សូម្បីតែសាច់ងៀតបបែលនិងត្រីឆ្លាមក៍ដាក់សារធាតុគីមី

ងៀត​បបែល​(៧.៤០​គីឡូក្រាម​) និង​ងៀត​ត្រី​ឆ្លាម​សរុប​ជាង​៨​គីឡូក្រាម ត្រូវ​បាន​មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​កប​ប​) ខេត្ត​ព្រះ​សីហ​នុ សហការ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់​ព័​ន្ឋ​ចុះ​ពិនិត្យ​គុណភាព​រក​ឃើញ​សារធាតុ​គីមី​បូ​រ៉ា​ក់(Borax) ។​

​មុខទំនិញ​ទាំង​ពីរ​មុខ​ខាងលើ ត្រូវ​បាន​រក​ឃើញ​ដាក់​លក់​នៅ​ក្នុង​ផ្សា​រលើ ខេត្ត​ព្រះ​សីហ​នុ នា​ព្រឹក​ថ្ងៃ​ទី​១៧ កក្កដា ២០២០​នេះ ។​

​សារធាតុ​បូ​រ៉ា​ក់​គេ​ប្រើ​ក្នុង​មុខងារ​ជា​សាប៊ូ​សម្អាត​សម្លៀក​បំពាក់ ព្រោះ​បូ​រ៉ា​ក់​មិន​មាន​ផ្ទុក​សារធាតុ ផ្វ​ស្វាត និង​ក្លរ ដូចនេះ​វា​ជា​ភ្នាក់ងារ​លាង​ជម្រះ​យ៉ាង​មាន​ប្រសិទ្ធភាព និង​ធ្វើ​ឲ្យ​សម្លៀក​បំពាក់​ទន់​ក្រោយ​ពេល​សម្អាត​។ មួយវិញទៀត​សារធាតុ​បូ​រ៉ា​ក់​ក៏​ត្រូវ​ប្រើ​ក្នុង​គ្រឿងសម្អាង ជា​គ្រឿងផ្សំ​របស់​ឡេ​លាប​ខ្លួន សាប៊ូ​ដុស​ខ្លួន​ជាដើម ព្រោះ​វា​មានមុខ​ងារ ការពារ ឬ​លាង​សម្អាត​ជាតិ​ខ្លាញ់​។​ចំណែក​នៅ​ក្នុង​ថ្នាំ​សម្លាប់​សត្វល្អិត​ក៏​មាន​ដែរ ហើយ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្លាប់សត្វ ស្រមោច កន្លាត និង​សត្វល្អិត​ផ្សេង​ៗ​ទៀត​។​

​ការ​ប៉ះពាល់​សារធាតុ​បូ​រ៉ា​ក់​អាច​បង្ក​ឲ្យ​មាន​ជំងឺ របកស្បែក ប្រគ្រីវកាច់ ខ្សោយតម្រងនោម​ដែល​អាច​នាំ​ឲ្យ​ខូច​តម្រងនោម​ធ្ងន់ធ្ងរ ឈឺសន្លាក់ និង​ឆ្អឹង ប៉ះពាល់​ដល់​ប្រព័ន្ធ​ក្រពះ ពោះវៀន ចង្វាក់​ដង្ហើម​ថយ​ចុះ ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃឈាម​បេះដូង ខូច​ថ្លើម និង​ប្រព័ន្ធ​ប្រសាទ​។​

​ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុក​សារធាតុ​បូ​រ៉ា​ក់​ត្រឹមតែ ១៥-២០ ក្រាម អាច​សម្លាប់​មនុស្ស​ពេញវ័យ​បាន ហើយ​ចំពោះ​កុមារ គឺ​ត្រឹមតែ ៥ ក្រាម​ប៉ុណ្ណោះ​។ ដូចនេះ​សារធាតុ​បូ​រ៉ា​ក់​ត្រូវ​តែ​រក្សា​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​បរិភោគ​។​

​ប្រភេទ​ចំណីអាហារ​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​សារធាតុ Borax ក្នុង​នោះ​មាន​ដូច​ជា​មឹក ប៉ា​តេ បង្គា​ស្រស់ ត្រី​ហើម ត្រីងៀត ប្រហិត​សាច់​គោ ត្រី ឈាម​ជ្រូក ប៉ា​តេ សរសៃ​គុយទាវ ពពុះសណ្តែក បង្អែម​លត បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំងជូរ ស្ពៃជ្រក់​ជាដើម ដើម្បី​រក្សា​ទុក​បាន​យូរ សាច់​នៅ​តែ​ស្រស់​មិន​ងាយ​ខូច ហើយ​បើ​បង្អែម​វិញ​ស្វិត​ល្អ ៕