យួនថាចប់កូវីដ១៩ ទើបរើតង់ចេញឲ្យអស់

ភាគី​វៀតណាម​បាន​យល់ព្រម​រុះរើ​ចេញ និង​រំកិល​តង់​មួយ​ចំនួន​ថយក្រោយ និង​វៀតណាម​បាន​សន្យា​រុះរើ​តង់​ទាំងនោះ​ចោល​វិញ​ក្រោយ​ពេល​ដែល​ជំងឺ​កូ​វី​ដ​១៩ ត្រូវ​បាន​កំចាត់​ចោល​ទាំងស្រុង​នា​ពេល​ខាង​មុខ​។​

​នេះ​បើ​យោង​តាម​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ប្រចាំ​ក្រសួងមហាផ្ទៃ ដែល​ថ្លែង​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​ក្នុងស្រុក នា​ថ្ងៃ​ទី​១០ កក្កដា ២០២០ ។​

​លោក​រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងមហាផ្ទៃ បាន​បន្ត​ថា កម្ពុជា​បាន​ស្នើ​ភាគី​វៀតណាម​គោរព​ឱ្យ​បាន​ម៉ឺងម៉ាត់ ស្រប​តាម​មាត្រា​១០ នៃ​លក្ខន្តិកៈ​ព្រំដែន​កម្ពុជា​-​វៀតណាម ឆ្នាំ​១៩៨៣, ចំណុច​៨ នៃ​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​ឆ្នាំ​១៩៩៥ និង​កថាខណ្ឌ​៥ មាត្រា​៣ នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​រវាង​រដ្ឋាភិបាល​ទាំង​ពីរ ដោយ​ត្រូវ​រក្សា​ស្ថានភាព​ដដែល​នៅ​តំបន់​ពុំ​ទាន់​ឯកភាព ចៀសវាង​ធ្វើ​សកម្មភាព​ឯកតោភាគី​ណាមួយ​ដែល​អាច​ប៉ះពាល់​កិច្ចការ​ដ៏​សំខាន់​នេះ រហូត​ដល់​វេលា​ដែល​គណៈកម្មការ​ចំរុះ​ព្រំដែន​ទាំង​ពីរ​ឯកភាព​ខណ្ឌសីមា និង​បោះបង្គោល​ក្នុង​តំបន់​នោះ​រួចរាល់​ជា​ស្ថាពរ​។​

​បើ​តាម​លោក​ផ្កាយ​៤ ហ៊ូ សា​គុណ អគ្គស្នងការ​រង​នគរបាល​ជាតិ​ទទួល​ការងារ​ព្រំដែន​បាន​ឲ្យ​ដឹង​នា​ពេល​កន្លង​មក​ថា ចាប់តាំងពី​ផ្ទុះ​មេរោគ​កូ​វី​ដ​១៩​មក យួន​បាន​ចូល​មក​បោះ​តង់​នៅ​ទីតាំង​មិន​ទាន់​ឯកភាព​គ្នា​ចំនួន ២៥៦​កន្លែង​តាម​បន្ទាត់​ព្រំដែន​ខ្មែរ យួន ក្នុង​នោះ​យួន​បាន​រើ​ចេញ​វិញ​មួយ​ចំនួន ក្រោយ​អាជ្ញាធរ​ខ្មែរ​តវ៉ា​
​សុំ​ឲ្យ​រើ​ចេញ ។​

​បើ​តាម​លោក សក់ សេដ្ឋា ចំនួន​តង់​ដែល​ភាគី​វៀតណាម​បាន​រុះរើ​ចេញ​វិញ​មាន​ចំនួន​០៨​កន្លែង ក្នុង​នោះ តង់​(​ប៉ុស្តិ៍​ទប់ស្កាត់​កូ​វី​ដ​១៩)​ដែល​បាន​បោះ​នៅ​តំបន់​ព្រំដែន​ដែល​មិន​ទាន់​ឯកភាព​គ្នា​ក្នុង​ការ​វាស់វែង​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​សរុប​ចំនួន​៤២​តង់​៕