រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ការផ្លាស់ប្តូរប្រពន្ធ័ផ្សាយ ទូរទស្សន៍ ពីអាណាឡូក ទៅជាឌីជីថល គឺជាកិច្ចការងារចាំបាច់ដែលកម្ពុជាត្រូវធ្វើ ដើម្បីអាចទទួលបានសម្លេងច្បាស់ និងរូបភាពច្បាស់ប្រភេទ 4K នេះបើតាមទូរទស្សន៍ជាតិកម្ពុជា ។
រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ មានប្រសាសន៍បែបនេះ នៅកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង រៀបចំផែនការវិនិយោគលើហេដ្ឋារចនា សម្ពន្ធ័ថ្នាលទូរទស្សន៍ Digital ជាតិ បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ និងមានវត្តមានអញ្ជើញចូលរួមមកពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងទីស្តីការគណៈរដ្ឋមន្ត្រី ។
ឯកឧត្តម ខៀវ កាញារីទ្ធ បន្តថា គម្រោងផ្លាស់ប្តូនេះ ត្រូវបានលើកឡើងជាច្រើនឆ្នាំមកហើយ នឹងមានបណ្តាប្រទេសមួយចំនួនបានមកសិក្សាពីកិច្ចការងារនេះផងដែរ ទើបប្រមុខរាជរដ្ឋាភិបាលសម្រេចអោយបង្កើតនៅក្នុងពេលនេះ ដោយដំបូងបានបង្កើតជាក្រុមការងារអន្តរក្រសួង ដើម្បីរៀបចំទូរទស្សន៍ ឌីជីថល ក្នុងជំហ៊ានទី១ រយៈពេល៣ឆ្នាំ ។
ឯកឧត្តម រដ្ឋមន្ត្រី បន្ថែមថា នៅបណ្តាប្រទេសនានាលើពិភពលោក នៅពេលគេរៀបចំប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ទៅជា ឌីជីថល គឺត្រូវប្រើពេលពី៥ ទៅ១០ឆ្នាំ ដូច្នេះសម្រាប់កម្ពុជា បានគិតគួរអស់រយៈពេលជាច្រើនឆ្នាំមក
មកហើយដែរ នៅពេលដែលប្រពន្ធ័ទូរទស្សន៍ Digital ដំណើរការទៅ នឹងអាចជួយដល់បណ្តាស្ថានីយ៍ទូរទស្សន៍ឯកជន ក្នុងស្រុក ដោយមិនចាំបាច់ទិញ ឬជួលដីគេ ធ្វើអង់តែនទូរទស្សន៍ និងការចំណាយផ្សេងៗ អស់ជាច្រើនទៀតនោះទេ ដោយគ្រាន់តែជួលដាក់ប្រពន្ធ័ផ្សាយរបស់របស់ខ្លួននៅលើអង់តែនតែមួយ ដែលក្រសួងព័ត៌មានគ្រោងរៀបចំចំនួន២៨ កន្លែងទូទាំងប្រទេស ។
ឯកឧត្តម បានបន្តទៀតថា សម្រាប់ក្រុមការងារបច្ចេកទេសរៀបចំបង្កើតថ្នាលទូរទស្សន៍ឌីជីថល ជាតិ National Digital TV Platform) ដើម្បីដោះស្រាយបន្ទារហ្វ្រេកង់ 700 MHz សម្រាប់វិស័យទូរគមនាគមន៍ និងផ្លាស់ប្តូរការផ្សាយទូរទស្សន៍ពីប្រព័ន្ធ អាណាឡូក ទៅជាប្រពន្ធ័ Digital អោយបានទាន់ពេលវេលា ដើម្បីធ្វើសមាហរណកម្មទូរទស្សន៍ ឌីជីថល កម្ពុជា ទៅក្នុងតំបន់ និងនៅលើពិភព ។
ការរៀបចំ ផែនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធថ្នាលទូរទស្សន៍ ឌីជីថល មានរយៈពេលបីឆ្នាំដំបូង ២០២១ ដល់ ២០២៣ ។ ការផ្លាស់ប្តូរទៅជាទូរទស្សន៍ ឌីជីថល គឺមានសារសំខាន់សម្រាប់បណ្តាប្រទេសទាំងអស់ក្នុងការផ្លាស់រូបភាព ឯកសារនានាបានល្អ និងងាយស្រួល ពិសេសសម្រាប់ ប្រទេសកម្ពុជា គឺជាសំខាន់ណាស់ ដែលត្រូវប្រើប្រពន្ធ័ ឌីជីថល ដោយសារនៅឆ្នាំ២០២៣ កម្ពុជានឹង ធ្វើជាម្ចាស់ផ្ទះនៃការប្រកួត កីឡាស៊ីហ្គេម ហើយក្នុងនោះក៏ធានាអោយមានការផលិតឯកសារ មួយ ចំនួន ដែលមាន គុណភាពច្បាស់ ប្រភទ 4K ៕