លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ប្រៀបធៀបនឹងសម័យកាលមុនៗ ក្នុងប្រវត្តិសាស្ត្ររបស់ព្រះរាជាណាចក្រកម្ពុជា គឺទើបតែសម័យកាលបច្ចុប្បន្ននេះទេ ដែលប្រទេសកម្ពុជាយើងអាចគ្រប់គ្រងបញ្ហាជនបរទេស បញ្ហាជនអន្តោប្រវេសន៍ បានល្អប្រសើរ បន្ទាប់ពីក្រសួងមហាផ្ទៃ បានសម្រេចបង្កើតឱ្យមានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
បើតាមលោក ស ខេង ទោះបីមានការរិះគន់ខ្លះ ប៉ុន្តែយើងបានគ្រប់គ្រងជនបរទេស ជនអន្តោប្រវេសន៍ បានល្អប្រសើរជាងមុន។
ការលើកឡើងរបស់លោកប្រមុខមហាផ្ទៃខាងលើបែបនេះ បានធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ស្ដីអំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា (FPCS) នាព្រឹកថ្ងៃទី២១ កក្កដា ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
បើតាមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា ចាប់ពីពាក់កណ្ដាលឆ្នាំ២០១៩ ក្រុមបច្ចេកទេសអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានការរៀបចំពីប្រព័ន្ធកុំព្យូទ័រ មកប្រព័ន្ធកម្មវិធីថ្មី(App) ដែលមានឈ្មោះថាប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) ដែលប្រព័ន្ធនេះអាចប្រើប្រាស់បាន ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយអាចទាញយកទិន្នន័យចូលក្នុងប្រព័ន្ធដោយប្រើប្រាស់រយៈពេលខ្លី។
ប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសនៅកម្ពុជា (FPCS) នេះជាកម្មវិធីApp ដែលអាចប្រើប្រាស់តាមរយៈទូរសព្ទ, Tablet ឬកុំព្យូទ័រ ដោយគ្រាន់តែធ្វើការស្កេនលើលិខិតឆ្លងដែន ហើយម្ចាស់ទីតាំង ឬម្ចាស់អាជីវកម្មអាចតំឡើងកម្មវិធីនេះបានដោយងាយស្រួល។ ព្រមជាមួយគ្នានេះ ដើម្បីសម្រួលនិងជំនួយដល់ការប្រើប្រាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានរៀបចំជាមេរៀនខ្លីៗ ស្ដីពីរបៀបតំឡើង ក៏ដូចជារបៀបប្រើប្រាស់កម្មវិធីជា៣ភាសា គឺភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិនផងដែរ៕