ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពហិង្សាដោយចេតនាចាប់ក្មេងស្រីក្បែរខាងអារផ្ទៃមុខរបួសធ្ងន់ និងអារដៃរបួសស្រាល ដោយសារទំនងជាខឹងក្មេងស្រីរងគ្រោះ ធ្លាប់វ៉ៃកូនរបស់ខ្លួនឲ្យដេកពេទ្យ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោងជាង២រសៀលថ្ងៃទី១៦ កក្កដា ២០២០ នៅក្នុងបុរីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះឈ្មោះ លាស់ ម៉ូវីលីយ៉ា អាយុ៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២០ ផ្លូវលេខ២៦ ចំណុចកើតហេតុ រងរបួសរយៈពេញមុខនិងដៃ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ចំណែកស្ត្រីជាជនបង្កឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ មុខរបរមេផ្ទះ រស់នៅផ្ទះលេខ០៨ ជាប់គ្នាជាមួយផ្ទះក្មេងរងគ្រោះ ។
តាមប្រភពថា នៅមុនពេលកើតហេតុ ពោលគឺកាលពី៣ថ្ងៃមុនក្មេងស្រីរងគ្រោះនិងកូនស្រី របស់ស្ត្រីជាជនដៃដល់បានលេងជាមួយគ្នា ហេីយក៏ឈ្លោះប្រកែកគ្នាដោយក្មេងស្រីរងគ្រោះបានវាយបណ្តាលឲ្យកូនស្រីជនដៃដល់រងរបួសបន្តិចបន្តួច បន្ទាប់មកម្តាយក្មេងស្រីរងគ្រោះក៏បាននាំទៅមន្ទីរពេទ្យនិងចេញថ្លៃព្យាបាលរួចហេីយដែរ។
ប្រភពដដែលបានបន្តថា លុះមកដល់វេលាកេីតហេតុខណៈក្មេងស្រីរងគ្រោះដេីរមកលេងនៅមុខផ្ទះជនដៃដល់ស្រាប់តែជនដៃដល់ចេញពីក្នុងផ្ទះប្រដាប់ដោយកូនកាំបិតមកចាប់អារលេីផ្ទៃមុខនិងកាប់ដៃបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
នៅពេលនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕