បើគ្មានអ្វីប្រែប្រួលទេ គណបក្សប្រជាជនកម្ពុជា (CPP) នឹងធ្វើពិធីសូត្រមន្តឡើងទីស្នាក់ការកណ្តាលរបស់ខ្លួន នារសៀលថ្ងៃទី២៨ មិថុនា ២០២០ ដែលជាថ្ងៃកំណើតគណបក្សនេះ ។
បើតាមលោក ហ៊ុន សែន ការសាងសង់ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ឬ វិមាន ៧មករា នេះ សាងសង់អស់ទឹកប្រាក់ប្រមាណ៣០លានដុល្លារ ដោយមិនប្រើថវិកាជាតិនោះទេ គឺបានការពីការរៃអង្គាសពីសមាជិកសមាជិកាបក្ស ក៍ដូចជាសប្បុរសជននានា ។
នៅក្នុងពិធីចុះពិនិត្យទីតាំងស្ថាបនាព្រលានយន្តហោះអន្តរជាតិភ្នំពេញតម្លៃ១៥០០លានដុល្លារកាលពីប៉ុន្មានថ្ងៃមុននេះ លោកនាយករដ្ឋមន្ត្រី និង ជាប្រធានគណបក្សកាន់អំណាច បានថ្លែងថា គណបក្សប្រជាជនកម្ពុជានឹងកាន់អំណាចរហូតដល់១០០ឆ្នាំ ហើយថា បើគណបក្សប្រឆាំងចង់ឡើងកាន់អំណាច ត្រូវរង់ចាំដល់ជាតិក្រោយ ។
ក្រុមអ្នកតាមដាននយោបាយបានលើកឡើងថា បើទោះជាលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ មិនបញ្ជាក់ប្រាប់អំពីការកាន់អំណាចខាងលើ ក៍គេអាចយល់បានដែរតាមរយៈវិមានទីស្នាក់ការដ៍ស្កឹមស្កៃរបស់គណបក្សប្រជាជនកម្ពុជា គឺគណបក្សនេះនឹងកាន់អំណាចច្រើនឆ្នាំបន្តទៀត ហើយទំនងជាគ្មានទេការផ្លាស់ប្តូរការដឹកនាំថ្មី ក្រៅពីបក្សនេះ ។
យ៉ាងណាក៍ដោយ នៅរសៀលថ្ងៃទី២៧ មិថុនា ២០២០នេះ «អង្រុត» មិនអាចរកការសុំអត្ថាធិប្បាយបន្ថែមបានទេពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ជុំវិញពិធីសូត្រមន្តនៅថ្ងៃស្អែក ក៍ដូចជាការលើកឡើងរបស់ក្រុមអ្នកតាមដាននយោបាយខាងលើ ៕