បន្ទាប់ពីលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបង្កេីតក្រុមការងារអន្តរក្រសួងមួយដែលមានក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន និង ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ ចុះសិក្សាស្រាវជ្រាវ លេីករណីការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២២ កក្កដា ២០២០កន្លងមកនេះ ឥឡូវនេះ ប្រភពច្បាស់ការណ៍ពីក្រសួងមហាផ្ទៃបានបង្ហើបឲ្យដឹងថា មានមន្ត្រីជាន់ខ្ពស់ខេត្តមណ្ឌលគិរីចំនួន២៣នាក់ អាចនឹងបញ្ចប់មុខតំណែង ហើយអាចនឹងប្រឈមមុខតាមផ្លូវតុលាការនោះថែមទៀត ។
ប្រភពបន្តថា ការណ៍ដែលលោក ស ខេង បង្កើតក្រុមការងារខាងលើ ក៍យោងលើរបាយការណ៍មួយរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ ដែលស្នើ ប្រមូលឯកសារ និង ភស្តុតាងនានាពាក់ព័ន្ធជាមួយនឹងមន្ត្រី និង អ្នកពាក់ព័ន្ធនឹងសកម្មភាពការទន្ទ្រានកាន់កាប់ដីព្រៃតំបន់ការពាររាប់រយហិកតា ។
គេនៅចាំបានថា នៅមុនពេលក្រសួងមហាផ្ទៃបង្កើតក្រុមការងារខាងលើនេះដែរ លោក ស ខេង ក៍ធ្លាប់បង្ហើបថាលោកកំពុងរងកម្មនឹងអ្នកធំឈ្លោះដណ្តើមដីគ្នានៅខេត្តមណ្ឌលគិរី តែអំឡុងពេលដែលថ្លែងសុន្ទរកថាក្នុងពិធីបូកសរុបលទ្ឋផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០នៅទីស្តីការក្រសួងមហាផ្ទៃកាលពីថ្ងៃទី០៧ កក្កដានោះ លោកមិនបានបញ្ជាក់អំពីឈ្មោះមន្ត្រីមានអំណាចណាខ្លះនោះទេ ដែលទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ ។
ប៉ុន្មានថ្ងៃក្រោយមក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៍បានប្រកាសក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថា ករណីដីធ្លីដល់ពេលត្រូវវះកាត់ហើយ ហើយលោកក៍ប្រាប់មន្ត្រីជាន់ខ្ពស់របស់លោកឲ្យឈប់ធ្វើបាបរាស្ត្រក្នុងសំណុំរឿងដីធ្លីនេះដែរ ។
បើតាមរបាយការណ៍របស់ទីស្ដីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន បានគោរពស្នេីសុំគោលការណ៍ពីលោក ហ៊ុន សែន មានចំណាត់ការទៅលេីមន្ត្រីមួយចំនួនដូចខាងក្រោម ៖
១- គួរសម្រួលភារកិច្ច លោក ស្វាយ សំអ៊ាង ពី អភិបាលខេត្តមណ្ឌលគីរី ដោយហេតុថា លោកមិនបានអនុវត្តតួនាទីនិងភារកិច្ចរបស់ខ្លួនជាប្រធានគណៈបញ្ជាការឯកភាពខេត្តក្នុងការចាត់វិធានការចាំបាច់នានាដេីម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តអោយមានប្រសិទ្ធិភាព និង មានឯកសារខ្លះឯកឧត្ដមបានចូលរួមចុះហត្ថលេខាទទួលស្គាល់ការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ ។
២- គួរបញ្ចប់ដំណែង លោក សេង សុវណ្ណារ៉ា ពី សមាជិកគណៈកម្មការកណ្តាលគណបក្សប្រជាជនកម្ពុជា ដោយហេតុថា លោកបានឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំឯកសារជាច្រើនដើម្បីយកដីព្រៃរបស់រដ្ឋ មកគ្រប់គ្រងជាកម្មសិទ្ធិផ្ទាល់ខ្លួនទោះបីជាត្រូវបានដកដំណែងចេញពីអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និង ពីសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគីរីក៏ដោយ ក៏លោក នៅតែបន្តព្យាយាមស្នេីសុំកាន់កាប់ដីព្រៃដែលរដ្ឋបាលខេត្តបានចេញលិខិតនិរាករណ៍រួចហេីយ ។
៣- គួរចាត់វិធានការបញ្ចប់ដំណែង លោក ណយ ស្រូន ពីសមាជិកព្រឹទ្ធសភាភូមិភាគទី ៨ ដោយហេតុថា លោកមានការពាក់ព័ន្ធនឹងការកាន់កាប់ដីព្រៃដោយខុសច្បាប់ជាច្រើនហិកតា ។
៤- គួរចាត់វិធានការបញ្ចប់ដំណែង លោក ស៊ិន វណ្ណវុឌ្ឍ ពីអភិបាលស្រុកកោះញែក និងធ្វើការស៊ើបអង្កេត និង អនុវត្តវិធានការច្បាប់បន្ថែមទៀតចំពោះរូបលោក ដោយហេតុថា លោកអភិបាលស្រុករូបនេះ មានការជាប់ពាក់ព័ន្ធការកាប់រានទន្ទ្រានយកដីព្រៃដោយខុសច្បាប់ជាច្រើនកន្លែង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និង ជម្រកដែនសត្វព្រៃស្រែពក ចាប់តាំងពីលោកកាន់តំណែងជាអភិបាលស្រុកកែវសីមា រហូតដល់ជា អភិបាលស្រុកកោះញែកនាពេលបច្ចុប្បន្ន ។
៥- គួរចាត់វិធានការបញ្ចប់តំណែងលោក សៀក មុន្នី ពី អភិបាលស្រុកអូររាំង ដោយហេតុថា លោកអភិបាលស្រុករូបនេះមានការជាប់ពាក់ព័ន្ធ និង ឃុបឃិតគ្នាទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃកែវសីមា ដើម្បីយកទៅលក់និងធ្វេីកម្មសិទ្ធិដោយតម្រូវអោយមេភូមិ មេឃុំ ចុះហត្ថលេខាលេីការបញ្ជាក់កម្មសិទ្ធិដីធ្លីដោយខុសច្បាប់ជាច្រើន ។
៦- គួរចាត់វិធានការបញ្ចប់តំណែងលោកស្រី ថ្វាន់ ត្រែល ពីចៅសង្កាត់ សែនមនោរម្យ ស្រុកអូររាំង ដោយហេតុថា ចៅសង្កាត់រូបនេះតែងតែចុះហត្ថលេខាដឹងលឺលេីការលកលដូរដីព្រៃដោយខុសច្បាប់ និង ធ្វើលិខិតបញ្ជាក់ផ្សេងៗជាមួយឈ្មោះ ញ៉ាង ម្យក់ មេភូមិ ពូហ្សាម ទ៉បីមានការណែនាំ និង ព្រមានជាច្រើនដង ។
៧- គួរចាត់វិធានការបញ្ចប់តំណែងលោក ប៊ុត សំអែល ពីឃុំ ស្រែខ្ទុម ព្រោះហេតុថា មេឃុំរូបនេះ មានការចូលរួមឃុបឃិតរៀបចំផែនការផ្សេងៗក្នុងការកាប់រានទន្ទ្រានយកដីព្រៃ ពិសេសបានចូលរួមញុះញង់ប្រជាពលរដ្ឋអោយតវ៉ាទាមទារនិងកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៨- គួរចាត់វិធានការបញ្ចប់តំណែងលោក ពឿប ពេ មេឃុំ ស្រៃព្រះ ដោយហេតុថា មេឃុំរូបនេះ ជាអ្នកឃុបឃិតដ៏សកម្មក្នុងការទន្ទ្រានដីព្រៃសហគមន៍ ដោយមានការចាត់ចែងពីថនាក់ខេត្ត និង បង្ករការងាយស្រួលអោយមានការទន្ទ្រានយកដីព្រៃដោយខុសច្បាប់ និង បែងចែកដីព្រៃយ៉ាងអនាធិបតេយ្យអោយប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដោយមិនខ្លាចញញើតច្បាប់ឡើយ ។ មេឃុំរូបនេះ បានឃុបឃិតជាមួយអតីតអភិបាលស្រុកកែវសីមា លោក ស៉ិន វណ្ណវុឌ្ឍ និង លោក សុខ សេរា បេីកដៃអោយមានការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ។
៩- គួរចាត់វិធានការបញ្ចប់តំណែងលោក សុខ សេរា ពីនាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី ដោយហេតុថា រូបលោកជាអ្នកសម្របសម្រួលការងារ និង ប្រើប្រាស់រូបភាពស្នើសុំដីសម្បទានសង្គមកិច្ចដែលបង្ករអោយមានការកាប់រានទន្ទ្រានដីព្រៃដោយខុសច្បាប់ក្នុងតំបន់ការពារធម្មជាតិយកទៅលក់អោយឈ្មួញជាបន្តបន្ទាប់ ។
១០- គួរចាត់វិធានការបញ្ចប់តំណែង ឧត្ដមសេនីយ៍ ជេត ហ៊ាង មេបញ្ជាការរងកងឯកភាពស្ថាបនាថ្នល់លេខ ៧១៦ ជាប្រធានការដ្ឋានខ្សែក្រវាត់ព្រំដែន និង នាយទាហាន នាយទាហានរង ចំនួន ១២ រូបទៀត ដែលបានប្រើប្រាស់តួនាទីបេសកកម្ម និង គ្រឿងចក្រ របស់អង្គភាព ធ្វើសកម្មភាព កាប់រានទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ តាមដងផ្លូវក្រវាត់ព្រំដែន ក្នុងភូមិសាស្ត្រភូមិស្រែខ្ទុម ស្រុកកែវសីមា ខេត្ត មណ្ឌលគិរី ។
១១- គួរចាត់វិធានការបញ្ចប់តំណែងលោក ថាន ប៊ុនធឿន ពីមេបញ្ជាការសឹករងស្រុកកោះញែក ដោយសារតែតាមភរិយារបស់ខ្លួនឈ្មោះ ខេង សុខនី បានទិញដីជាច្រើនហិកតាពីប្រជាពលរដ្ឋដែលទន្ទ្រានកាន់កាប់ដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃកែវសីមា ៕