សមត្ថកិច្ចឃាត់ខ្លួនចៅក្រមដែលបុកចោរស្លាប់និងកំពុងចាត់ការ

ប្រភព​ច្បាស់​ការណ៍​បាន​ឲ្យ​ដឹង​ថា ចៅក្រម​ដែល​បុក​ចោរ​ស្លាប់ គឺ​ឈ្មោះ លោក គង់ ខេមរា ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា​នេះ សមត្ថកិច្ច​ខណ្ឌ​សែន​សុខ​បាន​និង​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ករណី​ព្រហ្មទណ្ឌ​និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​សាលាដំបូង​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ ។​

​តាំងពី​ព្រឹក​ព្រលឹម​រហូត​មក​ទល់​នឹង​វេលា​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍ នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មហាជន​ជា​ច្រើន​នៅ​តែ​លើក​ឡើង​ដោយ​ប្រៀបធៀប​ករណី​ចោរឆក់​និង​ស្ត្រីជន​គ្រោះជា​ជនជាតិ​ចិន​ម្នាក់​បុក​ចោរ ដូច​ករណី​ខាងលើ​នេះ មក​បង្ហាញ ដោយ​ហាក់​ចង់​ឲ្យ​មានការ​ផ្តន្ទាទោស​តាម​ច្បាប់​ដូច​គ្នា ធ្វើ​យ៉ាងណា​កុំ​ឲ្យ​មានការ​អនុវត្ត​ច្បាប់​ស្តង់ដារ​ពីរ ។​

​មិន​អាច​រក​ការ​សុំ​អត្ថាធិប្បាយ​បាន​ទេពី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក៍​ដូច​ជា​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​០៩ កក្កដា​នេះ ។​

​គួរ​រំ​ឮ​កថា កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​០៨ កក្កដា ២០២០ នៅ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​ហាណូយ ស្ថិត​ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ចោរឆក់​កាបូប​មាន​លុយ​ប្រមាណ​១​ម៉ឺន​ដុល្លារ​មួយ​បាន​កើតឡើង ជនសង្ស័យ​ជា​ចោរ​និង​ជា​ជន​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ត្រូវ​បាន​គេ​អះអាង​ថា​ជា​ស្ត្រី​តែងខ្លួន​ជា​បុរស ហើយ​ត្រូវ​ស្លាប់ បន្ទាប់​ពី​ជន​រង​គ្រោះ​(​ម្ចាស់​កាបូប​លុយ​)​បើករថយន្ត​ដេញ​បំ​បុក​ពីក្រោយ ។ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ថា ជិះ​ម៉ូតូ​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១HQ-២៥៤៦ ។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​កាបូប ហើយ​ក្នុង​កាបូប​មាន​លុយ​ជិត​១​ម៉ឺន​ដុល្លារ​នោះ បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AF-៧០០៦ ។​

​រង់ចាំ​តាមដាន​ជា​«​អង្រុត​»​បន្ត​ទៀត ថា​តើ​លោក គង់ ខេមរា ចៅក្រម​សាលាដំបូង​ខេត្តកោះកុង នឹង​មាន​វាសនា​ដេក​ក្នុង​ព​ន្ឋ​នាគារ​ដូច​ស្ត្រីជន​ជាតិចិន​ដែរ​ឬក៍​យ៉ាងណា ? ៕