បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែមានការវិវត្តរីកចម្រើនគ្រប់វិស័យ គ្រាន់តែវិស័យខ្លះនៅស្ពឹកស្រពន់យឺតរបៀបដំណើរអណ្តើក កន្លែងខ្លះហាក់កំពុងយកសត្វខ្លាដាក់ពីក្រោយខ្នងដើម្បីបង្ខំឲ្យលឿនទាន់គេទាន់ឯង ហើយក៍មានកន្លែងខ្លះអនុវត្តន៍ចង់លើស..។
ជាក់ស្តែង វិស័យហេដ្ឋារចនាសម្ព័ន្ឋនៅទូទាំងប្រទេសមានការរីកចម្រើនគួរលើកទឹកចិត្តរាជរដ្ឋាភិបាលដែលបានខិតខំប្រឹងប្រែងសាងសង់ស្ថាបនាផ្លូវជាតិ ផ្លូវលំ មានទាំងចាក់កៅស៊ូ ឬ បេតុង ក្រួសក្រហម..គិតជាចម្ងាយរាប់សិបពាន់គីឡូម៉ែត្រឯណោះ ។
ទន្ទឹមនឹងការរីកចម្រើនរបស់ប្រទេសជាតិ រាជរដ្ឋាភិបាលក៍បានដាក់ចេញនូវយុទ្ឋសាស្ត្រតាំងយុទ្ឋសាស្ត្រត្រីកោណ រហូតដល់ចតុកោណ នឹងអាចចេញបញ្ចកោណ ឬ ឆកោណ នៅថ្ងៃណាមួយ ដែលនេះជាចក្ខុវិស័យនិងគោលដៅក្នុងការដឹកនាំប្រទេស ក្នុងនោះក៍មានការកែទម្រង់ រហូតដល់ដាក់ចេញជាពាក្យកំណែទម្រង់ស៊ីជម្រៅលើរបៀបរបបការងារដឹកនាំ និងការលុបបំបាត់អំពើពុករលួយ ការកែទម្រង់ប្រព័ន្ឋយុត្តិធ៌ម អប់រំ សុខាភិបាល ។ល។ ។
នៅក្នុងគោលដៅខាងលើនេះ ក៍មានបែងចែកជាចង្កោមការងារជាច្រើនទៀត ដូចជាការរៀបចំសណ្តាប់ធ្នាប់សធារណៈ ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ខណៈដែលពលរដ្ឋកំពុងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលមកទល់នឹងពេលនេះពលរដ្ឋក្នុងរាជធានីភ្នំពេញមានចំនួនប្រហែលជិត៤លាននាក់ហើយក៍មិនដឹង.. និង ផ្លូវតូចចង្អៀត និងមនុស្សមួយចំនួនតូចមិនព្រមគោរពច្បាប់ ។
ចំណុចចុងក្រោយនេះ ដែល«អង្រុត» សូមលើកបន្តិចក្នុងន័យស្ថាបនាតាមសំណើរបស់មជ្ឈដ្ឋានមួយចំនួន នោះគឺការដាក់ស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវក្នុងរាជធានីភ្នំពេញ ។ តាមការកត់សម្គាល់ ការដាក់ស្លាកសញ្ញាចរាចរណ៍ភាគច្រើនត្រឹមត្រូវនិងតាមស្តង់ដារ តែមជ្ឈដ្ឋានខ្លះគាត់មិនសប្បាយចិត្ត ព្រោះគាត់យល់ថា ការដាក់ស្លាកសញ្ញាចរាចរណ៍នៅតាមផ្លូវមួយចំនួនតូច ហាក់ដូចជាដាក់ដើម្បីយកប្រយោជន៍ច្រើនជាងការពង្រឹងនិងការអនុវត្តច្បាប់ ។
ជាក់ស្តែងការដាក់ស្លាកសញ្ញា«ហាមចត» នៅតាមផ្លូវខ្លះ ទីកន្លែងដែលត្រូវដាក់ មិនដាក់ទេ តែកន្លែងខ្លះ ដូចជាមិនត្រូវដាក់បែរជាដាក់ ហើយអស់លោកប៉ូលិសមួយចំនួនតូច គេឃើញអនុវត្តស្ទូចរថយន្តតែកន្លែងដែលមិនគួរត្រូវដាក់ស្លាកសញ្ញាចរាចរណ៍ទៅវិញ ដូចជាផ្លូវមួយចំនួនក្នុងសង្កាត់បឹងកេងកង១ ដូចជាផ្លូវ២៩៤ គឺស្លាកសញ្ញា«ហាមចត»នេះ ត្រូវបានមន្ត្រីជំនាញដាក់ចាប់តាំងពីចំណុចផ្លូវប្រសព្វនរោត្តម(ភ្លើងស្តុបវិមានឯករាជ្យ) ចុះមកលិច ដល់ផ្លូវប្រសព្វប៉ាស្ទ័រ តែចាប់ពីផ្លូវប៉ាស្ទ័រដល់ហាងកាហ្វេប្រោន ឬហួសហ្នឹង ដែលជាកន្លែងកកស្ទះញឹកញាប់ បែរជាមិនដាក់ស្លាកសញ្ញា«ហាមចត»ទៅវិញ ហើយរថយន្តនៅមុខហាងកាហ្វេប្រោនចតគ្មានសណ្តាប់ធ្នាប់បង្កការកកស្ទះរៀងរាល់ថ្ងៃ ជាពិសេសពេលព្រឹកម៉ោងសិស្សទៅសាលា មន្ត្រីរាជការទៅធ្វើការ និងម៉ោងថ្ងៃត្រង់ ។ ចំណុចនេះ មជ្ឈដ្ឋានខ្លះយល់ថា មន្ត្រីជំនាញដាក់ស្លាកសញ្ញា«ហាមចត»នេះ ដូចមានស្តង់ដារពីរ ព្រោះមានព័ត៌មានចចាមអារ៉ាមខ្លះថា មានការដាក់ខែយកលុយនៅតាមហាងនានា ជាថ្នូរទៅនឹងការមិនដាក់ស្លាកសញ្ញាចរាចរណ៍ ។
តើការលើកឡើងនេះពិតដែរឬទេ ? ។ លើសនេះទៀត ក៍មានព័ត៌មានថាលោកផ្កាយ២ទទួលបន្ទុកចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញម្នាក់ ក៍ត្រូវបានមន្ត្រីក្រោមឱវាទមិនពេញចិត្តនិងហែកកកូរកកាយរឿងដាក់ខែយកលុយនេះដែរ ? ។
«អង្រុត»នឹងធ្វើការស្រាយបំភ្លឺវិញ ប្រសិនជាមន្ត្រីជំនាញពាក់ព័ន្ឋបកស្រាយករណីនេះ ៕