ភាគីវៀតណាមបានយល់ព្រមរុះរើចេញ និងរំកិលតង់មួយចំនួនថយក្រោយ និងវៀតណាមបានសន្យារុះរើតង់ទាំងនោះចោលវិញក្រោយពេលដែលជំងឺកូវីដ១៩ ត្រូវបានកំចាត់ចោលទាំងស្រុងនាពេលខាងមុខ។
នេះបើយោងតាមលោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំក្រសួងមហាផ្ទៃ ដែលថ្លែងក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ឋផ្សព្វផ្សាយក្នុងស្រុក នាថ្ងៃទី១០ កក្កដា ២០២០ ។
លោករដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ បានបន្តថា កម្ពុជាបានស្នើភាគីវៀតណាមគោរពឱ្យបានម៉ឺងម៉ាត់ ស្របតាមមាត្រា១០ នៃលក្ខន្តិកៈព្រំដែនកម្ពុជា-វៀតណាម ឆ្នាំ១៩៨៣, ចំណុច៨ នៃសេចក្តីប្រកាសព័ត៌មានរួមឆ្នាំ១៩៩៥ និងកថាខណ្ឌ៥ មាត្រា៣ នៃសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធរវាងរដ្ឋាភិបាលទាំងពីរ ដោយត្រូវរក្សាស្ថានភាពដដែលនៅតំបន់ពុំទាន់ឯកភាព ចៀសវាងធ្វើសកម្មភាពឯកតោភាគីណាមួយដែលអាចប៉ះពាល់កិច្ចការដ៏សំខាន់នេះ រហូតដល់វេលាដែលគណៈកម្មការចំរុះព្រំដែនទាំងពីរឯកភាពខណ្ឌសីមា និងបោះបង្គោលក្នុងតំបន់នោះរួចរាល់ជាស្ថាពរ។
បើតាមលោកផ្កាយ៤ ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិទទួលការងារព្រំដែនបានឲ្យដឹងនាពេលកន្លងមកថា ចាប់តាំងពីផ្ទុះមេរោគកូវីដ១៩មក យួនបានចូលមកបោះតង់នៅទីតាំងមិនទាន់ឯកភាពគ្នាចំនួន ២៥៦កន្លែងតាមបន្ទាត់ព្រំដែនខ្មែរ យួន ក្នុងនោះយួនបានរើចេញវិញមួយចំនួន ក្រោយអាជ្ញាធរខ្មែរតវ៉ា
សុំឲ្យរើចេញ ។
បើតាមលោក សក់ សេដ្ឋា ចំនួនតង់ដែលភាគីវៀតណាមបានរុះរើចេញវិញមានចំនួន០៨កន្លែង ក្នុងនោះ តង់(ប៉ុស្តិ៍ទប់ស្កាត់កូវីដ១៩)ដែលបានបោះនៅតំបន់ព្រំដែនដែលមិនទាន់ឯកភាពគ្នាក្នុងការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនសរុបចំនួន៤២តង់៕