បុរសម្នាក់ដែលអះអាងថាខ្លួនគឺជាជនរងគ្រោះក្នុងសំណុំរឿងបទឧក្រិដ្ឋមួយ(ចាប់មនុស្សដុតទាំងរស់) បានដាក់ពាក្យប្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យបើកការស៊ើបអង្កេតលើប្រធាន អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រះរាជអាជ្ញា និងចៅក្រមសាលាដំបូងខេត្តព្រះសីហនុ ។
នៅក្នុងពាក្យបណ្តឹងចុះថ្ងៃទី១៦ កក្កដា ម្សិលមិញ និងដែល«អង្រុត»ទើបទទួលបាននៅមុននេះបន្តិចបានស្នើឲ្យលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើលោក សុខ កល្យាណ ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក តាក់ គឹមសៀ អនុប្រធានសាលាដំបូងខេត្តព្រះសីហនុ និងជាចៅក្រមស៊ើបសួរ ,លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ និង លោក សៀង សុខ ព្រះរាជាអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដោយចោទមន្ត្រីខាងលើ មានចេតនាបិទបាំងការពារឧក្រិដ្ឋជនម្នាក់ ឈ្មោះ លី ស្រេង ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យរួចផុតពីការឃុំខ្លួន ករណីចាប់មនុស្សដុតទាំងរស់។
បើតាមបុរសដែលអះអាងថាខ្លួនជារងគ្រោះនោះ មានឈ្មោះ ស៊ុយ ប៊ុនថាន អាយុ ៣៦ឆ្នាំ រស់នៅក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានរំឮកសំណុំរឿងក្នុងពាក្យបណ្តឹងរបស់ខ្លួនថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ឈ្មោះ លី ស្រេង បានប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាក់ស្តែងដ៏សាហាវឃោរឃៅ និងព្រៃផ្សៃបំផុត ចំពោះរូបលោក ដោយចាក់សាំងដុតសម្លាប់ខ្ញុំបាទ… ដែលធ្វើបានធ្វើឲ្យខ្ញុំបាទឆេះរលាករលួយសាច់រហូតដល់ដួលសន្លប់នៅនឹងកន្លែង និងត្រូវបានបញ្ជូនមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ចំណែកជនឧក្រិដ្ឋឈ្មោះ លី ស្រេង ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចាប់វាយខ្នោះនៅនឹងកន្លែងភ្លាមៗតែម្តង។ ប៉ុន្តែកងរាជអាវុធហត្ថខេត្តព្រះសីហនុ មិនបានបញ្ជូនឧក្រិដ្ឋជនឈ្មោះ លី ស្រេង មកអយ្យការអមសាលាដំបូងខេត្តព្រះសីហនុឡើយ គឺបានបិទបាំងសំណុំរឿងសំណុំឧក្រិដ្ឋជនជាក់ស្តែងនេះចោទតែម្តង។»
ជនងរងគ្រោះបានបន្តទៀតថា ក្រោយមកខ្លួនបានដាក់បណ្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ដែលបានផ្តើមចោទប្រកាន់ជនដៃដល់ឈ្មោះ លី ស្រេង ពីបទ ប៉ុនប៉ងមនុស្សឃាតដោយចេតនា ប៉ុន្តែតុលាការ បានសម្រេចដោះលែងឲ្យឧក្រិដ្ឋជនឲ្យមានសេរីភាពទៅវិញ ដែលរហូតមកដល់ពេលនេះ មិនទាន់ចាប់ខ្លួនមកផ្ទន្ទាទោសតាមច្បាប់នៅឡើយទេ។
បើតាមលោក ស៊ុយ ប៊ុនថាន ភាពមិនប្រក្រតីជាប្រព័ន្ធបស់មន្ត្រីជាន់ខ្ពស់ទាំង ៤នាក់ខាងលើ គឺបង្ហាញឲ្យឃើញថា មានការប្រព្រឹត្តអំពើពុករលួយ ស៊ីសំណូក សូកប៉ាន់ បំបិទសំណុំរឿងឧក្រិដ្ឋជាក់ស្តែង ផ្អឹមសំណុំរឿងឧក្រិដ្ឋចោល មានចេត្តនាមិនឃុំខ្លួនឧក្រិដ្ឋជនឈ្មោះ លី ស្រេង ដោយបណ្តោយឲ្យនៅក្រៅឃុំ មានសេរីភាព និងអូសបន្លាយពេល ទុកសំណុំរឿងឧក្រិដ្ឋអស់រយៈពេលជិត ២ឆ្នាំ ។
នៅល្ងាចថ្ងៃទី១៧ កក្កដា ២០២០នេះ មិនអាចរកការសុំអត្ថាធិប្បាយបានទេពីមន្ត្រីធំៗដែលមានឈ្មោះនៅក្នុងពាក្យបណ្តឹងខាងលើ ក៍ដូចជាអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ ៕