មួយថ្ងៃនៅមុនពេលដល់ខួប៤ឆ្នាំនៃអំពើឃាតកម្មបាញ់សម្លាប់លោក កែម ឡី មានគណនីហ្វេសប៊ុកមួយឈ្មោះ ញូង សារឿន ដែលប្រូហ្វាល(Profile)នេះ គឺបានដាក់រូបបុរសម្នាក់ ហើយបានសរសេរបង្ហោះនៅព្រឹកថ្ងៃទី០៩ កក្កដានេះមានខ្លឹមសារថា«អ្នកនៅពីក្រោយសម្លាប់ លោកបណ្ឌិតកែមឡីនោះគឺពួកក្រុមសមរង្ស៊ី និងតំណាងរាស្ត្រមួយចំនួនដែលនៅកៀកជាមួយសមរង្ស៊ីនិងចូលរួមស៊ីអាយអេផងដែរ ។ សម្លាប់ហើយដាក់បន្ទុកទៅលើរដ្ឋាភិបាលនឹងចោទ ទៅលើគណបក្សប្រជាជនកម្ពុជា ជាអ្នកសម្លាប់លោកបណ្ឌិតកែមឡី »។
ក្រោយបង្ហោះសារដែលមានអត្ថន័យខាងលើ ក្រុមអ្នកនិយមលេងហ្វេសប៊ុកមួយចំនួនបានលើកឡើងថា បើមានការទម្លាយព័ត៌មានបែបនេះ សមត្ថកិច្ចគួរកោះហៅម្ចាស់គណនីនេះមកសួរនាំបន្ថែម ដើម្បីឈានទៅរកការផ្តល់យុត្តិធ៌មដល់លោកបណ្ឌិត កែម ឡី និង ក្រុមគ្រួសារសាច់ញាតិរបស់លោក ។
យ៉ាងណាក៍ដោយ សំណុំរឿងដ៍កក្រើកពេញប្រទេសនិងបរទេសកាលពី៤ឆ្នាំមុននោះ សមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៍ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារអស់មួយជីវិតហើយដែរ ។ ប៉ុន្តែសម្រាប់គណនីឈ្មោះ ញូង សារឿន នេះបានទម្លាយព័ត៌មានថ្មីមួយ ដែលសមត្ថកិច្ចអាចបើកការស៊ើបអង្កេតឡើងវិញ ។
នៅម៉ោង១រសៀលថ្ងៃទី០៩ កក្កដាដដែលនេះ «អង្រុត» មិនអាចរកការសុំបញ្ជាក់បន្ថែមបានទេពីម្ចាស់គណនីឈ្មោះ ញូង សារឿន ក៍ដូចជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិក្រសួងមហាផ្ទៃ ជុំវិញសំណេរខាងលើ ។
សូមរំឮកថា អ្នកវិភាគនយោបាយនិងសង្គម លោកបណ្ឌិត កែម ឡី ត្រូវបានឃាតកបាញ់សម្លាប់កាលពីព្រឹកព្រលឹមថ្ងៃទី១០ កក្កដា ២០១៧ ខណៈលោកកំពុងអង្គុយទទួលទានកាហ្វេនៅក្នុងម៉ាតនៃស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចបូកគោ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
ក្រោយមកអាជ្ញាធរបានចាប់ខ្លួនបុរសម្នាក់ឈ្មោះអឿត អាង ហៅ ជួប សម្លាប់ និងត្រូវបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ហើយក៍ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ឋនាគារអស់មួយជីវិត ។ ប៉ុន្តែមជ្ឈដ្ឋានមួយចំនួនតូចនៅតែមានមន្ទិល ហើយថា ជួប សម្លាប់ គឺជាឃាតកសិប្បនិម្មិតតែប៉ុណ្ណោះ ៕