ប្រេស៊ីលត្រូវចាប់ផ្តើមសាកល្បងវ៉ាក់សាំងទំនើបផលិតឡើងដោយក្រុមហ៊ុនចិនមួយ ដើម្បីប្រឆាំងនឹងវីរុសកូរ៉ូណានៅថ្ងៃអង្គារទី២១កក្កដា ដោយក្រុមហ៊ុនត្រូវបញ្ចេញវ៉ាក់សាំងប៉ុន្មានដូសដំបូងសំរាប់អ្នកស្ម័គ្រចិត្ត ចូលសាកល្បងប្រមាណ៩០០នាក់ ។
វ៉ាក់សាំងវីរុសកូរ៉ូណា ផលិតដោយក្រុមហ៊ុនឳសថឯកជនចិន Sinovac ជាវ៉ាក់សាំងទី៣ នៅក្នុងលោក ដែលបានឈានដល់ការសាកល្បងដំណាក់កាលទី៣ ឬការសាកល្បងទ្រង់ទ្រាយធំ លើមនុស្ស និងជាដំណាក់កាលចុងក្រោយ មុននឹងត្រូវអនុញ្ញាតអោយផលិតចេញសម្រាប់ការប្រើប្រាស់ជាសកល ។
អភិបាលរដ្ឋ សៅប៉ាវឡូ លោក ចូអាវ ដូរៀ បានប្រាប់សន្និសីទកាសែតមួយថា «ការសាកល្បងវ៉ាក់សាំង CoronaVac ដែលស្ថិតក្នុងដំណើរការសាកល្បង នឹងចាប់ផ្តើមនៅមន្ទីរពេទ្យក្រុងសៅប៉ាវឡូ ហើយលទ្ធផលជំហានដំបូង នឹងបង្ហាញអោយដឹងនៅក្នុងរង្វង់៩០ថ្ងៃទៀត» ។
ក្រុមហ៊ុន Sinovac សហការជាមួយមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវសុខភាពសាធារណៈប្រេស៊ីល គឺវិទ្យាស្ថានButantan Institute នៅក្នុងការសាកល្បងវ៉ាក់សាំងនេះ ។
យោងតាមក្រុមមន្ត្រី ប្រសិនបើក្រោយការសាកល្បងបង្ហាញថា វាមានសុវត្ថិភាព និងប្រសិទ្ធភាពហើយនោះវិទ្យាស្ថាន Butantan Institute នឹងមានសិទ្ធិផលិតចេញវ៉ាក់សាំង១២០លានដូស នៅក្រោមកិច្ចព្រមព្រៀង ។
ក្នុងពេលជាមួយគ្នា ប្រធានវិទ្យាស្ថានខាងលើបានអះអាងថា «នៅប្រេស៊ីល យើងអាចមានវ៉ាក់សាំងដំបូងគេប្រើជាទូទៅ ។ យើងសង្ឃឹមខ្លាំងណាស់»។
ប្រេស៊ីលជាប្រទេសរងគ្រោះខ្លាំងជាងគេទី២ ដោយជំងឺកូវីដ១៩ បន្ទាប់ពីអាម៉េរិក ។ គិតត្រឹមថ្ងៃចន្ទ ប្រទេសប្រេស៊ីល មានអ្នកស្លាប់ដោយកូវីដ១៩ ដល់ជាង ៨០.០០០នាក់ និងជាង២លាននាក់ បានឆ្លងកូវីដ១៩ ៕