ក្រុមប្រជានេសាទមួយចំនួននៅបឹងទន្លេសាប បានសម្តែងការព្រួយបារម្ភខ្លាំងអំពីការធ្លាក់ចុះនៃទិន្នផលត្រីធម្មជាតិនានៅឆ្នាំនេះដោយសារតែគ្មានទឹកជោរជន់ និង បាតបឹងទន្លេសាបមានស្ថានភាពរាក់ខុសពីឆ្នាំណាៗទាំងអស់ ។
ប្រជានេសាទដែលអះអាងថាខ្លួនគ្មានជំនាញអ្វីក្រៅពីមុខរបរនេសាទ បានប្រាប់ RFA ថា ស្ថានភាពរីងរាក់ ឬគ្មានទឹកជន់ជោរ ចូលតំបន់បឹងទន្លេសាបនៅឆ្នាំ២០២០នេះ នឹងធ្វើឱ្យទិន្នផលត្រីធម្មជាតិធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានកន្លងមក។ ក្រុមប្រជានេសាទបារម្ភថា ជីវភាពរបស់ពួកគាត់ដែលរស់អាស្រ័យលើផលនេសាទ ក៏នឹងជួបគ្រោះទុរភិក្សធ្ងន់ធ្ងរដោយសារវិបត្តិនេះ។
បើតាមប្រជានេសាទ ការខ្វះទឹកនៅបឹងទន្លេសាប មិនត្រឹមតែធ្វើឱ្យថយចុះផលនេសាទប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យដាច់ពូជត្រីកម្រមួយចំនួន ដែលបានប្រឈមនឹងផុតពូជពីឆ្នាំមុនៗមកនោះស្រាប់។
ពួកគាត់បន្ថែមថា ពេលនេះ ជារដូវកាលត្រីពងកូនក្នុងអន្លង់អភិរក្សមួយចំនួន ហើយនឹងចេញទៅរកជម្រកតាមព្រៃរនាម និងតំបន់ផ្សេងទៀតដើម្បីរកចំណីធម្មជាតិសម្រាប់ភាពធំធាត់របស់ពួកគេ ប៉ុន្តែបើគ្មានទឹកហូរចូលអន្លង់ និងវាលទំនាបដូចសព្វដងនោះ ត្រីមិនអាចចេញពីអន្លង់នោះបាន បណ្ដាលខ្វះចំណីដើម្បីបន្តជីវិតបាន ម្យ៉ាងទៀតមានពូជត្រីមួយចំនួនដូចជាត្រីឆ្ដោជាដើម ពេលខ្វះចំណី ហើយចេញទៅណាមិនរួចដូចគ្នាដែរនោះ វាក៏ស៊ីកូនត្រីជាអាហារតែម្ដង ។
ម្យ៉ាងទៀត ផលលំបាកសម្រាប់ត្រីមួយផ្នែកទៀតនោះ គឺការបាត់បង់ព្រៃរនាមជាបន្តបន្ទាប់ដែលជាជម្រកត្រីដ៏សំខាន់នៅរដូវវស្សា ឬរដូវត្រីពងកូនចាប់ពីអំឡុងខែ មិថុនា ដល់ខែកញ្ញា ឬត្រីខ្លះអាចដល់ខែតុលា ហើយថាជាទម្លាប់រាល់ឆ្នាំ នៅខែឧសភា ទឹកទន្លេមេគង្គ ចាប់ផ្ដើមឡើងចូលព្រែក លិចវាលព្រៃរនាម ហើយបន្តហូរចូលមកបឹងទន្លេសាបបានសមល្មមសម្រាប់ត្រីរស់នៅបន្តពូជ ប៉ុន្តែឆ្នាំនេះយឺតយាវជាងសព្វដង គឺយឺតជាង២ខែមកហើយ ហើយពួកគាត់ក៏មិនដឹងថាពេលណាទឹកនឹងមកដល់បឹងទន្លេសាបនេះទេ។
កាលពីថ្ងៃទី១៤ កក្កដា ២០២០ កន្លងមកថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅមជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិវឌ្ឍពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង ដោយលោកទទួលស្គាល់ថា ទិន្នផលត្រីបានថយចុះជាបន្តបន្ទាប់។ លោកអះអាងថា បញ្ហានេះពាក់ព័ន្ធនឹងកត្តាមនុស្ស និងបរិស្ថានទឹក មានការប្រែប្រួលផងដែរ តែលោកមិនបានលើកឡើងពីបញ្ហាបទល្មើសនេសាទដែលសហគមន៍នេសាទភ័យបារម្ភ និងទាមទារឱ្យអាជ្ញាធរ រដ្ឋាភិបាលជួយទប់ស្កាត់ជាប្រចាំនោះទេ៖ «ជំនាន់ខ្ញុំនៅពីក្មេងត្រីនៅច្រើនណាស់ ពេលនោះទឹកជ្រៅ ឥឡូវនេះទឹករាក់ត្រីតិចប្រជាជនច្រើនវាផ្ទុយគ្នាអ៊ីចឹងៗទេ បានជាម្ខាងខិតខំអភិរក្សតាមរយៈប្រលែងកូនត្រី មេពូជត្រី និងម្ខាងទៀតខំជំរុញការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់តម្រូវការ»។
យោងតាមរបាយការណ៍របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម កាលពីឆ្នាំ២០១៩កន្លងមកបង្ហាញថា ផលនេសាទទឹកសាប មានចំនួន ជាង៤៧ម៉ឺនតោន។ ចំនួននេះ ធ្លាក់ចុះជាងឆ្នាំ២០១៨ ចំនួនជាង៥ម៉ឺនតោនដែលកាលពីឆ្នាំ២០១៨ ទិន្នផលត្រីទឹកសាបប្រមូលបានជាង៥៣ម៉ឺនតោន។ នៅក្នុងរបាយការណ៍ដដែលក៍បានបញ្ជាក់ថា ការថយចុះនៃផលត្រីទឹកសាបនេះ គឺបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ៕