អាជ្ញាធរខេត្តមណ្ឌលគិរី បានចេញលិខិតបដិសេធលើលិខិតកាន់កាប់ដីធ្លីដែលចេញដោយ មេភូមិ មេឃុំ ចំនួន៤៧៣ហិចតា ក្នុងស្រុកអូររាំង ក្រោយរកឃើញថា ដីទាំងនោះជាប់ពាក់ព័ន្ឋដីស្រល់កម្មសិទ្ឋិរបស់រដ្ឋ និងដីក្រុមហ៊ុនដែលទទួលបានសិទ្ឋិវិនិយោគពីរដ្ឋ។
សេចក្តីរាយការណ៏បានឲ្យដឹងថា ដីចំការស្រល់រដ្ឋ និងស្រល់របស់ក្រុមហ៊ុនរាប់រយហិចតា ត្រូវបានក្រុមឈ្មួញខិលខូច និងមន្ត្រីមានអំណាចគ្រាក់ៗ ដែលចូលចិត្តរកស៊ីលួចបន្លំរបស់រដ្ឋ ប្រើយុទ្ឋសាស្ត្រខ្ចីដៃប្រជាពលរដ្ឋ កាប់ឆ្ការដើមស្រល់រាប់ម៉ឺនដើមដើម្បីសម្អាតដី រួចឃុបឃិបជាមួយអាជ្ញាធរមូលរដ្ឋធ្វើលិខិតកាន់កាប់ ទុកលក់ឲ្យថៅកែៗឧកញ៉ាដែលសម្បូរលុយ ។
ប្រភពបន្តថា ក្រោយគម្រោងសាងសង់ព្រលានយន្តហោះនៅស្រុកអូររាំង ត្រូវបានប្រកាសជាសាធារណៈ និងព័ត៌មានពីជនជាតិចិន ចូលទៅរកស៊ីនៅទឹកដីខេត្តមណ្ឌលគិរី តម្លៃដីចាប់ផ្តើមឡើងថ្លៃកប់ពពក ហើយដីរដ្ឋដែលកាលកន្លងមកស្ទើរគ្មានអ្នកយកភ្នែកមើល ស្រាប់តែមានបង្គោលរបងហោះទៅហ៊ុំព័ទ្ឋដីទាំងនោះព្រោងព្រាតតែម្តង។ មិនត្រឹមតែដីរដ្ឋនោះទេ សូម្បីដីដែលព្រះមហាក្សត្រយាងដាំកូនឈើនាឆ្នាំ២០០៤ ក៏មានគេលួចយករបងទៅបោះដែរ តែត្រូវអាជ្ញាធរខេត្តចុះចាត់វិធានការភ្លាមៗ។
ជុំវិញករណីខាងលើនេះ កន្លងមកគេបានសង្កេតឃើញថា មន្ត្រីជំនាញក៏បានធ្វើប្រតិបត្តិការបង្ក្រាបនិងដកហូតដីទាំងនោះមកទុកជាសម្បត្តិរដ្ឋវិញជាច្រើនករណីផងដែរ ប៉ុន្តែអ្នកពាក់ព័ន្ឋហាក់មិនត្រូវបានបញ្ជូនសំណុំរឿងដល់ដៃស្ថាប័នតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ឡើយ។ ដោយឡែកកាលពីអំឡុងខែមិថុនា ២០២០ ផ្ទះកុងតឺន័រចំនួន៧ខ្នង ត្រូវបានជំនាញរដ្ឋបាលព្រៃឈើ ចាប់រឹបអូសក្រោយមានអ្នកយកទៅសាងសង់ក្នុងព្រៃចំការស្រល់មួយកន្លែងក្នុងភូមិពូរាំង ឃុំសែនមនោរម្យ ស្រុកអូររាំង។
កន្លងមកដីដែលគេបម្រុងសង់ផ្ទះកុងតឺន័រនេះ ធ្លាប់ត្រូវបានអតីតអភិបាលស្រុកអូររាំង ដែលបច្ចុប្បន្នគាត់គឺជាប្រធានក្រុមប្រឹក្សាស្រុកអូររាំងលោក នង ទុណ្ណារី ជាអ្នកអះអាងថា ដីស្របច្បាប់ម្ចាស់ដីមានលិខិតស្នាមកាន់កាប់ត្រឹមត្រូវទើបគាត់ស៊ីញ៉េបោះត្រាលើការផ្ទេរលក់ដីនោះប្រមាណ៥០ហិចតាឯណោះ។តែបច្ចុប្បន្នលោក នង ទុណ្ណារី កំពុងផុងខ្លួនក្នុងសំណុំរឿងដីធ្លីនៅតុលាការ ដែលក្នុងរជ្ជកាលលោកនៅជាអភិបាលស្រុកស៊ីញ៉េលក់ជាច្រើនកន្លែង។
ចំណែករដ្ឋបាលស្រុកអូររាំង កាលពីថ្ងៃទី០៧ កក្កដា ២០២០ បានចេញសេចក្តីជូនដំណឹង ពីការវាស់វែងកំណត់ព្រំដីរដ្ឋដែលបានផ្ដល់សិទ្ធិសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនវ៉ូជីសាន និងក្រុមហ៊ុន ហួរ លីង ដោយលិខិតនោះបានបញ្ជាក់ថា ការវាស់វែងកាត់ខ្វៀល កំណត់ព្រំដីរដ្ឋ ដីសហគមន៍ និងការផ្ដល់ដីសម្បទានសេដ្ឋកិច្ច ដល់ក្រុមហ៊ុនដាំដើមស្រល់ ក្នុងស្រុកអូររាំង លេខ៥១៩៦/២០ ស ជ ណ ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ របស់ក្រសួងកសិកម្ម ស្តីពីការជួយសហការ និងចាត់វិធានការចុះបង្ក្រាបបទល្មើស ឈូសឆាយព្រំនិងបោះបង្គោល ចំការស្រល់ធ្វើជាកម្មសិទ្ធិគ្រប់គ្រងដោយក្រុមហ៊ុនវ៉ូជីសាន និងក្រុមហ៊ុនហួរ លីង។
រដ្ឋបាលស្រុកអូររាំងសូមជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានដីនៅក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង បានដឹងថា មន្ត្រីជំនាញសុរិយោដីខេត្ត អាជ្ញាធរស្រុក ឃុំភូមិ និងចុះសិក្សាកំណត់ទីតាំងព្រំដីរបស់ក្រុមហ៊ុនកាន់កាប់ កន្លងមកឲ្យបានច្បាស់លាស់ដើម្បីជៀសវាងការប៉ះពាល់ដីសហគមន៍ ដីប្រជាពលរដ្ឋ ដីកប់ខ្មោចនិងដីផ្សេងៗទៀត ដែលស្ថិតនៅក្នុងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូរាំង ចាប់ពីថ្ងៃទី០៧ កក្កដា ដល់ថ្ងៃទី ២២ កក្កដា ២០២០ ជាកំហិត។
ប្រសិនបើប្រជាពលរដ្ឋមិនបានសហការទេ រដ្ឋបាលស្រុកនិងមិនទទួលខុសត្រូវលើការបាត់បង់ដីធ្លី និងផលប៉ះពាល់ដីផ្សេងៗទាំងអស់ ក្រោយមន្ត្រីជំនាញបានចុះវាស់វែងកំណត់ព្រំដីរួចរាល់នោះ។
ថ្លែងជាមួយអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី២៩ មិថុនា ២០២០ ខណៈកំពុងដឹកនាំមន្ត្រីជំនាញឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានបញ្ជាឲ្យជំនាញពាក់ព័ន្ធគ្រប់អង្គភាពផ្ទៀងផ្ទាត់ឡើងវិញ ដោយត្រូវដកហូតដីទាំងអស់នោះមកជារបស់រដ្ឋ លើកលែងតែដីដែលមានការកាន់កាប់ច្បាស់លាស់របស់ប្រជាពលរដ្ឋ ជាយូរណាស់មកហើយ ។
អភិបាលខេត្តបានថ្លែងថា ដីចំការស្រល់នេះជាតំបន់ដែលព្រះមហាក្សត្រ ធ្លាប់យាងមកប្រារព្ធពិធីរុក្ខទិវា ក្នុងឆ្នាំ២០០៤(ទំហំ២២៥ហិចតា) ខណៈដែលអាជ្ញាធរកំពុងជំរុញឲ្យចុះបញ្ជីដីនេះជាសម្បត្តិរដ្ឋ ហើយក្នុងដំណើរការចុះបញ្ជីក៏ពិនិត្យឃើញមានការពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋមួយចំនួន ដែលចំណុចនេះអាជ្ញាធរនឹងដោះ ស្រាយតាមបែបបទរដ្ឋបាល ដើម្បីឈានដល់ការដកហូតតំបន់ដីចំការស្រល់ទាំងនេះមកវិញ ។
ទោះជាយ៉ាងណានៅមិនទាន់ដឹងអំពីទំហំនៃផលប៉ះពាល់នៅឡើយទេ ដោយមន្ត្រីជំនាញកំពុងធ្វើការងារនេះ។ លោក ស្វាយ សំអ៊ាង ថ្លែងទៀតថា តំបន់ចំការស្រល់ដែលមន្ត្រីជំនាញចុះបញ្ជីជាសម្បត្តិរដ្ឋ នឹងដាំដើមស្រល់ ដែលបាត់បង់ឡើងវិញ ដើម្បីក្លាយទៅជាគោលដៅដ៏ស្រស់ស្អាតទាក់ទាញភ្ញៀទេសចរ ព្រោះតែទីនេះមានសក្តានុពលទេសចរណ៍ស្រាប់តែម្ដង។
បើតាមលោកអភិបាលខេត្តមណ្ឌលគិរីបញ្ជាក់ថា ក្រុមការងារនឹងពិនិត្យលើលិខិតកាន់កាប់របស់ប្រជាពលរដ្ឋ កន្លែងណាមានលិខិតកាន់កាប់ស្របច្បាប់នឹងដោះស្រាយតាមនីតិវិធី កន្លែងដែលកាន់កាប់ខុសច្បាប់គឺដកហូតតែម្ដង ។
នៅក្នុងពិធីបូកសរុបលទ្ឋផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ កាលពីថ្ងៃទី០៧ កក្កដាកន្លងមកនេះ លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអះអាងថា លោកកំពុងរងកម្មក្នុងការដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់អ្នកមានបុណ្យស័ក្តិធំៗនៅខេត្តមណ្ឌលគិរី ។
បើតាមលោក ស ខេង នៅខេត្តមណ្ឌលគិរី កំពុងមានទំនាស់រឿងដីធ្លី ដែលភាគច្រើន សុទ្ធតែពាក់ព័ន្ធជាមួយ អ្នកមានបុណ្យស័ក្តធំៗ កំពុងប្រជែងគ្នា ទៅចាប់យកដីនៅទីនោះ ។
លោក ស ខេង បន្ថែមបែបនេះថា «ខាងក្រសួងដែនដីនគរ រូបនីយកម្ម និងសំណង់ ការរៀបចំប្លង់គោលនៅកន្លែងមួយចំនួន ដែលខុសពីប៉ូលអភិវឌ្ឍន៍ ។ បើយើងមិនគិតពី អ្វីវានឹងច្របូកច្របល់អស់ហើយ ហើយនៅពេលខាងមុខ មិនងាយកែសម្រួលនោះទេ» ។
លោកបានបញ្ជាក់ថា «ករណីនេះ ខ្ញុំលើកឧទាហរណ៍ ដូចជាខេត្តកំពង់សោមដែលជាតំបន់ប៉ូលសេដ្ឋកិច្ច ហើយមណ្ឌលគិរីក៏ជាតំបន់ប៉ូលដែរ ។ ឥឡូវនាំគ្នាទៅចាប់យកដី ហើយកំពុងមានរឿងមិនទាន់ដោះស្រាយផង! ហើយសុទ្ធតែអ្នកធំៗ ។ ធំប៉ុណ្ណាខ្ញុំមិនដឹងទេ តែដឹងតែធំ»៕