ខ្លាំងបាត់ ! អ៊ីរ៉ង់ចេញដីកាតាមចាប់ខ្លួនលោកបងត្រាំ

លោក​ប្រ​ធានា​នា​ធិ​បតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ និង មនុស្ស​៣០​នាក់​ទៀត ត្រូវ​បាន​ព្រះរាជអាជ្ញា​អ៊ី​រ៉​ង់​ចោទប្រកាន់​ពី​បទ​មនុស្សឃាត​និង​ភេរវកម្ម និង​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​លោក​ត្រាំ​។ នេះ​បើ​យោង​តាម​លោក Ali Alqasimehr រដ្ឋ​អាជ្ញា​នៃ​ទីក្រុង​តេ​អេ​រ៉​ង់ ដែល​ទីភ្នាក់ងា​សារព័ត៌មាន ISNA ស្រង់​សម្តី​លោក​ចុះ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ។​

​បើ​តាម លោក Ali Alqasimehr ក្នុង​ឋានៈ​ជា​សមាជិក​របស់​ស្ថាប័ន Interpol ឈ្មោះ​លោក​ត្រាំ និង អ្នក​ពាក់​ព័​ន្ឋ​ដទៃ​ទៀត ក៍បាន​បញ្ជូន​ទៅ​កាន់​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ​( Interpol ) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​លី​យ៉ុ​ង (Lyon)​ប្រទេស​បារាំង ដើម្បី​ឲ្យ​តាម​ចាប់ខ្លួន​លោក​ត្រាំ​និង​មនុស្ស​៣០​នាក់​ផ្សេង​ទៀត​ផង​ដែរ​ក្រៅពី​ចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​លោក​ត្រាំ ។​

​ការ​ប្រកាស​របស់​រដ្ឋ​អាជ្ញា​អ៊ី​រ៉​ង់​និង​អំពាវនាវ​ឲ្យ​ស្ថាប័ន​ប៉ូលិស​អន្តរជាតិ​តាម​ចាប់ខ្លួន​លោក ដូ​ណា​ល់ ត្រាំ ខាងលើ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​អ៊ី​រ៉​ង់​បាន​ចោទ​លោក​ត្រាំ​បាន​បញ្ជា​ឲ្យ​មានការ​វាយប្រហារ​ដោយ​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​គ្មាន​មនុស្ស​បើក (Drone)​ចំនួន​៣​លើក​ក្បែរ​ព្រ​លាន​យន្តហោះ​មួយ​ក្នុង​ទីក្រុង​បា​ដា​ដ​ប្រទេស​អ៊ី​រ៉ា​ក់​កាលពី​ខែមករា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​មេបញ្ជាការ​កំពូល​នៃ​កងទ័ព​បដិវត្ត​អ៊ី​រ៉​ង់ លោក Qassem Soleimani និង កង​ទាហាន​អ៊ី​រ៉​ង់​ជា​ច្រើន​ទៀត​ស្លាប់​បាត់បង់​ជីវិត ៕