បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ឋនឹងអំពើហិង្សាប្រតាយប្រតប់និងដកកាំំភ្លើងវាយក្បាលបុរសម្នាក់ទៀត បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចខ្លួន ។
ប្រភពបន្តថា ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងប្រមាណ១០និង៣០នាទីយប់ថ្ងៃទី១០ កក្កដា ២០២០ នៅចំណុចភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុននពេលកើតហេតុ បុរសដែលដកកាំភ្លើងវាយក្បាលបុរសម្នាក់ទៀតនោះ បានជិះម៉ូតូឌុបប្រពន្ធ និងប្អូនស្រីខ្លួន ចេញពីកម្មវិធីឡើងគេហដ្ឋានគេនៅបុរីចតុមុខ ស្ថិតក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយត្រឡប់ចូលភ្នំពេញវិញ ស្រាបពេលនោះ បុរសដែលគេអះអាងថាជាជនរងគ្រោះត្រូវគេវាយនោះ ជិះម៉ូតូស្របទិសគ្នា ហើយមានទំនាស់ពាក្យសម្ដីនឹងគ្នារឿងភ្លើងចាំងភ្នែក បន្ទាប់មកជនសង្ស័យបានវាយប្រតាយប្រតប់ ជាមួយជនរងគ្រោះ ហើយជនសង្ស័យបានដកអាវុធខ្លី ពីចង្កេះមកវាយជនរងគ្រោះ ត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាមតែម្តង ។
ប្រភពបញ្ជាក់ទៀតថា ជនដែលដកកាំភ្លើងវាយក្បាលគេនោះឈ្មោះ ជា សង្ហា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ ជាមន្ត្រីអាវុធហត្ថខណ្ឌដូនពេញ មានទីលំនៅភូមិស្នាពីមុខ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចំណែកបុរសរងរបួសត្រូវគេវាយឈ្មោះ លាង សុធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ យោធាកងកិត្តិយសត្រែទ័ព មានទីលំនៅភូមិ ស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
នៅពេលនេះ សមត្ថកិច្ចកំពុងកំពុងកសាងសំណុំរឿង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់ ៕