ខឹងរដ្ឋាភិបាលមិនផ្តល់សញ្ជាតិ យួនជាង៥០០នាក់ដាក់ពាក្យប្តឹង

ជនជាតិ​វៀតណាម​ជាង​៥០០​នាក់ បាន​ដាក់​ពាក្យ​ប្តឹង បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​សំណើសុំ​ចូលសញ្ជាតិ​ខ្មែរ ។​

​នេះ​បើ​យោង​តាម​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដែល​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៧ កក្កដា ២០២០​កន្លង​មកនេះ ។​

​បើ​តាម​លោក គៀត ច័ន្ទ​ថា​រិ​ទ្ឋ ការ​បដិសេធ​សំណើ​របស់​ជនបរទេស​ជាង​៥០០​នាក់ ដែល​ភាគច្រើន​ជា​ជនជាតិ វៀតណាម ដែល​ចង់​ចូលសញ្ជាតិ​ខ្មែរ​នោះ គឺ​ពួក​គេ​ទាំងនោះ​បាន​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ​យូរ​មក​ហើយ តែ​ពួក​គេ​គ្មាន​លិខិត​ស្នាម​ច្បាស់លាស់ ហើយក៍​មិន​មាន​ជាប់សែស្រឡាយ​ជនជាតិ​ខ្មែ​រដែ ។​

​បើ​តាម​របាយការណ៍​របស់​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បង្ហាញ​ឡើង​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ឆ្នាំ​២០១៤ ដល់​ខែមិថុនា ឆ្នាំ​២០២០ ជនបរទេស​ជិត​២​ម៉ឺន​នាក់ ស្មើនឹង​១០៤​សញ្ជាតិ ត្រូវ​បាន​បណ្តេញ​ចេញពី​ប្រទេស​ខ្មែរ ដែល​ក្នុង​នោះ​ជនជាតិ​ចិន​និង​យួន​ច្រើន​ជាងគេ ។​

​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ឋ នៅ​ក្នុង​ប្រទេស​ខ្មែរ​សព្វថ្ងៃ​មាន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់​ទាំង​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ គឺ​មាន​ចំនួន​សរុប​ជាង​១៦​ម៉ឺន​នាក់​៕