លៃ​ជាដើម ៕