លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំ ត្រូវបានគេស្គាល់ថាជាបុគ្គលមានអំណាចនិងឥទ្ឋិពលដ៍កំពូលនៅស្រុកខ្មែរ និងប្រៀបដូចជាប៉ាវចិនក្នុងរឿងភាគចិន ព្រោះសំណុំរឿងច្រើនណាស់ដែលដោះស្រាយមិនចេញ ឬ ទៅមុខមិនរួច ត្រូវបានលោក ហ៊ុន សែន អារកាត់ដោះស្រាយយ៉ាងមានប្រសិទ្ឋភាពនិងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ ។
ការចេញមុខដោះស្រាយប្រកបដោយប្រសិទ្ឋភាពនិងមានការគាំទ្រ ក៍ត្រូវបានគេដឹងថា ដោយសារលោក ហ៊ុន សែន មានអំណាចផុតកំពូលដូច្នេះនរណាៗក៍ខ្លាចនិងគោរព ព្រោះមិនគោរពនិងខ្លាច អាចនឹងបាត់បង់តំណែង ។ជាក់ស្តែងករណីដែលទើបកើតឡើងកាលពីចុងសប្តាហ៍មុន នោះគឺបានបញ្ជាក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីរបស់លោក ដោយស្នើឲ្យក្រសួងបរិស្ថាន ក្រសួងដែនដីនិងអាជ្ញាធរពាក់ព័ន្ឋសិក្សាឆ្វៀលដីនិងចេញប្លង់កម្មសិទ្ធិស្របច្បាប់ ជូនដល់ពលរដ្ឋដែលបានមករស់នៅលើទីតាំងដីជាគម្របព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃ យូរមកហើយដូចជានៅកោះកុង និងព្រះវិហារជាដើម ។
គ្រាន់តែលោក ហ៊ុន សែន បញ្ជាភ្លាម កាលពីថ្ងៃម្សិលមិញ ក៍មានកិច្ចប្រជុំអន្តរក្រសួងរវាងក្រសួងបរិស្ថាន និងក្រសួងដែនដីស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងឈានទៅឆ្វៀលដីចែកជូនប្រជាពលរដ្ឋតាមបទបញ្ជារបស់លោកប្រមុខរាជរដ្ឋាភិបាល ។
លោក ហ៊ុន សែន ក្រៅពីគេប្រៀបធៀបទៅនឹងលោកប៉ាវចិន ក៍មានការប្រៀបប្រដូចលោកទៅនឹងព្រះឥន្ធ និងអាទិទេពក្នុងរឿងបុរាណផងដែរ ដោយសារតែឥទ្ឋិពលនិងអំណាចរបស់លោកគ្មានគូប្រៀប ៕