ខេត្តឧត្តរមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សូន្យ ណារ៉ា មេបញ្ជាការរងយោធភូមិភាគទី៤ លោកនេត សុធារៈ ប្រធានការិយាល័យបច្ចេកទេសវាស់វែងដែនដី លោកវរសេនីយ៍ទោ លឺ ចាន់ដារ៉ា មេបញ្ជាការរងវរសេនាតូចលេខ៧០២ រួមជាមួយប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃ បានដឹកនាំកម្លាំងចម្រុះវាស់វែង បោះបង្គោលប្រឹថពីវិភាគសម្រាប់ដាក់ម៉ាស៊ីនស្ទង់ព្រំដែនរវាងប្រទេសទាំង២ ។
ដោយឡែក ខាងភាគីថៃដឹកនាំដោយលោកអនុសេនីយ៍ឯកវិរៈពល ភ័ក្ត្រវិឡៃ ប្រធានក្រុមបច្ចេកទេសវាស់ វែងព្រំដែន លោកវរសេនីយ៍ត្រីសំផុង ឆាំណាន់ណៅ មេបញ្ជាការរងកងអនុសេនាធំលេខ២៦,០៨ឈុតខ្មៅថៃ ។ ក្រុមការងារកងទ័ពទាំង២បានឱ្យដឹងថា ក្រុមការងារបច្ចេកទេសវាស់វែងកម្ពុជា និងថៃ បានព្រមព្រៀងគ្នាសម្រាប់គោលដៅទី១ សាងសង់បង្គោលប្រឹថពីវិភាគ(GPS NETWORK 02-15) នៅត្រង់ចំណុចបង្គោលសីមាលេខ១៤UA(៦០២១៥-៩៣១២៧) ដែលនៅទល់មុខភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។
សម្រាប់ការងារនេះដែរ នៅវេលាម៉ោង៨និង៣០នាទី ដល់ម៉ោង១០ និង៥០នាទី កម្លាំងប៉ុស្តិ៍ជប់គគីរ ចំនួន៨នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោសុន សុផុន មេបញ្ជាការរងវរៈ៧០២ សហការជាមួយកម្លាំង យោធាចំនួន១៣នាក់ ដឹកនាំដោយលោកវរសេនីយ៍ឯកចៅ ប៊ុណ្ណា មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹក
រងខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ បានចូលរួម និងការពារក្រុមការងារបច្ចេកទេសចម្រុះវាស់វែងសាងសង់(GPS)នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនកម្ពុជា-ថៃ ក៏បានបោះបង្គោលប្រឹថពីវិភាគសម្រាប់គោលដៅទី២ដែរ ។
ក្រុមការងារចម្រុះកិច្ចការព្រំដែនកម្ពុជាចំនួន១០នាក់ ដឹកនាំដោយលោកស្រឺ បូរ៉ា អនុប្រធាននាយកដ្ឋានបច្ចេកទេស និងវាស់វែងនៃអាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការព្រំដែន ។ ក្រុមការងារចម្រុះកិច្ចការព្រំដែនថៃ ចំនួន៥នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រីអភិឆេតស៊ុតធីថាំ ប្រធានក្រុមការងារវាស់វែងព្រំដែនខាងថៃ ។
ភាគីទាំងពីរបានព្រមព្រៀងគ្នាសាងសង់បង្គោលប្រឹថពីវិភាគ(GPS NETWORK 02-24) នៅត្រង់ចំណុច UA(០៦៧៧៨-៨៤៨០៧ទល់មុខភូមិជប់គគីរ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។
មន្ត្រីនានាមិនបានផ្តល់ព័ត៌មាន ភ្លាមៗជុំវិញការបោះបង្គោលប្រឹថពីវិភាគនេះឱ្យច្បាស់លាស់នោះទេ ដោយគ្រាន់តែបង្ហើបថាដើម្បីឈានទៅរកការវាស់ស្ទង់មួយពីចំណុចព្រំដែនរវាងប្រទេសទាំង២ ៕