លោក ស ខេង ថាការគ្រប់គ្រងជនអន្តោប្រវេសន៍សម័យនេះល្អជាងសម័យមុនៗ

លោក​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថា ប្រៀបធៀប​នឹង​សម័យកាល​មុន​ៗ ក្នុង​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា គឺ​ទើបតែ​សម័យកាល​បច្ចុប្បន្ន​នេះ​ទេ ដែល​ប្រទេស​កម្ពុជា​យើង​អាច​គ្រប់គ្រង​បញ្ហា​ជនបរទេស បញ្ហា​ជនអន្តោប្រវេសន៍ បាន​ល្អ​ប្រសើរ បន្ទាប់​ពី​ក្រសួងមហាផ្ទៃ បាន​សម្រេច​បង្កើត​ឱ្យ​មាន​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ។​

​បើ​តាម​លោក ស ខេ​ង ទោះបី​មានការ​រិះគន់​ខ្លះ ប៉ុន្តែ​យើង​បាន​គ្រប់គ្រង​ជនបរទេស ជនអន្តោប្រវេសន៍ បាន​ល្អ​ប្រសើរ​ជាង​មុន​។​

​ការ​លើក​ឡើង​របស់​លោក​ប្រមុខ​មហាផ្ទៃ​ខាងលើ​បែប​នេះ បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ ស្ដី​អំពី​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​ស្នាក់​នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (FPCS) នា​ព្រឹក​ថ្ងៃ​ទី​២១ កក្កដា ២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​បើ​តាម​លោកនាយ​ឧត្តមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ​២០១៩ ក្រុមបច្ចេកទេស​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​មានការ​រៀបចំ​ពី​ប្រព័ន្ធ​កុំព្យូទ័រ មក​ប្រព័ន្ធ​កម្មវិធី​ថ្មី​(App) ដែល​មានឈ្មោះ​ថា​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា (FPCS) ដែល​ប្រព័ន្ធ​នេះ​អាច​ប្រើប្រាស់​បាន ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន​លើ​លិខិតឆ្លងដែន ហើយ​អាច​ទាញ​យក​ទិន្នន័យ​ចូល​ក្នុង​ប្រព័ន្ធ​ដោយ​ប្រើប្រាស់​រយៈពេល​ខ្លី​។​

​ប្រព័ន្ធ​គ្រប់គ្រង​វត្តមាន​ជនបរទេស​នៅ​កម្ពុជា (FPCS) នេះ​ជា​កម្មវិធី​App ដែល​អាច​ប្រើប្រាស់​តាម​រយៈ​ទូរ​សព្ទ​, Tablet ឬ​កុំព្យូទ័រ ដោយ​គ្រាន់តែ​ធ្វើការ​ស្កេ​ន​លើ​លិខិតឆ្លងដែន ហើយ​ម្ចាស់​ទីតាំង ឬ​ម្ចាស់​អាជីវកម្ម​អាច​តំឡើង​កម្មវិធី​នេះ​បាន​ដោយ​ងាយស្រួល​។ ព្រម​ជាមួយ​គ្នា​នេះ ដើម្បី​សម្រួល​និង​ជំនួយ​ដល់​ការ​ប្រើប្រាស់ អគ្គនាយក​ដ្ឋាន​អន្តោប្រវេសន៍​ក៏​បាន​រៀបចំ​ជា​មេរៀន​ខ្លី​ៗ ស្ដី​ពី​របៀប​តំឡើង ក៏​ដូច​ជា​របៀប​ប្រើប្រាស់​កម្មវិធី​ជា​៣​ភាសា គឺ​ភាសា​ខ្មែរ ភាសា​អង់គ្លេស និង​ភាសា​ចិន​ផង​ដែរ​៕