រាជធានីភ្នំពេញ៖ ក្រោយស្ងប់ស្ងាត់ត្រឹមប៉ុន្មានថ្ងៃជុំវិញរឿងរ៉ាវរបស់តារាចម្រៀងជួរមុខនៅកម្ពុជាមួយដួង ជាមួយនឹងជំទាវមួយរូប និងប្រធានសមាគមអ្នកសិល្បៈស្រាប់តែនៅវេលាម៉ោងប្រហែល ២ រសៀលថ្ងៃទី ២៨ ឧសភានេះ ស្រាប់តែអ្នកនាងម៉េង កែវពេជ្ជតាបានបង្ហោះសារជាថ្មីម្តងទៀត លើកឡើងថា ក្រោយពីអ្នកនាងព្រមស្ងាត់មួយរយៈ ស្រាប់តែភាគីម្ខាងទៀតបន្តវាយប្រហារលើរូបអ្នកនាងទៅវិញ ។
អ្នកនាងម៉េង កែវពេជ្ជតា ដែលរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះបានលាតត្រដាងនូវមូលហេតុដែលនាំនាងត្រូវលែងលៈអតីតប្តី និងត្រូវបាត់បង់ទ្រព្យសម្បត្តិអស់ដោយស៊ូទ្រាំចិញ្ចឹមកូនប្រុស-ស្រីដោយម្នាក់ឯងនោះបានបង្ហោះសារលើហ្វេសប៊ុកអ្នកនាងនៅថ្ងៃនេះដែលមានខ្លឹមសារទាំងស្រុងថា «មនុស្សចាស់មិនគោរពសម្តី ! ជាន់ជើងចាប់ដៃជន្លរឆ្វេងវ៉ៃស្តាំ មាត់ថាចង់ចប់សង្គ្រាម តែព្រលែងឆ្កែអោយតាមខាំ ។ បើតាមចំណាំ នេះជាចរិតអ្នកលេង ! ខ្ញុំមិនចេះលេង ចេះតែមែន !» ។
អ្នកនាងបានបន្តថា «កាលពីថ្ងៃ មុនថ្ងៃ 25.05.2020 លោកជំទាវចាស់បានផ្តល់ដំណឹងថាពួកគាត់មិនចង់ឃើញយើងឡាយទេ បើឈប់បានឈប់ទៅ ។ សំដីនេះមានន័យថាចង់សន្តិភាពហើយ ខ្ញុំជាក្មេងចេះដឹងមានពូជអម្បូរត្រឹមត្រូវ ជាពិសេសយល់កាលៈទេសៈ យល់មុខមនុស្សចាស់ ទើបខ្ញុំយល់ព្រមថាមិនបន្តទេ តែត្រូវតែអោយពួកគាត់ប្រាកដដែរថាមិនដៀមដាម មិនចេចចាចតទៅទៀត បើមិនដូច្នោះទេ ខ្ញុំត្រូវតែតបវិញជាដាច់ខាត ! ។ និយាយមិនទាន់ផុតពីមាត់ផង ក៏មាននូវរូបភាពអស់នេះកើតឡើង ។ ខ្ញុំចង់តបវិញតាំងពីថ្ងៃនោះ តែជាប់រវល់» ។
ជាមួយគ្នានោះផងដែរ អ្នកនាងម៉េង កែវពេជ្ជតា ក៏បានរម្លឹកដល់ការបែកបាក់ជាមួយអតីតស្វាមី លោក មួង ឃីម ដែលអ្នកនាងបានអះអាងថាអ្នកនាងត្រូវអស់ទ្រព្យសម្បត្តិដែលខំរក ដោយសល់តែកូនប្រុស-ស្រី ២នាក់ និងចោទជាសំណួរថា «ចង់សួរថាមនុស្សថ្លៃថ្នូរឯណាគេធ្វើបែបនេះ ? អាងគ្នាច្រើន ? អាងជំទាវ ? អាងអំណាច ? លេងខូចទៀតហើយ មាត់និយាយថាកូនអឺយឈប់ទៅ តែលួចព្រលែងឆ្កែទាំងហ្វូងអោយចូលខាំ ដល់ពេលគេសំពងវិញថាគេអាក្រក់ យ៉ាប់ម្ល៉េះជំទាវ ? ១០ឆ្នាំមុន មកប្រាប់ខ្ញុំថាកុំតបតមួងឃីម កុំប្តឹងផ្តល់ តែចុងបញ្ចប់ មួង ឃីម យកបានទ្រព្យ ឯងបានតែកូន» ។
អ្នកនាងម៉េង កែវពេជ្ជតា តារាចម្រៀងជួរមុខដែលពោរពេញដោយសមត្ថភាពក្នុងការបកស្រាយចម្រៀងគ្រប់ទម្រង់បានបន្ថែមថា «ថ្ងៃនេះ ខ្ញុំកាត់ក្បាលឆ្កែញីឆ្កែឈ្មោលមកជូនលោកជំទាវ ។ បានឃើញហើយសូមលោកយាយជាម្ចាស់សម្តីដែលពោលថាចង់ធ្វើតែបុណ្យដឹងផងថា បើមិនបន្តប៉ះខ្ញុំ ខ្ញុំក៏មិនបានប៉ះអ្នកដែរ ។ កុំបាច់មាត់ទំពារបណ្តើរ និយាយបណ្តើរ ។ កុំបាច់ប្រើឆ្កែបរាជ័យធុនអាម្នាក់នេះមក វាអត់សមត្ថភាពទេ វាធ្វើអោយផែនការត្រូវរលាយហើយ ។ ចំណេះដឹងជា Guy តែកម្រិតសីលធម៌ទាបផុតលេខ ហើយយមានចិត្តក្បត់សូម្បីអ្នកធ្លាប់សង្គ្រោះម្តាយឪពុកវាអោយរស់ពីអាពត ។ សូមអធ្យាស្រ័យ មិននិយាយគួរសមជាមួយអាម្នាក់ហ្នឹងទេ ព្រោះវាឈ្លើយពេក ។
អ្នកនាងម៉េង កែវពេជ្ជតាមក៏បានផ្តាំថា «ដរាបណាអ្នកមិនឈប់បំផ្លាញខ្ញុំ ខ្ញុំក៏មិនឈប់និយាយ ! ខ្ញុំនៅតែនិយាយ និយាយរហូតទាល់តែខ្ញុំបានយុត្តិធម៌មកវិញ សូមជ្រាប» ។
ជុំវិញរឿងរ៉ាវនេះផងដែរ អ្នកនាងម៉េង កែវពេជ្ជតាក៏បានលាតត្រដាងឈ្មោះជំទាវ ហង្ស បូរី និងអ្នកនាង ចន ច័ន្ទលក្ខិណា ថាពាក់ព័ន្ធក្នុងរឿងរ៉ាងរកាំរកូសគ្នានេះ ។
ងាកទៅមើលហ្វេសប៊ុករបស់លោកជំទាវ ហង្ស បូរី វិញកាលពីថ្ងៃទី ២៦ ឧសភាបានបង្ហោះសារដែលមានខ្លឹមសារថា «មនុស្សកើតមកគ្មានអ្វីបិតបាំងកាយនោះទេ សូម្បីតែសម្លៀកបំពាក់ក៌គ្មានដែរកុំថាឡើយដល់ទ្រព្យសម្បត្តិ្ត ។ តែមនុស្ស អមនុស្សវាកើតមកហើយបានស្វែងរកឱកាស ទោះត្រូវអស់រូបកាយ បាត់បង់កិត្តិយសក៏មិនខ្វល់ ដើម្បីធ្វើយ៉ាងណាឲ្យបាន ខ្នងបង្អែករឹងមាំជួយកាងការពារបិតបាំងនៅអំពើដ៏សែនអាក្រក់ថោកទាបរបស់ខ្លួន។ វាគ្មានចេះរកស៊ីត្រឹមត្រូវនោះទេ គឺវាចេះតែរកស៊ីបំផ្លាញផលប្រយោជន៌របស់គេ និងបំផ្លាញផលប្រយោជន៌ជាតិតែប៉ុណ្ណោះ ។
ប្រជាជនទឹកភ្នែក ទម្លាក់កំហុសទៅលើរដ្ឋាភិបាល តែមនុស្សតិរិច្ឆានទាំងនោះវាមិនខ្លាចបាបបុណ្យឡើយ ។ ខ្ញុំសូមប្រាប់ថាបុណ្យដែលបានមកពីអំពើ បាប ដែលគេខំធ្វើយ៉ាងណា វាគ្រាន់ជាការរៀបចំសម្រាប់ មនុស្យពាល ទាំងនេះ។ ទោះតាំងខ្លួន ជាមនុស្យមានបរមី អ្នកមានបុណ្យមកចាប់ជាតិ ក៌មិនអាចប្តូរគ្រាំងកំណត់ត្រារបស់យម្យរាជឡើយ » ។ តែក៏មានខមមិនផ្សេងទៀតដែលត្រូវបាន screenshot បង្ហោះនូវការប្រើប្រាស់នូវពាក្យអសុរៈជាច្រើន ដែលមិនដឹងថាជំទាវរូបនេះគាត់សំដៅទៅលើអ្នកណាឡើយ ។
ជាមួយគ្នានោះផងដែរ អ្នកនាងចន ច័ន្ទលក្ខិណា ក៏ហាក់ស្ងាត់មិនមានសរសេរអ្វីនោះទេ តែក្រឡែកមើលខមមិនដែលត្រូវបាន screenshot និងបង្ហោះដោយអ្នកនាងម៉េង កែវ
ពេជ្ជតា វិញ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «បងមិនដឹងជានិយាយថាម៉េច សុខៗមក Live ដៀលបងទាំងយើងអត់បាននិយាយអីសោះ» ។
លើហ្វេសប៊ុករបស់អ្នកនាងចន ច័ន្ទលក្ខិណានាថ្ងៃទី ២៨ ឧសភានេះមិនទាន់ឃើញមានសរសេរអ្វីតបតឡើយ គឺឃើញមានតែការ Live លក់ផលិតផលតែប៉ុណ្ណោះ តែកាលពីយប់ថ្ងៃទី ២៧ នោះអ្នកនាងបានសរសេរសារខ្លីថា «អរគុណមនុស្សរាប់អានទាំងឡាយដែលប្រឹងជិះជាន់លើភាពឈឺចាប់របស់ខ្ញុំ ទង្វើទាំងនេះគឺធ្វើអោយខ្ញុំកាន់តែរ៉ឹងមាំ» ។
កាលពីថ្ងៃទី ២៥ ឧសភា ចន ច័ន្ទលក្ខិណាបានបង្ហោះវីដេអូចាស់មួយ ថតអំឡុងឆ្នាំ ២០១៩ ដោយបញ្ជាក់ថា នេះជាការងារ និង សកម្មភាពមនុស្សធម៌ ដើម្បីសង្គមដែលកន្លងមករូបនាងធ្លាប់មានទំនាក់ទំនងអ្វីខ្លះជាមួយលោកជំទាវ មួយរូប ដើម្បីជួយសិល្បករសិល្បការនីដែលជួបទុក្ខលំបាកតាមរយះនាងខ្ញុំ និង សមាគម ហើយនិងមានសកម្មភាពជាច្រើនទៀតរបស់លោកជំទាវជាមួយអ្នកសិល្បៈជួបទុក្ខមួយចំនួនទៀត។
ក្នុងន័យហាក់ឆ្លើយតបទៅនរណាម្នាក់ ដោយនាងមិនបញ្ចេញឈ្មោះ ចន ច័ន្ទលក្ខិណាបានបន្ថែមថា « ដូច្នេះសូមកុំចោទប្រកាន់មកលើលោកជំទាវជាមួយនាងខ្ញុំទៀត និង សូមកុំយកលោកជំទាវមកនិយាយពាក់ព័ន្តរឿងរវាងបងនិងខ្ញុំទៀតអី បងនិយាយមកលើខ្ញុំតែម្នាក់បានហើយ ហើយខ្ញុំក៏បានសន្យានិងខ្លួនឯងជិតមួយឆ្នាំហើយថាមិនតបតជាមួយបងទេ សង្ឃឹមថាបងយល់ » ។
យ៉ាងណាមិញនៅមិនទាន់មានអន្តរាគមន៍ណាមួយដើម្បីបញ្ចប់នៅរឿងរ៉ាវរវាងអ្នកសិល្បៈនិងមានពាក់ព័ន្ធដល់អ្នកមានឋានៈ ជា «ជំទាវ» នៅឡើយទេ ៕