ជូនជ្រាប ! ទឹកទន្លេសាបឆ្នាំនេះរាក់ខ្លាំងខុសធម្មតា

ក្រុម​ប្រជា​នេសាទ​មួយ​ចំនួន​នៅ​បឹង​ទន្លេសាប បាន​សម្តែង​ការ​ព្រួយបារម្ភ​ខ្លាំង​អំពី​ការ​ធ្លាក់​ចុះ​នៃ​ទិន្នផល​ត្រី​ធម្មជាតិ​នា​នៅ​ឆ្នាំ​នេះ​ដោយសារ​តែ​គ្មាន​ទឹកជោរ​ជន់ និង បាត​បឹង​ទន្លេសាប​មាន​ស្ថានភាព​រាក់​ខុស​ពី​ឆ្នាំ​ណា​ៗ​ទាំងអស់ ។​

​ប្រជា​នេសាទ​ដែល​អះអាង​ថា​ខ្លួន​គ្មាន​ជំនាញ​អ្វី​ក្រៅពី​មុខរបរ​នេសាទ បាន​ប្រាប់ RFA ថា ស្ថានភាព​រីង​រាក់ ឬ​គ្មាន​ទឹក​ជន់​ជោរ ចូល​តំបន់​បឹង​ទន្លេសាប​នៅ​ឆ្នាំ​២០២០​នេះ នឹង​ធ្វើ​ឱ្យ​ទិន្នផល​ត្រី​ធម្មជាតិ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដែល​មិន​ធ្លាប់​មាន​កន្លង​មក​។ ក្រុម​ប្រជា​នេសាទ​បារម្ភ​ថា ជីវភាព​របស់​ពួក​គាត់​ដែល​រស់​អាស្រ័យ​លើ​ផល​នេសាទ ក៏​នឹង​ជួប​គ្រោះ​ទុរភិក្ស​ធ្ងន់ធ្ងរ​ដោយសារ​វិបត្តិ​នេះ​។​

​បើ​តាម​ប្រជា​នេសាទ ការ​ខ្វះ​ទឹក​នៅ​បឹង​ទន្លេសាប មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ថយ​ចុះ​ផល​នេសាទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ធ្វើ​ឱ្យ​ដាច់​ពូជ​ត្រី​កម្រ​មួយ​ចំនួន ដែល​បាន​ប្រឈម​នឹង​ផុត​ពូជ​ពី​ឆ្នាំ​មុន​ៗ​មក​នោះ​ស្រាប់​។​

​ពួក​គាត់​បន្ថែម​ថា ពេល​នេះ ជា​រដូវ​កាល​ត្រី​ពង​កូន​ក្នុង​អន្លង់​អភិរក្ស​មួយ​ចំនួន ហើយនឹង​ចេញ​ទៅ​រក​ជម្រក​តាម​ព្រៃរនាម និង​តំបន់​ផ្សេង​ទៀត​ដើម្បី​រក​ចំណី​ធម្មជាតិ​សម្រាប់​ភាព​ធំធាត់​របស់​ពួក​គេ ប៉ុន្តែ​បើ​គ្មាន​ទឹក​ហូរ​ចូល​អន្លង់ និង​វាលទំនាប​ដូច​សព្វ​ដងនោះ ត្រី​មិន​អាច​ចេញពី​អន្លង់​នោះ​បាន បណ្ដាល​ខ្វះ​ចំណី​ដើម្បី​បន្តជីវិត​បាន ម្យ៉ាងទៀត​មានពូជ​ត្រី​មួយ​ចំនួន​ដូច​ជា​ត្រី​ឆ្ដោ​ជាដើម ពេល​ខ្វះ​ចំណី ហើយ​ចេញ​ទៅ​ណា​មិន​រួច​ដូច​គ្នា​ដែរ​នោះ វា​ក៏​ស៊ី​កូន​ត្រី​ជា​អាហារ​តែ​ម្ដង ។​

​ម្យ៉ាងទៀត ផល​លំបាក​សម្រាប់​ត្រី​មួយ​ផ្នែក​ទៀត​នោះ គឺ​ការ​បាត់បង់​ព្រៃរនាម​ជា​បន្តបន្ទាប់​ដែល​ជា​ជម្រក​ត្រី​ដ៏​សំខាន់​នៅ​រដូវវស្សា ឬ​រដូវ​ត្រី​ពង​កូន​ចាប់ពី​អំឡុង​ខែ មិថុនា ដល់​ខែកញ្ញា ឬ​ត្រី​ខ្លះ​អាច​ដល់​ខែតុលា ហើយ​ថា​ជា​ទម្លាប់​រាល់​ឆ្នាំ នៅ​ខែឧសភា ទឹកទន្លេ​មេគង្គ ចាប់ផ្ដើម​ឡើង​ចូល​ព្រែក លិច​វាល​ព្រៃរនាម ហើយ​បន្ត​ហូរ​ចូល​មក​បឹង​ទន្លេសាប​បាន​សម​ល្មម​សម្រាប់​ត្រី​រស់នៅ​បន្ត​ពូជ ប៉ុន្តែ​ឆ្នាំ​នេះ​យឺត​យាវ​ជាង​សព្វដង គឺ​យឺត​ជាង​២​ខែ​មក​ហើយ ហើយ​ពួក​គាត់​ក៏​មិនដឹង​ថា​ពេល​ណា​ទឹកនឹង​មក​ដល់​បឹង​ទន្លេសាប​នេះ​ទេ​។​

​កាលពី​ថ្ងៃ​ទី​១៤ កក្កដា ២០២០ កន្លង​មក​ថ្មី​ៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នៅ​មជ្ឈមណ្ឌល ស្រាវជ្រាវ និង​អភិវឌ្ឍ​ពូជ​ត្រី នៅ​ស្រុក​ពាម​រក៍ ខេត្តព្រៃវែង ដោយ​លោក​ទទួលស្គាល់​ថា ទិន្នផល​ត្រី​បាន​ថយ​ចុះ​ជា​បន្តបន្ទាប់​។ លោក​អះអាង​ថា បញ្ហា​នេះ​ពាក់ព័ន្ធ​នឹង​កត្តា​មនុស្ស និង​បរិស្ថាន​ទឹក មានការ​ប្រែប្រួល​ផង​ដែរ តែ​លោក​មិន​បាន​លើក​ឡើង​ពី​បញ្ហា​បទល្មើស​នេសាទ​ដែល​សហគមន៍​នេសាទ​ភ័យ​បារម្ភ និង​ទាមទារ​ឱ្យ​អាជ្ញាធរ រដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ជា​ប្រចាំ​នោះ​ទេ​៖ «​ជំនាន់​ខ្ញុំ​នៅ​ពី​ក្មេង​ត្រី​នៅ​ច្រើន​ណាស់ ពេល​នោះ​ទឹក​ជ្រៅ ឥឡូវនេះ​ទឹក​រាក់​ត្រី​តិច​ប្រជាជន​ច្រើន​វា​ផ្ទុយ​គ្នា​អ៊ីចឹង​ៗ​ទេ បានជា​ម្ខាង​ខិតខំ​អភិរក្ស​តាម​រយៈ​ប្រលែង​កូន​ត្រី មេ​ពូជ​ត្រី និង​ម្ខាង​ទៀត​ខំ​ជំរុញ​ការ​ចិញ្ចឹម​ត្រី​ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​»​។​

​យោង​តាម​របាយការណ៍​របស់​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម កាលពី​ឆ្នាំ​២០១៩​កន្លង​មក​បង្ហាញ​ថា ផល​នេសាទ​ទឹកសាប មាន​ចំនួន ជាង​៤៧​ម៉ឺន​តោន​។ ចំនួន​នេះ ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០១៨ ចំនួន​ជាង​៥​ម៉ឺន​តោន​ដែល​កាលពី​ឆ្នាំ​២០១៨ ទិន្នផល​ត្រី​ទឹកសាប​ប្រមូល​បាន​ជាង​៥៣​ម៉ឺន​តោន​។ នៅ​ក្នុង​របាយការណ៍​ដដែល​ក៍បាន​បញ្ជាក់​ថា ការ​ថយ​ចុះ​នៃ​ផល​ត្រី​ទឹកសាប​នេះ គឺ​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​អាកាសធាតុ ៕