ខណៈខ្មែររកឃើញថ្មី៩នាក់ WHOថាមនុស្សរាប់លាននាក់នឹងអាចស្លាប់ដោយរលកទី២

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ខ្មែរ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះ​ថា ពលរដ្ឋ​ខ្មែរ​៨​នាក់ និង​ឥណ្ឌូ​នេ​ស៊ី​០១​នាក់ ទើប​មក​ពី​ឥណ្ឌូ​នេ​ស៊ី ត្រូវ​បាន​ធ្វើតេស្ត​ឃើញ​វិជ្ជមាន​មេរោគ​កូ​វី​ដ​១៩ និង​ម្នាក់​ដែល​មក​ពី​អា​មេ​រិ​ក​បានជា​សះស្បើយ ។​

​គិត​ត្រឹម​ម៉ោង​១២​ថ្ងៃត្រង់់​ថ្ងៃ​ទី​២៧ មិថុនា ២០២០​ដដែល​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ សរុប ១៣៩​នាក់ និង​ជា​១២៩​នាក់ ។​

​ដោយឡែក​មន្ត្រី​ជំនាញ​នៃ​អង្គការ​សុខភាព​ពិភពលោក​(WHO) បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា ពិភពលោក​ទាំងមូល​នឹង​ប្រឈម​គ្រោះថ្នាក់​ខ្ពស់​នៃ​ការ​រាតត្បាត​រលក​ទី​២​នៃ​កូ​វី​ដ​១៩ ចាប់ពី​ខែកញ្ញា​ដល់​ខែតុលា​ដែល​ជា​រដូវ​កាល​ត្រជាក់ ហើយនឹង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ថែម​ទៀត​អាច​នឹង​ស្លាប់​បាត់បង់​ជីវិត ។​

​បើ​តាម​លោក Ranieri Guerra អគ្គនាយករង​នៃ​អង្គការ​សុខភាព​ពិភពលោក​បាន​បញ្ជាក់​ទៀត​ថា មេរោគ​កូ​វី​ដ​១៩ អាច​ប្រៀបធៀប​បាន​ទៅ​នឹង​ជំងឺ​ផ្តាសាយ​អេ​ស្ប៉ា​ញ​ដែល​បាន​សម្លាប់​មនុស្ស​ជាង​១០​លាន​នាក់​កាលពី​ឆ្នាំ​១៩១៨ ។​

​គិត​ត្រឹម​ម៉ោងជាង​១២​ថ្ងៃត្រង់​ថ្ងៃ​សៅរ៍​នេះ​ដែរ កូ​វី​ដ​១៩​បាន​សម្លាប់​មនុស្ស​ជិត​កន្លះ​លាន​នាក់​ហើយ ហើយ​មនុស្ស​ជិត​១០​លាន​នាក់​បាន​ឆ្លង​មេរោគ​ដ៍ម​ហា​ប្រល័យ​នេះ ៕