ជនជាតិកូរ៉េខាងត្បូង២នាក់ ត្រូវបានកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួន ខណៈពួកគេត្រៀមនាំគ្រឿងញៀនជាង១គីឡូក្រាម ទៅកាន់ប្រទេសកូរ៉េខាងត្បូង ៊
ជនជាតិកូរ៉េដែលសមត្ថកិច្ចជំនាញចាប់ខ្លួននិងរឹបអូសគ្រឿងញៀនជាង១គីឡូក្រាមនោះកាលពីរសៀលថ្ងៃទី២៣ កក្កដា ២០២០ នៅចំណុចមុខអាផាតមិនវីសឌឹម (WISDOM APARTMENT) អគារលេខ១៦ ផ្លូវលេខ៤៤៦ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញនោះ ម្នាក់ឈ្មោះ SONG MIN SOO ភេទប្រុស កើតឆ្នាំ១៩៦១ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខ M717071112 មានដីកាស្វែងរកចាប់ខ្លួនរបស់នគរបាលអន្តរជាតិ (និវេទន៍ក្រហម) និង ឈ្មោះ CHOI MIN YOUNG ភេទប្រុស កើតឆ្នាំ១៩៧០ ជនជាតិកូរ៉េ។
គ្រឿងញៀនដែលសមត្ថកិច្ចដកហូតទុកជាវត្ថុតាងនោះមានប្រភេទមេតំហ្វេតាមីន (ICE) ទម្ងន់ជាង១៣៨៩.៥៣ក្រោម, រថយន្ត១គ្រឿង, ទូរស័ព្ទ៣គ្រឿង និងជញ្ជីងថ្លឹង២គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់ និងលាក់បង្កប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ បានបញ្ជូនមកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធី ។
ក្រោយការចាប់ខ្លួនជនជាតិកូរ៉េខាងលើ មជ្ឈដ្ឋានខ្លះបានដាក់ជាចម្ងល់ថាតើកម្ពុជាជាប្រទេសរងគ្រោះគ្រាន់តែចរាចរណ៍ឆ្លងកាត់គ្រឿងញៀន ឬ ជាប្រទេសដែលផលិតគ្រឿងញៀន ខណៈដែលកន្លងមកសមត្ថកិច្ចកម្ពុជាធ្លាប់បានបង្ក្រាបទីតាំងផលិតគ្រឿងញៀនជាច្រើនកន្លែង ហើយក្នុងនោះក៍មានការពាក់ព័ន្ឋនឹងមន្ត្រីជាន់ខ្ពស់ផងដែរ ដូចជាករណីនៅត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺជាដើម ។
យ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងជាច្រើនដងហើយថា កម្ពុជាជាប្រទេសរងគ្រោះពីការចរាចរណ៍គ្រឿងញៀនឆ្លងកាត់តែប៉ុណ្ណោះ ៕