សៀវភៅស្នាក់នៅ ជាសៀវភៅប្រើប្រាស់សម្រាប់ជាវិធានការនគរបាល ដើម្បីស្រង់ព័ត៌មានអំពីចំនួនមនុស្សដែលស្នាក់នៅក្នុងលំនៅឋាននីមួយៗ រួមទាំងលំនៅឋាននៃទីតាំងប្រមូលផ្ដុំ ហើយសៀវភៅស្នាក់នៅនេះ ពុំអាចប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬបញ្ជាក់ពីភាពជាកម្មសិទ្ធិលើលំនៅឋានបានឡើយ និងផ្ដល់បានតែមួយគត់ជូនចំពោះបុគ្គល ឬគ្រួសារ ឬក្រុមគ្រួសារដែលជាម្ចាស់ ឬជាអ្នកជួលកំពុងស្នាក់នៅក្នុងលំនៅឋានអចិន្ដ្រៃយ៍ណាមួយជាកំណត់ ទោះបុគ្គល គ្រួសារ ឬក្រុមគ្រួសារនោះមានលំនៅឋានលើសពីមួយក៏ដោយ ។
នេះបើយោងតាមចេញសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ។
បើតាមសេចក្តីណែនាំដដែលប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនបរទេសអន្ដោប្រវេសន្ដដែលកំពុងរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវចុះឈ្មោះក្នុងបញ្ជីស្នាក់នៅនិងទទួលបានសៀវភៅស្នាក់នៅមួយជាកំណត់នៅលំនៅឋានដែលខ្លួនស្នាក់នៅអចិន្ដ្រៃយ៍ ។
សេចក្តីណែនាំខាងលើ ក៍បានបញ្ជាក់ទៀតថា សៀវភៅគ្រួសារ ដែលជាសៀវភៅប្រើប្រាស់សម្រាប់បញ្ជាក់ពីចំណងញាតិភាពដែលមានសញ្ជាតិខ្មែររួមមានសហព័ទ្ឋ(ប្តី ឬ ប្រពន្ឋ) កូនបង្កើត ឬស្មុំ ក៍ពុំអាចយកទៅប្រើប្រាស់ធ្វើជាឯកសារសម្រាប់អះអាង ឬ បញ្ជាក់ពីភាពជាកម្មសិទ្ឋិលើលំនៅដ្ឋានបាននោះដែរ ។
ខ្លឹមសារសំខាន់ៗជាច្រើនទៀតសូមចូលអានសេចក្ដីណែនាំស្ដីពីបែបបទនិងនីតិវិធីនៃការងារចុះបញ្ជី និងគ្រប់គ្រងការស្នាក់នៅរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី២២ កក្កដា ២០២០ ៕