ប្តីខ្ញុំអ្នកទោសនយោបាយទេ ម៉េចក៍ដល់ថ្នាក់ហ្នឹងជាមួយគាត់…

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ នៅ​រាជធានី​ភ្នំពេញ ព្រួយបារម្ភ​អំពី​សុខភាព​ប្ដី​របស់​លោកស្រី​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត ក្នុង​ពេល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។ លោកស្រី អះអាង​ថា ប្ដី​លោកស្រី​បាន​ធ្លាក់ខ្លួន​ឈឺ​ស្គមស្គាំង​ខុស​ប្រក្រតី ដោយសារ​តែ​បង្គន់​ក្នុង​បន្ទប់​ឃុំឃាំង​មាន​ក្លិនស្អុយ​សម្រាន្ត​មិន​បានជា​ច្រើន​ថ្ងៃ​ហើយ ហើយ​ពុំ​មាន​មន្ត្រី​ពន្ធនាគារ​ណា​ដោះស្រាយ​រឿង​នេះ​នៅឡើយ​ទេ​។​

​ប្រពន្ធ​ចៅសង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​លោកស្រី សុខ បូ​លី​ម៉ា ឱ្យ​ដឹង​ថា លោកស្រី​តក់ស្លុត​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ទៅ​សួរសុខទុក្ខ​ប្ដី គឺ​លោក ឃឹម ភា​ណា នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស កាលពី​ថ្ងៃ​ទី​២២ កក្កដា ហើយ​ឃើញ​ប្ដី​របស់​លោកស្រី​ស្គម​ស្លេកស្លាំង​ជាង​មុន​។ លោកស្រី បន្ថែម​ថា លោក ឃឹម ភា​ណា វង្វេងស្មារតី និយាយ​មិនសូវ​ឮ​ដូច​ពេល​មុន​ៗ​នោះ​ទេ​។ លោកស្រី​ថា ប្តី​ធ្លាក់ខ្លួន​ឈឺ​ព្រោះ​សម្រាន្ត​មិន​បាន ប្រហែល​មួ​យស​ប្ដា​ហ៍​មក​ហើយ ដោយសារ​បង្គន់​នៅ​ក្នុង​បន្ទប់​ឃុំឃាំង​របស់​គាត់​ខូច ហើយ​លាមក​ហៀរ​ចេញ​មក​ខាងក្រៅ មាន​ក្លិនស្អុយ​ភាយ​ពុំ​មាន​មន្ត្រី​ពន្ធនាគារ​ណា​ទៅ​ជួសជុល​បង្គន់​ឱ្យ​ពួក​គាត់​នោះ​ទេ​។ លោកស្រី​បន្ថែម​ថា ដោយសារ​តែ​ក្លិនស្អុយ​បង្គន់​នេះ ប្ដី​របស់​លោកស្រី​ពិបាក​ដង្ហើម ហើយ​កម្លាំង​ចុះ​ខ្សោយ​ទន់ដៃទន់ជើង​៖ «​គាត់​ថា​ដេក​អត់​បាន​ឡើង​ស្លេក ខ្ញុំ​ឡើង​ស្រក់​ទឹកភ្នែក ហើយ​គាត់​និយាយ​មក​ខ្ញុំ ខ្ញុំ​ស្ដាប់​អត់​ឮ ហើយ​គាត់​ក៏​ស្ដាប់​ខ្ញុំ​អត់​ឮ​ដែរ​។ ប្ដី​ខ្ញុំ​ទោស​នយោបាយ​ទេ ម៉េច​ក៏​ដល់​ថ្នាក់​ហ្នឹង​ជាមួយ​គាត់ មិន​ឱ្យ​ខ្ញុំ​យំ​ម៉េច​បើ​ប្ដី​ខ្ញុំ​ស្លេកស្លាំង ឧបមា​បើ​គាត់​ស្លាប់​នៅ​ក្នុង​គុក តើ​អស់លោក​ហ្នឹង​អ្នក​ទទួលខុសត្រូវ​ឬ0x017d7 ខ្ញុំ​ចង់​សួរ​គាត់​វិញ សូម​អស់លោក​បើក​គ្រាប់ភ្នែក​មើល​គាត់​ផង​»​។​

​លោកស្រី​បន្ត​ថា ស្ថានភាព​បែប​នេះ ធ្វើ​ឱ្យ​ជំងឺលើសឈាម​របស់​ប្តី​លោកស្រី​រើ​ឡើង​វិញ កាន់តែ​ធ្ងន់ធ្ងរ​។ លោកស្រី ព្រួយបារម្ភ​ថា ប្រសិនបើ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​រឿង​នេះ​ឱ្យ​បាន​ឆាប់​ទេ នោះ​លោក ឃឹម ភា​ណា អាច​នឹង​ឈឺ​ស្លាប់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ព្រោះ​សព្វថ្ងៃ​លោក​ហូប​បាយ​មិនសូវ​បាន សម្រាន្ត​មិន​លក់ ហើយ​វិលមុខ​ដួល​ជា​ញឹកញាប់​ទៀង​ផង​៖ «​របៀប​ថា​ស្ទើរ​ទៅ​ស្ទើរ​នៅ តែ​ម្ដង​គាត់​និយាយ​ប្រាប់​ខ្ញុំ ដល់​ខ្ញុំ​ឮ​អីចឹង ស្រក់​ទឹកភ្នែក​ខ្ញុំ​និយាយ​អត់​ចេញ​ទេ ហើយ​វ័យ​គាត់​ចាស់​ទៀត របៀប​ថា ធ្វើបាប​អ្នកទោស​នយោបាយ​មែនទែន​ហ្មង ធ្វើបាប​ផ្លូវចិត្ត​ផ្លូវ​កាយ​អីចឹង ខ្ញុំ​ជា​ប្រពន្ធ​ជន​រង​គ្រោះ ខ្ញុំ​មិន​អាច​ទទួលយក​បាន​ទេ ហើយ​គាត់​អត់​មាន​ខុស​អី​ផង​ធ្វើបាប​គាត់​ធ្វើ​អី​។ ខ្ញុំ​សំណូមពរ​ហើយ​សំណូមពរ​ទៀត សុំ​ឱ្យ​ស្ថានទូត​អា​មេ​រិ​ក ស្ថានទូត​សហភាព​អឺរ៉ុប និង​អ្នក​សារព័ត៌មាន​អន្តរជាតិ​សូម​លោក​ជួយ​ខ្ញុំ​ផង ពួក​ខ្ញុំ​រង​គ្រោះ​មែនទែន បាត់បង់​សិទ្ធិ​សេរីភាព​និយាយ​រួម​ទៅ​បាត់​ទាំងអស់​»​។​

​លោកស្រី សុខ បូ​លី​ម៉ា ឱ្យ​ដឹង​ថា លោកស្រី​បាន​ប្រាប់​រឿង​ទៅ​អង្គការ​លី​កាដូ (Lichado) និង​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក (Adhoc) ដើម្បី​ជួយ​អន្តរាគមន៍​ដល់​លោកស្រី​រួច​ហើយ​។​

​ទាក់ទង​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ​លោក នុ​ត សាវ​នា ប្រាប់​អាស៊ី​សេរី​ថា លោក​ពុំ​បានដឹង​បញ្ហា​ស្ទះ​បង្គន់​អនាម័យ​របស់​អ្នក​ជាប់​ឃុំ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា លោក​នឹង​ប្រាប់​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​ឱ្យទៅ​ត្រួតពិនិត្យ​ដោះស្រាយ​រឿង​នេះ​ក្នុង​ពេល​ឆាប់​ៗ​។ លោក​បន្ត​ថា ប្រសិនបើ​មាន​អ្នក​ជាប់​ឃុំ​ឈឺ​ធ្ងន់ សមត្ថកិច្ច​ពន្ធនាគារ​នឹង​បញ្ជូន​ពួក​គេ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​ដោយ​មិន​ទុក​ឱ្យ​ពួក​គាត់​ស្លាប់​នោះ​ឡើយ​៖ «​បាទ យើង​ផ្ដល់​ជូន​តើ បើ​ជំងឺ​ធម្មតា​យើង​ព្យាបាល​បាន​នៅ​ក្នុង​មណ្ឌល យើង​មើល​ប៉ុស្តិ៍​សុខភាព​ហ្នឹងឯង ហើយ​បើ​ថា ព្យាយាម​ទៅ​អស់​លទ្ធភាព​អ្នក​មន្ត្រី​ពេទ្យ​នៅ​ក្នុង​មណ្ឌល​ហ្នឹង​យើង​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​សូ​វៀត និង​ពេទ្យ​លោកសង្ឃ​អីចឹង​ទៅ​»​។​

​ចៅសង្កាត់​ផ្សារ​ដេប៉ូ​៣ ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ លោក ឃឹម ភា​ណា ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ មេ​សា ដោយ​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ ញុះញង់​កុំឱ្យ​យោធិន​ស្តាប់បង្គាប់ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​។ គិត​ត្រឹម​ចុងខែ​កក្កដា​នេះ លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស អស់​រយៈពេល​ជិត ៤​ខែ​មក​ហើយ ។

ប្រភព RFA