ប្រពន្ធសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ នៅរាជធានីភ្នំពេញ ព្រួយបារម្ភអំពីសុខភាពប្ដីរបស់លោកស្រីខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងពេលជាប់ឃុំនៅពន្ធនាគារព្រៃស។ លោកស្រី អះអាងថា ប្ដីលោកស្រីបានធ្លាក់ខ្លួនឈឺស្គមស្គាំងខុសប្រក្រតី ដោយសារតែបង្គន់ក្នុងបន្ទប់ឃុំឃាំងមានក្លិនស្អុយសម្រាន្តមិនបានជាច្រើនថ្ងៃហើយ ហើយពុំមានមន្ត្រីពន្ធនាគារណាដោះស្រាយរឿងនេះនៅឡើយទេ។
ប្រពន្ធចៅសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញលោកស្រី សុខ បូលីម៉ា ឱ្យដឹងថា លោកស្រីតក់ស្លុតចិត្តយ៉ាងខ្លាំងនៅពេលទៅសួរសុខទុក្ខប្ដី គឺលោក ឃឹម ភាណា នៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី២២ កក្កដា ហើយឃើញប្ដីរបស់លោកស្រីស្គមស្លេកស្លាំងជាងមុន។ លោកស្រី បន្ថែមថា លោក ឃឹម ភាណា វង្វេងស្មារតី និយាយមិនសូវឮដូចពេលមុនៗនោះទេ។ លោកស្រីថា ប្តីធ្លាក់ខ្លួនឈឺព្រោះសម្រាន្តមិនបាន ប្រហែលមួយសប្ដាហ៍មកហើយ ដោយសារបង្គន់នៅក្នុងបន្ទប់ឃុំឃាំងរបស់គាត់ខូច ហើយលាមកហៀរចេញមកខាងក្រៅ មានក្លិនស្អុយភាយពុំមានមន្ត្រីពន្ធនាគារណាទៅជួសជុលបង្គន់ឱ្យពួកគាត់នោះទេ។ លោកស្រីបន្ថែមថា ដោយសារតែក្លិនស្អុយបង្គន់នេះ ប្ដីរបស់លោកស្រីពិបាកដង្ហើម ហើយកម្លាំងចុះខ្សោយទន់ដៃទន់ជើង៖ «គាត់ថាដេកអត់បានឡើងស្លេក ខ្ញុំឡើងស្រក់ទឹកភ្នែក ហើយគាត់និយាយមកខ្ញុំ ខ្ញុំស្ដាប់អត់ឮ ហើយគាត់ក៏ស្ដាប់ខ្ញុំអត់ឮដែរ។ ប្ដីខ្ញុំទោសនយោបាយទេ ម៉េចក៏ដល់ថ្នាក់ហ្នឹងជាមួយគាត់ មិនឱ្យខ្ញុំយំម៉េចបើប្ដីខ្ញុំស្លេកស្លាំង ឧបមាបើគាត់ស្លាប់នៅក្នុងគុក តើអស់លោកហ្នឹងអ្នកទទួលខុសត្រូវឬ0x017d7 ខ្ញុំចង់សួរគាត់វិញ សូមអស់លោកបើកគ្រាប់ភ្នែកមើលគាត់ផង»។
លោកស្រីបន្តថា ស្ថានភាពបែបនេះ ធ្វើឱ្យជំងឺលើសឈាមរបស់ប្តីលោកស្រីរើឡើងវិញ កាន់តែធ្ងន់ធ្ងរ។ លោកស្រី ព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរមិនបានដោះស្រាយរឿងនេះឱ្យបានឆាប់ទេ នោះលោក ឃឹម ភាណា អាចនឹងឈឺស្លាប់នៅក្នុងពន្ធនាគារនៅពេលដ៏ខ្លីខាងមុខ ព្រោះសព្វថ្ងៃលោកហូបបាយមិនសូវបាន សម្រាន្តមិនលក់ ហើយវិលមុខដួលជាញឹកញាប់ទៀងផង៖ «របៀបថាស្ទើរទៅស្ទើរនៅ តែម្ដងគាត់និយាយប្រាប់ខ្ញុំ ដល់ខ្ញុំឮអីចឹង ស្រក់ទឹកភ្នែកខ្ញុំនិយាយអត់ចេញទេ ហើយវ័យគាត់ចាស់ទៀត របៀបថា ធ្វើបាបអ្នកទោសនយោបាយមែនទែនហ្មង ធ្វើបាបផ្លូវចិត្តផ្លូវកាយអីចឹង ខ្ញុំជាប្រពន្ធជនរងគ្រោះ ខ្ញុំមិនអាចទទួលយកបានទេ ហើយគាត់អត់មានខុសអីផងធ្វើបាបគាត់ធ្វើអី។ ខ្ញុំសំណូមពរហើយសំណូមពរទៀត សុំឱ្យស្ថានទូតអាមេរិក ស្ថានទូតសហភាពអឺរ៉ុប និងអ្នកសារព័ត៌មានអន្តរជាតិសូមលោកជួយខ្ញុំផង ពួកខ្ញុំរងគ្រោះមែនទែន បាត់បង់សិទ្ធិសេរីភាពនិយាយរួមទៅបាត់ទាំងអស់»។
លោកស្រី សុខ បូលីម៉ា ឱ្យដឹងថា លោកស្រីបានប្រាប់រឿងទៅអង្គការលីកាដូ (Lichado) និងសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដើម្បីជួយអន្តរាគមន៍ដល់លោកស្រីរួចហើយ។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃលោក នុត សាវនា ប្រាប់អាស៊ីសេរីថា លោកពុំបានដឹងបញ្ហាស្ទះបង្គន់អនាម័យរបស់អ្នកជាប់ឃុំនេះនៅឡើយទេ ប៉ុន្តែលោកថា លោកនឹងប្រាប់មន្ត្រីពន្ធនាគារព្រៃសឱ្យទៅត្រួតពិនិត្យដោះស្រាយរឿងនេះក្នុងពេលឆាប់ៗ។ លោកបន្តថា ប្រសិនបើមានអ្នកជាប់ឃុំឈឺធ្ងន់ សមត្ថកិច្ចពន្ធនាគារនឹងបញ្ជូនពួកគេទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនទុកឱ្យពួកគាត់ស្លាប់នោះឡើយ៖ «បាទ យើងផ្ដល់ជូនតើ បើជំងឺធម្មតាយើងព្យាបាលបាននៅក្នុងមណ្ឌល យើងមើលប៉ុស្តិ៍សុខភាពហ្នឹងឯង ហើយបើថា ព្យាយាមទៅអស់លទ្ធភាពអ្នកមន្ត្រីពេទ្យនៅក្នុងមណ្ឌលហ្នឹងយើងបញ្ជូនទៅព្យាបាលនៅមន្ទីរសូវៀត និងពេទ្យលោកសង្ឃអីចឹងទៅ»។
ចៅសង្កាត់ផ្សារដេប៉ូ៣ ជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក ឃឹម ភាណា ត្រូវបានអាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនកាលពីថ្ងៃទី២ មេសា ដោយចោទប្រកាន់ពីបទរួមគំនិតក្បត់ ញុះញង់កុំឱ្យយោធិនស្តាប់បង្គាប់ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ គិតត្រឹមចុងខែកក្កដានេះ លោកបានជាប់ឃុំក្នុងពន្ធនាគារព្រៃស អស់រយៈពេលជិត ៤ខែមកហើយ ។
ប្រភព RFA