ខេត្តកំពង់ស្ពឺ ៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១០ កក្កដា ២០២០ ក្រុមការងារគណ:បញ្ជាការឯកភាពខេត្ត ដឹកនាំដោយលោក សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានរកឈើឈ្លីកចំនួន៣០ដុំធំៗ ដែលគេបានលាក់ទុកនៅក្នុងចំការឫស្សី ជាប់ផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រ ៥៨ -៥៩ ស្ថិតក្នុងភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ដោយសង្ស័យថា ជាឈើខុសច្បាប់របស់លោក ជឿង ថេង អាយុ៤២ឆ្នាំ ជាឈ្មួញរកស៊ីឈើ ។
សេចក្ដីរាយការណ៍បានឱ្យដឹងថា បន្ទាប់ពីធ្វើការហ៊ុមព័ទ្ធអស់រយៈពេល៤ថ្ងៃ ក្នុងនោះនៅរាត្រីថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២០ ខណៈកំពុងហ៊ុមព័ទ្ធក៏មានការផ្ទះអាវុធជាច្រើនគ្រាប់ផងដែរ តែគ្មានអ្នករងរបួសទេ ។
ទាក់ទងនឹងការផ្ទុះអាវុធនេះដែរលោក ប៊ុន ធឿន អធិការស្រុកឱរ៉ាល់ មិនធ្វើការបញ្ជាក់លម្អិតនោះទេ ដោយលោកប្រាប់ថា គេដោះស្រាយគ្នារួចហើយ ក៏បិទទូរស័ព្ទ ហើយឈប់ទទួលការហៅចូល ។
សូមបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យ រកឃើញឈើនៅក្នុងដីចំការនោះហើយ ដោយបច្ចុប្បន្នក្រុមការងារក៏បានបន្តពិនិត្យមើលនៅដីឡូត៍ទល់មុខទីតាំងខាងលើ ដែលគេសង្ស័យថា មានការលាក់ឈើនៅក្នុងនោះដែរ ។ ចំពោះវត្ថុតាងខាងលើខាងកម្លាំងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់យកទៅរក្សាទុក ដើម្បីបន្តនីតិវិធី ៕