កម្ទេចគ្រឿងញៀនជិត៥០០គ.ក តែមិនដឹងប៉ុន្មានម្ចាស់

អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រ​ឆាំ​គ្រឿងញៀន បាន​ប្រារព្ធ​ពិធី​ទិវា​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន នា​ព្រឹក​ថ្ងៃ​ទី​២៦ មិថុនា ២០២០ ដោយ​ក្នុង​ពិធី​នេះ អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រ​ឆាំ​គ្រឿងញៀន បាន​ធ្វើការ​កម្ទេច​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម ។​

​បើ​តាម​របាយការណ៍​ដែល​បង្ហាញ​នៅ​ក្នុង​ពិធី​ខាងលើ​បាន​បញ្ជាក់​ថា​គ្រឿងញៀន​ដែល​ធ្វើការ​កម្ទេច​ដុត​បំផ្លាញ​ស​ចោល​នៅ​ព្រឹក​នេះ គឺ​សមត្ថកិច្ច​បង្ក្រាប​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ គ្រឿងញៀន​ទាំងនេះ​ដែរ​មាន​ប្រភេទ អំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ី​ន មេ​តំ​ហ្វេ​តា​មីន នី​មេតា​ហ្សី​ប៉ា​ម អុច​ស្តា​ស៊ី​នី​មេតា​ហ្សី​ប៉ា​ម កេ​តា​មីន កញ្ឆា និង​សារធាតុ​គីមី​ផ្សំ ។​

​យ៉ាងណា​ក៍ដោយ នៅ​ក្នុង​របាយការណ៍​របស់​អាជ្ញាធរ​ជាតិ​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន មិន​បាន​បញ្ជាក់​អំពី​ថា​តើ​គ្រឿងញៀន​ជិត​៥០០​គីឡូក្រាម​ដ៍​ច្រើន​សន្ធឹកសន្ធាប់​ខាងលើ​នេះ មាន​ប៉ុន្មាន​ម្ចាស់​និង​អ្នក​ពាក់​ព័​ន្ឋ គ្រាន់តែ​បង្ហាញ​ថា ជនល្មើស​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​រួច​ហើយ ។​

អ្នកនាំពាក្យអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានឡើយ​នៅវេលា​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃសុក្រដដែលនេះ ។

​ដោយឡែក​នៅ​ក្នុង​ទិវា​ប្រ​យុ​ទ្ឋ​ប្រឆាំង​គ្រឿងញៀន​នា​ថ្ងៃនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​សារលិខិត​របស់​លោក លោក​ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់​ព័​ន្ឋ​ទាំងអស់ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ពាក្យស្លោក​« បី​កុំ មួយ​រាយការណ៍​» ។​

​បើ​តាម​លោក ហ៊ុន សែន «​បី​កុំ​»​នោះ គឺ កុំ​ពាក់​ព័​ន្ឋ កុំ​អន្តរាគមន៍ និង កុំ​លើកលែង ។ ចំណែក​អត្ថន័យ​«​មួ​យេ​រាយការណ៍​»​នោះ​វិញ គឺ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ទៅ​សមត្ថកិច្ច ប្រសិនបើ​ពលរដ្ឋ​ដឹង​និង​ឃើញ​មានការ​ជួញដូរ​គ្រឿងញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។​

​ក្រុម​អ្នក​តាមដាន​សង្គម​បាន​លើក​ឡើង​ថា បច្ចុប្បន្ន​បញ្ហា​គ្រឿងញៀន សមត្ថកិច្ច​នឹង​មិន​អាច​បង្ក្រាប​អស់នោះ​ទេ ព្រោះតែ​អំពើ​ពុក​រលួយ មានការ​ឃុបឃិត​ពី​មន្ត្រី​មួយ​ចំនួន​តូច ពិសេស​មន្ត្រី​នៅ​តាម​មូលដ្ឋាន​ផ្ទាល់​តែ​ម្តង ជាក់ស្តែង​ដូច​ករណី​លោក​ស័ក្តិ​៤ ឈុ​ន សុមេធា ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តតាកែវ​និង​បក្ខពួក​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ពាក់​ព័​ន្ឋ​នឹង​ការ​ជួញដូរ​គ្រឿងញៀន​កន្លង​មក​ជាដើម ។