អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំគ្រឿងញៀន បានប្រារព្ធពិធីទិវាប្រយុទ្ឋប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ មិថុនា ២០២០ ដោយក្នុងពិធីនេះ អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំគ្រឿងញៀន បានធ្វើការកម្ទេចគ្រឿងញៀនជិត៥០០គីឡូក្រាម ។
បើតាមរបាយការណ៍ដែលបង្ហាញនៅក្នុងពិធីខាងលើបានបញ្ជាក់ថាគ្រឿងញៀនដែលធ្វើការកម្ទេចដុតបំផ្លាញសចោលនៅព្រឹកនេះ គឺសមត្ថកិច្ចបង្ក្រាបនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ គ្រឿងញៀនទាំងនេះដែរមានប្រភេទ អំហ្វេតាមីន ហេរ៉ូអ៊ីន មេតំហ្វេតាមីន នីមេតាហ្សីប៉ាម អុចស្តាស៊ីនីមេតាហ្សីប៉ាម កេតាមីន កញ្ឆា និងសារធាតុគីមីផ្សំ ។
យ៉ាងណាក៍ដោយ នៅក្នុងរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មិនបានបញ្ជាក់អំពីថាតើគ្រឿងញៀនជិត៥០០គីឡូក្រាមដ៍ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ មានប៉ុន្មានម្ចាស់និងអ្នកពាក់ព័ន្ឋ គ្រាន់តែបង្ហាញថា ជនល្មើសត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមច្បាប់រួចហើយ ។
អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានឡើយនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រដដែលនេះ ។
ដោយឡែកនៅក្នុងទិវាប្រយុទ្ឋប្រឆាំងគ្រឿងញៀននាថ្ងៃនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងសារលិខិតរបស់លោក លោកស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ត្រូវពង្រឹងការអនុវត្តពាក្យស្លោក« បីកុំ មួយរាយការណ៍» ។
បើតាមលោក ហ៊ុន សែន «បីកុំ»នោះ គឺ កុំពាក់ព័ន្ឋ កុំអន្តរាគមន៍ និង កុំលើកលែង ។ ចំណែកអត្ថន័យ«មួយេរាយការណ៍»នោះវិញ គឺត្រូវរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ច ប្រសិនបើពលរដ្ឋដឹងនិងឃើញមានការជួញដូរគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន ។
ក្រុមអ្នកតាមដានសង្គមបានលើកឡើងថា បច្ចុប្បន្នបញ្ហាគ្រឿងញៀន សមត្ថកិច្ចនឹងមិនអាចបង្ក្រាបអស់នោះទេ ព្រោះតែអំពើពុករលួយ មានការឃុបឃិតពីមន្ត្រីមួយចំនួនតូច ពិសេសមន្ត្រីនៅតាមមូលដ្ឋានផ្ទាល់តែម្តង ជាក់ស្តែងដូចករណីលោកស័ក្តិ៤ ឈុន សុមេធា ប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តតាកែវនិងបក្ខពួកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ឋនឹងការជួញដូរគ្រឿងញៀនកន្លងមកជាដើម ។