លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឈានចូលដល់វ័យ៧៥ឆ្នាំហើយនៅថ្ងៃទី១៧ កក្កដា ២០២០នេះ និងត្រូវបានកូនៗនិងគ្រួសាររបស់លោករៀបចំពិធីចម្រើនជន្មាយុ ខួបអាពាហ៍ពិពាហ៍៤៥ឆ្នាំនិងខួប៥៥ឆ្នាំនៃឈ្មោះទៀ បាញ់។
នេះបើយោងតាមហ្វេសប៊ុកផេកឈ្មោះ General TEA Banh ដែលគេស្គាល់ថាជាផេកផ្លូវការរបស់លោក ទៀ បាញ់នោះ បានសរសេរបង្ហោះនៅព្រឹកថ្ងៃទី១៨ កក្កដានេះ ផេកដដែលបានសរសេរថា «
ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កូនៗបានរៀបចំខួបអាពាហ៍ពិពាហ៍ ៤៥ឆ្នាំ និងខួបទី ៥៥ឆ្នាំ នៃឈ្មោះ ទៀ បាញ់ ព្រមទាំង ពិធីចម្រើនជន្មាយុគម្រប់ ៧៥ឆ្នាំ របស់ខ្ញុំ និងពិធីចម្រើនជន្មាយុគម្រប់ ៦៥ឆ្នាំ របស់ភរិយាខ្ញុំ ជាលក្ខណៈគ្រួសារ នៅគេហដ្ឋានរបស់ខ្ញុំ ស្ថិតនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។»។
បើតាមលោក ទៀ បាញ់ ឈ្មោះរបស់លោកពិតប្រាកដនោះគឺ ទៀ សង្វាន ហើយការដូរមកជាឈ្មោះ ទៀ បាញ់ នោះដោយសារតែលោកបានគេចផុតពីគ្រាប់កាំភ្លើងដែលកងជីវពលខ្មែរក្រហមប៉ងបាញ់សម្លាប់ តែដោយទឹកដោះម្តាយថ្លៃលោកក៍បានរួចជីវិត ហើយក៍សម្រេចដូរឈ្មោះមកជា«ទៀ បាញ់»វិញ ដែល«ទៀ»ជាត្រកូលរបស់លោក ហើយ«បាញ់» ប្រែមកថា«ជនបាញ់មិនស្លាប់» និង «ជនគេតាមបាញ់» ៕