ជនជាតិវៀតណាមជាង៥០០នាក់ បានដាក់ពាក្យប្តឹង បន្ទាប់ពីក្រសួងមហាផ្ទៃបានបដិសេធសំណើសុំចូលសញ្ជាតិខ្មែរ ។
នេះបើយោងតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃទី១៧ កក្កដា ២០២០កន្លងមកនេះ ។
បើតាមលោក គៀត ច័ន្ទថារិទ្ឋ ការបដិសេធសំណើរបស់ជនបរទេសជាង៥០០នាក់ ដែលភាគច្រើនជាជនជាតិ វៀតណាម ដែលចង់ចូលសញ្ជាតិខ្មែរនោះ គឺពួកគេទាំងនោះបានរស់នៅក្នុងប្រទេសខ្មែរយូរមកហើយ តែពួកគេគ្មានលិខិតស្នាមច្បាស់លាស់ ហើយក៍មិនមានជាប់សែស្រឡាយជនជាតិខ្មែរដែ ។
បើតាមរបាយការណ៍របស់អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលបង្ហាញឡើងកាលពីចុងសប្តាហ៍កន្លងមកនេះបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែមិថុនា ឆ្នាំ២០២០ ជនបរទេសជិត២ម៉ឺននាក់ ស្មើនឹង១០៤សញ្ជាតិ ត្រូវបានបណ្តេញចេញពីប្រទេសខ្មែរ ដែលក្នុងនោះជនជាតិចិននិងយួនច្រើនជាងគេ ។
បើតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ឋ នៅក្នុងប្រទេសខ្មែរសព្វថ្ងៃមានជនបរទេសចម្រុះជាតិសាសន៍រាប់ទាំងភ្ញៀវទេសចរ និងអ្នកវិនិយោគ គឺមានចំនួនសរុបជាង១៦ម៉ឺននាក់៕