លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទទួលយកសំណើរបស់លោកង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្ស និងជាប្រធានរដ្ឋវៀតណាម ដែលស្នើឲ្យលោកប្រមុខរាជរដ្ឋាភិបាលខ្មែរបន្តការជួយសម្រួល និង បង្កលក្ខណៈងាយស្រួល ដើម្បីឱ្យពលរដ្ឋដើមកំណើតវៀតណាមអាចមានជីវភាពរស់នៅប្រកបដោយស្ថិរភាព បានរៀនសូត្រ និងប្រកបមុខរបរយូរអង្វែងនៅក្នុងប្រទេសកម្ពុជា ។
នេះបើយោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា នៅក្រោយជំនួបតាមទូរស័ព្ទរវាងលោក ង្វៀន ភូត្រុង និង លោក ហ៊ុន សែន កាលពីថ្ងៃទី០៩ កក្កដា ២០២០ ។
តាមលោកប្រធានរដ្ឋវៀតណាម ការជួយសម្រួលបែបនេះ គឺដើម្បីឱ្យពលរដ្ឋវៀតណាមបានរួមចំណែកដ៏សកម្មចូលក្នុងការអភិវឌ្ឈន៍របស់ប្រទេសកម្ពុជា ក៏ដូចជា រួមចំណែកចូលក្នុងការពង្រឹង និង បង្កើនចំណងទំនាក់ទំនងកម្ពុជា-វៀតណាម ។ ចំពោះសំណើនេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា កម្ពុជានឹងបន្តការជួយសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ពលរដ្ឋដើមកំណើតវៀតណាម ដើម្បីឱ្យពួកគេមានលំនឹងចិត្តបន្តការរស់នៅក្នុងប្រទេសកម្ពុជា។
សូមបញ្ជាក់ថា សំណើរបស់មេដឹកនាំកំពូលវៀតណាមខាងលើនេះ មិនមែនជាលើកទី១ទេដែលវៀតណាមបានស្នើសុំឱ្យកម្ពុជាជួយមើលថែពលរដ្ឋរបស់ខ្លួន ។ កន្លងមកឱ្យតែជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ថ្នាក់ដឹកនាំវៀតណាមតែងតែស្នើបែបនេះជារឿយៗ ហើយថ្នាក់ដឹកនាំកម្ពុជាក៏យល់ព្រមជាបន្តបន្ទាប់ផងដែរ ។
នៅយប់ថ្ងៃទី១០ កក្កដា ២០២០«អង្រុត»មិនអាចរកការសុំអត្ថាធិប្បាយបញ្ជាក់បន្ថែមបានទេពីអ្នកនាំពាក្យរាជរដ្ឋាភិបាលខ្មែរ ក៍ដូចជាមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជា ៕