បើកុំតែទប់ស្កាត់ទាន់ ពលរដ្ឋខ្មែរអាចនឹងមិនស្គាល់ដើមស្រល់

​អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​ចេញ​លិខិត​ប​ដិ​សេ​ធ​លើ​លិខិត​កាន់កាប់​ដីធ្លី​ដែល​ចេញ​ដោយ មេ​ភូមិ មេឃុំ ចំនួន​៤៧៣​ហិច​តា ក្នុងស្រុក​អូរ​រាំង ក្រោយ​រក​ឃើញ​ថា ដី​ទាំងនោះ​ជាប់​ពាក់​ព័​ន្ឋ​ដី​ស្រល់ក​ម្មសិ​ទ្ឋិ​របស់​រដ្ឋ និង​ដី​ក្រុមហ៊ុន​ដែល​ទទួល​បានសិ​ទ្ឋិ​វិនិយោគ​ពី​រដ្ឋ​។

សេចក្តី​រាយ​ការ​ណ៏​បាន​ឲ្យ​ដឹង​ថា ដីចំការ​ស្រល់​រដ្ឋ និង​ស្រល់​របស់​ក្រុមហ៊ុនរាប់រយ​ហិច​តា​ ត្រូវ​បាន​ក្រុម​ឈ្មួញ​ខិលខូច និង​មន្ត្រីមានអំណាច​គ្រាក់​ៗ ​ដែល​ចូល​ចិត្ត​រកស៊ី​លួច​បន្លំ​របស់​រដ្ឋ ប្រើ​យុ​ទ្ឋ​សាស្ត្រ​ខ្ចីដៃ​ប្រជាពលរដ្ឋ កាប់​ឆ្ការ​ដើម​ស្រល់​រាប់​ម៉ឺន​ដើម​ដើម្បីសម្អាត​ដី រួច​ឃុ​ប​ឃិ​ប​ជាមួយ​អាជ្ញាធរ​មូល​រដ្ឋ​ធ្វើ​លិខិត​កាន់កាប់ ទុក​លក់​ឲ្យ​ថៅកែ​ៗ​ឧកញ៉ា​ដែល​សម្បូរ​លុយ​ ។

ប្រភព​បន្ត​ថា ក្រោយ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​នៅ​ស្រុក​អូរ​រាំង ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ និង​ព័ត៌មាន​ពី​ជនជាតិ​ចិន ចូល​ទៅ​រកស៊ី​នៅ​ទឹកដី​ខេត្តមណ្ឌលគិរី តម្លៃ​ដី​ចាប់ផ្តើម​ឡើងថ្លៃ​កប់​ពពក ហើយ​ដី​រដ្ឋ​ដែល​កាល​កន្លង​មក​ស្ទើរ​គ្មាន​អ្នក​យក​ភ្នែក​មើល ស្រាប់តែ​មាន​បង្គោលរបង​ហោះ​ទៅ​ហ៊ុំ​ព័​ទ្ឋ​ដី​ទាំងនោះ​ព្រោង​ព្រាត​តែ​ម្តង​។ មិន​ត្រឹមតែ​ដី​រដ្ឋ​នោះ​ទេ សូ​ម្បី​ដី​ដែល​ព្រះមហាក្សត្រ​យាង​ដាំ​កូន​ឈើ​នា​ឆ្នាំ​២០០៤ ក៏​មាន​គេ​លួច​យក​របង​ទៅ​បោះ​ដែរ តែ​ត្រូវ​អាជ្ញាធរ​ខេត្ត​ចុះ​ចាត់វិធានការ​ភ្លាម​ៗ​។

ជុំវិញ​ករណី​ខាងលើ​នេះ កន្លង​មក​គេ​បាន​សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​និង​ដកហូត​ដី​ទាំងនោះ​មក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ជា​ច្រើន​ករណី​ផង​ដែរ ប៉ុន្តែ​អ្នក​ពាក់​ព័​ន្ឋ​ហាក់​មិន​ត្រូវ​បាន​បញ្ជូន​សំណុំរឿង​ដល់​ដៃ​ស្ថាប័ន​តុលាការ​ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ឡើយ​។ ដោយឡែក​កាលពី​អំឡុង​ខែមិថុនា ២០២០ ផ្ទះ​កុងតឺន័រ​ចំនួន​៧​ខ្នង ​ត្រូវ​បាន​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាប់​រឹបអូស​ក្រោយ​មាន​អ្នក​យក​ទៅ​សាងសង់​ក្នុង​ព្រៃ​ចំការ​ស្រល់​មួយ​កន្លែង​ក្នុងភូមិ​ពូ​រាំង ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​។​

កន្លង​មក​ដី​ដែល​គេ​បម្រុង​សង់ផ្ទះ​កុងតឺន័រ​នេះ ធ្លាប់​ត្រូវ​បាន​អតីត​អភិបាលស្រុក​អូរ​រាំង ដែល​បច្ចុប្បន្ន​គាត់​គឺជា​ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូរ​រាំង​លោក ន​ង ទុ​ណ្ណា​រី ជា​អ្នក​អះអាង​ថា ដី​ស្របច្បាប់​ម្ចាស់​ដី​មាន​លិខិត​ស្នាម​កាន់កាប់​ត្រឹមត្រូវ​ទើប​គាត់​ស៊ី​ញ៉េ​បោះត្រា​លើ​ការ​ផ្ទេរ​លក់​ដី​នោះ​ប្រមាណ​៥០​ហិច​តា​ឯណោះ​។​តែ​បច្ចុប្បន្ន​លោក ន​ង ទុ​ណ្ណា​រី កំពុង​ផុងខ្លួន​ក្នុង​សំណុំរឿង​ដីធ្លី​នៅ​តុលាការ ដែល​ក្នុង​រជ្ជកាល​លោក​នៅ​ជា​អភិបាលស្រុក​ស៊ី​ញ៉េ​លក់​ជា​ច្រើន​កន្លែង​។

ចំណែក​រដ្ឋបាល​ស្រុក​អូរ​រាំង កាលពី​ថ្ងៃ​ទី​០៧ កក្កដា ២០២០ បាន​ចេញ​សេចក្តីជូនដំណឹង ពី​ការ​វាស់វែង​កំណត់​ព្រំ​ដី​រដ្ឋ​ដែល​បាន​ផ្ដល់​សិទ្ធិ​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​វ៉ូ​ជី​សាន និង​ក្រុមហ៊ុន​ ហួរ លីង ដោយ​លិខិត​នោះ​បាន​បញ្ជាក់​ថា ការ​វាស់វែង​កាត់​ខ្វៀល កំណត់​ព្រំ​ដី​រដ្ឋ ដី​សហគមន៍ និង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន​ដាំ​ដើម​ស្រល់ ក្នុងស្រុក​អូរ​រាំង លេខ​៥១៩៦/២០ ស ជ ណ ចុះ​ថ្ងៃ​ទី ១៦ ខែមិថុនា ឆ្នាំ ២០២០ របស់​ក្រសួងកសិកម្ម ស្តី​ពី​ការ​ជួយ​សហការ និង​ចាត់វិធានការ​ចុះ​បង្ក្រាប​បទល្មើស ឈូស​ឆាយ​ព្រំ​និង​បោះបង្គោល ចំការ​ស្រល់​ធ្វើ​ជា​កម្មសិទ្ធិ​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​វ៉ូ​ជី​សាន និង​ក្រុមហ៊ុន​ហួរ លីង​។

រដ្ឋបាល​ស្រុក​អូរ​រាំង​សូម​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ដី​នៅ​ក្នុងភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង បានដឹង​ថា មន្ត្រី​ជំនាញ​សុរិយោដី​ខេត្ត អាជ្ញាធរ​ស្រុក ឃុំ​ភូមិ និង​ចុះ​សិក្សា​កំណត់​ទីតាំង​ព្រំ​ដី​របស់​ក្រុមហ៊ុន​កាន់កាប់ កន្លង​មក​ឲ្យ​បាន​ច្បាស់លាស់​ដើម្បី​ជៀសវាង​ការ​ប៉ះពាល់​ដី​សហគមន៍ ដី​ប្រជាពលរដ្ឋ ដី​កប់ខ្មោច​និង​ដី​ផ្សេង​ៗ​ទៀត ដែល​ស្ថិត​នៅ​ក្នុងភូមិ​ពូ​ឡេះ ឃុំ​ដាក់​ដាំ ស្រុក​អូ​រាំង ចាប់ពី​ថ្ងៃ​ទី​០៧ កក្កដា ដល់​ថ្ងៃ​ទី ២២ កក្កដា ២០២០ ជា​កំហិត​។

ប្រសិនបើ​ប្រជាពលរដ្ឋ​មិន​បាន​សហការ​ទេ រដ្ឋបាល​ស្រុក​និង​មិន​ទទួលខុសត្រូវ​លើ​ការ​បាត់បង់​ដីធ្លី និង​ផល​ប៉ះពាល់​ដី​ផ្សេង​ៗ​ទាំងអស់ ក្រោយ​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់វែង​កំណត់​ព្រំ​ដី​រួចរាល់​នោះ​។

ថ្លែង​ជាមួយ​អ្នក​សារព័ត៌មាន​កាលពី​ល្ងាច​ថ្ងៃ​ទី​២៩ មិថុនា ២០២០ ខណៈ​កំពុង​ដឹកនាំ​មន្ត្រី​ជំនាញ​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ថា ក្នុង​នាម​លោក​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​បញ្ជា​ឲ្យ​ជំនាញ​ពាក់ព័ន្ធ​គ្រប់​អង្គភាព​ផ្ទៀងផ្ទាត់​ឡើង​វិញ ដោយ​ត្រូវ​ដកហូត​ដី​ទាំង​អស់នោះ​មក​ជា​របស់​រដ្ឋ លើកលែងតែ​ដី​ដែល​មានការ​កាន់កាប់​ច្បាស់លាស់​របស់​ប្រជាពលរដ្ឋ ជា​យូរណាស់​មក​ហើយ ។​

អភិបាលខេត្ត​បាន​ថ្លែង​ថា ដីចំការ​ស្រល់​នេះ​ជា​តំបន់​ដែល​ព្រះមហាក្សត្រ ធ្លាប់​យាង​មក​ប្រារព្ធ​ពិធី​រុក្ខទិវា ក្នុង​ឆ្នាំ​២០០៤(​ទំហំ​២២៥​ហិច​តា​) ខណៈ​ដែល​អាជ្ញាធរ​កំពុង​ជំរុញ​ឲ្យ​ចុះបញ្ជី​ដី​នេះ​ជា​សម្បត្តិ​រដ្ឋ ហើយ​ក្នុងដំណើរការ​ចុះបញ្ជី​ក៏​ពិនិត្យ​ឃើញ​មានការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ ដែល​ចំណុច​នេះ​អាជ្ញាធរ​នឹង​ដោះ ស្រាយ​តាម​បែបបទ​រដ្ឋបាល ដើម្បី​ឈាន​ដល់​ការ​ដកហូត​តំបន់​ដីចំការ​ស្រល់​ទាំងនេះ​មក​វិញ ។

ទោះជា​យ៉ាងណា​នៅ​មិន​ទាន់​ដឹង​អំពី​ទំហំ​នៃ​ផល​ប៉ះពាល់​នៅឡើយ​ទេ ដោយ​មន្ត្រី​ជំនាញ​កំពុងធ្វើការ​ងារ​នេះ​។ លោក ស្វាយ សំ​អ៊ា​ង ថ្លែង​ទៀត​ថា តំបន់​ចំការ​ស្រល់​ដែល​មន្ត្រី​ជំនាញ​ចុះបញ្ជី​ជា​សម្បត្តិ​រដ្ឋ នឹង​ដាំ​ដើម​ស្រល់ ដែល​បាត់បង់​ឡើង​វិញ ដើម្បី​ក្លាយទៅជា​គោលដៅ​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀ​ទេសចរ ព្រោះតែ​ទី​នេះ​មាន​សក្តានុពលទេសចរណ៍​ស្រាប់តែ​ម្ដង​។​

បើតាមលោកអភិបាលខេត្តមណ្ឌលគិរី​បញ្ជាក់​ថា ​ក្រុមការងារ​នឹង​ពិនិត្យ​លើ​លិខិត​កាន់កាប់​របស់​ប្រជាពលរដ្ឋ កន្លែង​ណា​​មានលិខិត​កាន់កាប់​ស្របច្បាប់​នឹង​ដោះស្រាយ​តាម​នីតិវិធី កន្លែង​ដែល​កាន់កាប់​ខុសច្បាប់​គឺ​ដកហូត​តែ​ម្ដង​ ។

នៅក្នុង​ពិធី​បូក​សរុប​ល​ទ្ឋ​ផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកប្រចាំឆមាស​ទី​១ និង​ទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០២០ កាលពីថ្ងៃទី០៧ កក្កដាកន្លងមកនេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​អះអាង​ថា លោក​កំពុង​រងកម្ម​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជម្លោះដីធ្លី​របស់​អ្នក​មានបុណ្យ​ស័ក្តិធំ​ៗ​នៅ​ខេត្ត​មណ្ឌលគិរី ។​

​បើ​តាម​លោក ស ខេ​ង នៅ​ខេត្តមណ្ឌលគិរី កំពុង​មាន​ទំនាស់​រឿង​ដីធ្លី ដែល​ភាគច្រើន សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ អ្នកមាន​បុណ្យ​ស័​ក្ត​ធំ​ៗ កំពុង​ប្រជែង​គ្នា ទៅ​ចាប់​យក​ដី​នៅ​ទីនោះ ។​

​លោក ស ខេ​ង បន្ថែម​បែប​នេះ​ថា «​ខាង​ក្រសួង​ដែនដី​នគរ រូប​នី​យ​កម្ម និង​សំណង់ ការ​រៀបចំ​ប្លង់​គោល​នៅ​កន្លែង​មួយ​ចំនួន ដែល​ខុស​ពី​ប៉ូ​ល​អភិវឌ្ឍន៍ ។ បើ​យើង​មិន​គិត​ពី អ្វី​វា​នឹង​ច្របូកច្របល់​អស់ហើយ ហើយ​នៅ​ពេល​ខាង​មុខ មិន​ងាយ​កែសម្រួល​នោះ​ទេ​» ។​

​លោក​បាន​បញ្ជាក់​ថា «​ករណី​នេះ ខ្ញុំ​លើក​ឧទាហរណ៍ ដូច​ជា​ខេត្ត​កំពង់សោម​ដែល​ជា​តំបន់​ប៉ូ​ល​សេដ្ឋកិច្ច ហើយ​មណ្ឌលគិរី​ក៏​ជា​តំបន់​ប៉ូ​ល​ដែរ ។ ឥឡូវ​នាំ​គ្នា​ទៅ​ចាប់​យក​ដី ហើយ​កំពុង​មានរឿង​មិន​ទាន់​ដោះស្រាយ​ផង​! ហើយ​សុទ្ធតែ​អ្នកធំ​ៗ ។ ធំ​ប៉ុណ្ណា​ខ្ញុំ​មិនដឹង​ទេ តែ​ដឹង​តែ​ធំ​»៕