លោកប្រធានានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ និង មនុស្ស៣០នាក់ទៀត ត្រូវបានព្រះរាជអាជ្ញាអ៊ីរ៉ង់ចោទប្រកាន់ពីបទមនុស្សឃាតនិងភេរវកម្ម និងចេញដីកាឲ្យចាប់ខ្លួនលោកត្រាំ។ នេះបើយោងតាមលោក Ali Alqasimehr រដ្ឋអាជ្ញានៃទីក្រុងតេអេរ៉ង់ ដែលទីភ្នាក់ងាសារព័ត៌មាន ISNA ស្រង់សម្តីលោកចុះផ្សាយកាលពីល្ងាចថ្ងៃចន្ទម្សិលមិញ ។
បើតាម លោក Ali Alqasimehr ក្នុងឋានៈជាសមាជិករបស់ស្ថាប័ន Interpol ឈ្មោះលោកត្រាំ និង អ្នកពាក់ព័ន្ឋដទៃទៀត ក៍បានបញ្ជូនទៅកាន់ស្ថាប័នប៉ូលិសអន្តរជាតិ( Interpol ) ដែលមានមូលដ្ឋាននៅក្នុងទីក្រុងលីយ៉ុង (Lyon)ប្រទេសបារាំង ដើម្បីឲ្យតាមចាប់ខ្លួនលោកត្រាំនិងមនុស្ស៣០នាក់ផ្សេងទៀតផងដែរក្រៅពីចេញដីកាឲ្យចាប់ខ្លួនលោកត្រាំ ។
ការប្រកាសរបស់រដ្ឋអាជ្ញាអ៊ីរ៉ង់និងអំពាវនាវឲ្យស្ថាប័នប៉ូលិសអន្តរជាតិតាមចាប់ខ្លួនលោក ដូណាល់ ត្រាំ ខាងលើ បានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានចោទលោកត្រាំបានបញ្ជាឲ្យមានការវាយប្រហារដោយគ្រាប់បែកទម្លាក់ពីលើយន្តហោះគ្មានមនុស្សបើក (Drone)ចំនួន៣លើកក្បែរព្រលានយន្តហោះមួយក្នុងទីក្រុងបាដាដប្រទេសអ៊ីរ៉ាក់កាលពីខែមករា ឆ្នាំ២០២០ បណ្តាលឲ្យមេបញ្ជាការកំពូលនៃកងទ័ពបដិវត្តអ៊ីរ៉ង់ លោក Qassem Soleimani និង កងទាហានអ៊ីរ៉ង់ជាច្រើនទៀតស្លាប់បាត់បង់ជីវិត ៕