លោក ផែង វណ្ណៈ ដែលគេស្គាល់ថាជាអ្នកធ្វើអត្ថាធិប្បាយនៅលើបណ្តាញសង្គមដ៍ល្បីមួយរូប បានលើកឡើងនៅក្នុងការធ្វើអត្ថាធិប្បាយនាប៉ុន្មាននាទីមុននេះថា អង្គការសិទ្ឋិមនុស្សអាដហុកគឺជាអង្គការការពារចោរ ។
បើតាមលោក ផែង វណ្ណៈ មន្ត្រីអង្គការសិទ្ឋិមនុស្សមួយចំនួនមិនត្រឹមតែការពារចោរនោះទេ ថែមទាំងយកខ្មោចធ្វើអាជីវកម្មនោះថែមទៀត ។លោកបន្តថា សកម្មភាពរបស់អង្គការសិទ្ឋិមនុស្សខ្លះ ជាអង្គការធ្វើសកម្មភាពបម្រើនយោបាយ បម្រើឲ្យប្រទេសលោកខាងលិច ពិសេសបម្រើឲ្យគណបក្សប្រឆាំង ហើយថាមន្ត្រីសិទ្ឋិមនុស្សមួយចំនួនតូចក៍ជាសកម្មជនគណបក្សប្រឆាំងនិងជាមនុស្សរបស់លោក សម រង្ស៊ី ផងដែរ ។
ដោយប្រើភាសាអសុរោះនិងធ្ងន់ៗ លោក ផែង វណ្ណៈ ដែលកំពុងធ្វើអត្ថាធិប្បាយនៅលើផេកហ្វេសប៊ុករបស់ខ្លួននោះ ក៍បានអំពាវនាវដល់ប្រជាពលរដ្ឋកុំជឿលើពួកសិទ្ឋិមនុស្ស ហើយថាពួកនេះ(មន្ត្រីសិទ្ឋិមនុស្ស) ការពារតែចោរ ហើយថា បើចោរបាញ់ប៉ូលិសងាប់ មិនដែលថ្កោលទោសចោរនោះទេ ។
មិនអាចរកការសុំអត្ថាធិប្បាយតបបានទេពីមន្ត្រីដែលធ្វើសកម្មភាពបម្រើឲ្យអង្គការសិទ្ឋិមនុស្ស ពិសេសមន្ត្រីអង្គការសិទ្ឋិមនុស្សអាដហុក នៅយប់ថ្ងៃទី១៦ កក្កដាដដែលនេះ ។
គួរបញ្ជក់ថា លោក ផែង វណ្ណៈ ធ្លាប់បានជាប់បណ្ដឹងរបស់អង្គភាពព័ត៌មាន ហ្វ្រេសញូវ (Fresh News) ដែលប្ដឹងទាមទារជំងឺចិត្ត ៥០ ម៉ឺនដុល្លារពាក់ព័ន្ធនឹងការលើកឡើងថា ហ្វ្រេសញូវ ផ្សាយតែព័ត៌មានដែលបានលុយ។ លោកក៏ត្រូវលោក ពេជ្រ ស្រស់ ប្ដឹងទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយរឿងយកលុយចូលបុណ្យសពជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ បន្ទាប់មកទៀតអ្នកលេងហ្វេសប៊ុកល្បីឈ្មោះរូបនេះត្រូវបានតុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួននៅពន្ធនាគារព្រៃស ក្រោយពេលត្រូវបានចោទប្រកាន់ជាផ្លូវការពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ និងបទបរិហារកេរ្តិ៍លោក ហ៊ុន សែន ពាក់ព័ន្ធនឹងការប្រៀបធៀបការយកលុយចូលបុណ្យសពក្នុងរឿងគ្រោះថ្នាក់ចរាចរណ៍ និងលុយចូលបុណ្យសព លោក កែម ឡី៕