លោក ផៃ ស៊ីផានហៅអ្នកមិនពេញចិត្តនឹងការលុបទន្លេជាក្រុមតិរច្ឆាន

ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផា​ន ហាក់​សម្តែង​ការ​ខឹងសម្បារ​នឹង​អ្នក​រិះគន់​លើ​ការ​លុប​ទន្លេ​យក​ដី​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​លោក​ឧកញ៉ា ពុង ឃាវ​សែ ដោយ​លោក​ប្រើ​ពាក្យ​ប្រមាថ​លើ​អ្នក​មិន​ពេញចិត្ត​នឹង​ការ​លុប​ទន្លេ​នោះ​ថា​ជា​ពួក​តិរច្ឆាន ។​

​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ផៃ ស៊ី​ផា​ន បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​«​គេ​គួរតែ​ត្រេកអរ​និង​សប្បាយ​រីករាយ​នឹង​ការ​បោះទុន​អភិ​វ​ឌ្ឈ​ន៏​ប្រទេស​របស់​ក្រុមហ៊ុន​វិនិយោគ = តែ​មាន​តែ​ពួក​តិរច្ឆាន​ទេ​ដែល​សម្តែង​ការ​ថ្នាំងថ្នាក់​នឹង​ការ​អភិ​វ​ឌ្ឈ​ន៏ ។​» ។​

​កាលពី​ថ្ងៃ​ទី​២២ ក​ក្ដ​ដា ២០២០ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP) បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​សិក្សា​ស្រាវជ្រាវ​និង​បង្ហាញ ជា​សាធារណៈ​អំពី​គម្រោង​អភិវឌ្ឍ​កោះន​រា​ដែល​ឈាន​ដល់​លុប​ទន្លេមេគង្គ​ក្រោម​ជិត​ពាក់កណ្តាល ក្បែរ​ទីក្រុង​រណប​កោះ​ពេជ្រ ដោយ​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី​(OCIC) របស់​លោក​ឧកញ៉ា ពុង ឃាវ​សែ ។ គណបក្ស​មួយ​នេះ​ព្រួយបារម្ភ​ថា ការ​លុប​ទន្លេមេគង្គ​នេះ នឹង​បណ្ដាល​ឲ្យ​មាន​ផល​ប៉ះពាល់​ធំធេង​ដល់​សង្គម និង​បរិស្ថាន​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ពិនិត្យ​ឃើញ​ថា សកម្មភាព​ចាក់​ថ្ម និង​ខ្សាច់​លុប​ទន្លេមេគង្គ ក្រោម​ជិត​ពាក់កណ្ដាល​ចាប់ពី​ចំណុច​កោះន​រា ស្ថិត​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រហូត​ដល់​កោះ​ប្រាក់​ស្ថិត​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្ដាល​នោះ គឺ​ដើម្បី​បម្រើ​ផលប្រយោជន៍​ឯកជន​សុទ្ធសាធ ដែល​ផ្ទុយ​នឹង​ច្បាប់ ហើយ​ខុស​ឆ្ងាយ​ពី​ផ្ទាំង​បិទ​ប្រកាស​ព័ត៌មាន​អំពី​គម្រោង​អភិវឌ្ឍ​កោះន​រា​នោះ​។​

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ព្រួយបារម្ភ​ថា ការ​លុប​ផ្ទៃ​ទឹកទន្លេ​មេគង្គ​ធំធេង​នេះ នឹង​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន ជា​ពិសេស ការ​រារាំង​ផ្លូវ​មច្ឆា​ជាតិ បង្ក​ទឹកជំនន់ និង​ការ​បាក់​ច្រាំង​ទន្លេ​នា​ពេល​អនាគត​។ គណបក្ស​មួយ​នេះ ទាមទារ​ឲ្យ​ក្រសួងបរិស្ថាន​បញ្ជូន​ក្រុមការងារ​បច្ចេកទេស​ចុះ​វាយតម្លៃ​ជា​បន្ទាន់ និង​ស្នើ​សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់​ពិនិត្យ​រឿង​នេះ ឲ្យ​បាន​ដិត​ដល់​ចៀសវាង​បន្សល់​ទុក​មរតក​បំផ្លាញ​ទន្លេមេគង្គ​ក្រោម​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

​បើ​តាម RFA ផ្ទៃ​ទឹកទន្លេ​មេគង្គ​ដែល​ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី របស់​ឧកញ៉ា ពុង ឃាវ​សែ កំពុង​ចាក់​លុប​នោះ មាន​ទទឹង ៤០០ ទៅ ៥០០​ម៉ែត្រ​ពី​ច្រាំង​ទន្លេ និង​បណ្ដោយ​មាន​ប្រវែង​ខ្ទង់ ៤​គីឡូម៉ែត្រ ដែល​គិត​ជា​ផ្ទៃក្រឡា​អាច​លើស​ពី ១០០​ហិ​កតា​។​

​មក​ទល់​នឹង​ម៉ោង​ជិត​២​រសៀល​ថ្ងៃ​ទី​២៦ កក្កដា​នេះ មិន​ទាន់​ឃើញ​មានការ​បកស្រាយ​ណាមួយ​ពី​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ក៍​ដូច​ជា​ការ​ពន្យល់​រួម​គ្នា​រវាង​ក្រសួងបរិស្ថាន ធនធានទឹក និង​តំណាង​ក្រុមហ៊ុន OCIC ឲ្យ​បាន​អស់​មន្ទិល​នៅឡើយ​ទេ ៊​

​យ៉ាងណា​លោក ផៃ ស៊ី​ផា​ន ប្រធាន​ក្រុម​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ជា​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​បាន​សរសេរ​បញ្ជាក់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា​«​ក្រុមហ៊ុន​អូ​សុ​ី​អាយ​សុ​ី = គ្មាន​មេ​កេ​ី​យ​ឈ្មោះ​អា​ឡិច​និង​វិទ្យុ​អារ​ង្សុ​ី​សេរី​ទេ ដូច្នេះ​ក្រុមហ៊ុន​មិន​ចាំបាច់​រាយ​ការ​ណ៏​ឲ្យ​បុគ្គល​និង​ក្រុម​នេះ​ទេ ។​»​ជាមួយ​គ្នា​នេះ​លោក ផៃ ស៊ី​ផា​ន ក៍បាន​ចាត់​ទុក​អ្នក​ដែល​មិន​ពេញចិត្ត​នឹង​ការ​លុប​ទន្លេ​ខាងលើ​ថា មាន​តែ​ពួក​តិរច្ឆាន​ទេ​ដែល​សម្តែង​ការ​ថ្នាំងថ្នាក់​នឹង​ការ​អភិ​វ​ឌ្ឈ ។​

​តំណាង​ក្រុមហ៊ុន OCIC លោក ទូច សំណាង ធ្លាប់​ប្រាប់​កាសែត​ក្នុងស្រុក​ថា ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​កោះន​រា ជាទី​ក្រុង​ទំនើប​លើ​ផ្ទៃដី ប្រមាណ ១០០​ហិ​កតា ដែល​បាន​មក​ពី​ការ​លុប​ទន្លេមេគង្គ និង​មាន​លក្ខណៈ​ស្រ​ដៀង​គ្នា​នឹង​ទីក្រុង​រណប​កោះ​ពេជ្រ​ដែរ​។ គម្រោង​នេះ នឹង​ចំណាយ​ទឹកប្រាក់​ប្រមាណ​ពីរ​ពាន់ (២.០០០) លាន ដុល្លារ​អា​មេ​រិ​ក ដែល​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ​២០២៣ ខាង​មុខ​។ បច្ចុប្បន្ន ក្រុមហ៊ុន អូ​.​ស៊ី​.​អាយ​.​ស៊ី កំពុង​ប្រើប្រាស់​កម្មករ​ខ្មែរ និង​វៀតណាម​ជា​ច្រើន​នាក់ ព្រមទាំង​សា​ឡង់ និង​រថយន្ត​រាប់​សិប​គ្រឿង​ដឹក​ជញ្ជូន​ខ្សាច់ និង​ថ្មភ្នំ ដើម្បី​ចាក់​លុប​ទន្លេ​យ៉ាង​មមាញឹក​បំផុត​។ ទោះជា​យ៉ាងណា មក​ទល់​នឹង​ពេល​នេះ ក្រុមហ៊ុន និង​មន្ត្រី​រដ្ឋាភិបាល នៅ​មិន​ទាន់​បង្ហាញ​តម្លាភាព ឬ​បញ្ជាក់​ថា មានការ​សិក្សា​ពី​ផល​ប៉ះពាល់​ផ្នែក​សង្គម និង​បរិស្ថាន​ដូចដែល​ច្បាប់​កំណត់​នៅឡើយ​ទេ មុន​នឹង​សម្រេច​អនុញ្ញាត​ឱ្យ​ចាក់​ដី​លុប​ទន្លេ ដើម្បី​បង្កើត​កោះ​សិប្បនិមិត្ត​នេះ​៕