ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ហាក់សម្តែងការខឹងសម្បារនឹងអ្នករិះគន់លើការលុបទន្លេយកដីអភិវឌ្ឍន៍របស់ក្រុមហ៊ុនលោកឧកញ៉ា ពុង ឃាវសែ ដោយលោកប្រើពាក្យប្រមាថលើអ្នកមិនពេញចិត្តនឹងការលុបទន្លេនោះថាជាពួកតិរច្ឆាន ។
នៅលើបណ្តាញសង្គមហ្វេសប៊ុកលោក ផៃ ស៊ីផាន បានសរសេរយ៉ាងដូច្នេះថា«គេគួរតែត្រេកអរនិងសប្បាយរីករាយនឹងការបោះទុនអភិវឌ្ឈន៏ប្រទេសរបស់ក្រុមហ៊ុនវិនិយោគ = តែមានតែពួកតិរច្ឆានទេដែលសម្តែងការថ្នាំងថ្នាក់នឹងការអភិវឌ្ឈន៏ ។» ។
កាលពីថ្ងៃទី២២ កក្ដដា ២០២០ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) បានទាមទារឲ្យរដ្ឋាភិបាលសិក្សាស្រាវជ្រាវនិងបង្ហាញ ជាសាធារណៈអំពីគម្រោងអភិវឌ្ឍកោះនរាដែលឈានដល់លុបទន្លេមេគង្គក្រោមជិតពាក់កណ្តាល ក្បែរទីក្រុងរណបកោះពេជ្រ ដោយក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី(OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ ។ គណបក្សមួយនេះព្រួយបារម្ភថា ការលុបទន្លេមេគង្គនេះ នឹងបណ្ដាលឲ្យមានផលប៉ះពាល់ធំធេងដល់សង្គម និងបរិស្ថាន។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពិនិត្យឃើញថា សកម្មភាពចាក់ថ្ម និងខ្សាច់លុបទន្លេមេគង្គ ក្រោមជិតពាក់កណ្ដាលចាប់ពីចំណុចកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅរហូតដល់កោះប្រាក់ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាលនោះ គឺដើម្បីបម្រើផលប្រយោជន៍ឯកជនសុទ្ធសាធ ដែលផ្ទុយនឹងច្បាប់ ហើយខុសឆ្ងាយពីផ្ទាំងបិទប្រកាសព័ត៌មានអំពីគម្រោងអភិវឌ្ឍកោះនរានោះ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ព្រួយបារម្ភថា ការលុបផ្ទៃទឹកទន្លេមេគង្គធំធេងនេះ នឹងអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ជាពិសេស ការរារាំងផ្លូវមច្ឆាជាតិ បង្កទឹកជំនន់ និងការបាក់ច្រាំងទន្លេនាពេលអនាគត។ គណបក្សមួយនេះ ទាមទារឲ្យក្រសួងបរិស្ថានបញ្ជូនក្រុមការងារបច្ចេកទេសចុះវាយតម្លៃជាបន្ទាន់ និងស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់ពិនិត្យរឿងនេះ ឲ្យបានដិតដល់ចៀសវាងបន្សល់ទុកមរតកបំផ្លាញទន្លេមេគង្គក្រោមដល់កូនខ្មែរជំនាន់ក្រោយ។
បើតាម RFA ផ្ទៃទឹកទន្លេមេគង្គដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់ឧកញ៉ា ពុង ឃាវសែ កំពុងចាក់លុបនោះ មានទទឹង ៤០០ ទៅ ៥០០ម៉ែត្រពីច្រាំងទន្លេ និងបណ្ដោយមានប្រវែងខ្ទង់ ៤គីឡូម៉ែត្រ ដែលគិតជាផ្ទៃក្រឡាអាចលើសពី ១០០ហិកតា។
មកទល់នឹងម៉ោងជិត២រសៀលថ្ងៃទី២៦ កក្កដានេះ មិនទាន់ឃើញមានការបកស្រាយណាមួយពីអ្នកនាំពាក្យរាជរដ្ឋាភិបាល ក៍ដូចជាការពន្យល់រួមគ្នារវាងក្រសួងបរិស្ថាន ធនធានទឹក និងតំណាងក្រុមហ៊ុន OCIC ឲ្យបានអស់មន្ទិលនៅឡើយទេ ៊
យ៉ាងណាលោក ផៃ ស៊ីផាន ប្រធានក្រុមអ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី លោកបានសរសេរបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកថា«ក្រុមហ៊ុនអូសុីអាយសុី = គ្មានមេកេីយឈ្មោះអាឡិចនិងវិទ្យុអារង្សុីសេរីទេ ដូច្នេះក្រុមហ៊ុនមិនចាំបាច់រាយការណ៏ឲ្យបុគ្គលនិងក្រុមនេះទេ ។»ជាមួយគ្នានេះលោក ផៃ ស៊ីផាន ក៍បានចាត់ទុកអ្នកដែលមិនពេញចិត្តនឹងការលុបទន្លេខាងលើថា មានតែពួកតិរច្ឆានទេដែលសម្តែងការថ្នាំងថ្នាក់នឹងការអភិវឌ្ឈ ។
តំណាងក្រុមហ៊ុន OCIC លោក ទូច សំណាង ធ្លាប់ប្រាប់កាសែតក្នុងស្រុកថា ក្រុមហ៊ុនទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាល ដើម្បីអភិវឌ្ឍកោះនរា ជាទីក្រុងទំនើបលើផ្ទៃដី ប្រមាណ ១០០ហិកតា ដែលបានមកពីការលុបទន្លេមេគង្គ និងមានលក្ខណៈស្រដៀងគ្នានឹងទីក្រុងរណបកោះពេជ្រដែរ។ គម្រោងនេះ នឹងចំណាយទឹកប្រាក់ប្រមាណពីរពាន់ (២.០០០) លាន ដុល្លារអាមេរិក ដែលនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៣ ខាងមុខ។ បច្ចុប្បន្ន ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី កំពុងប្រើប្រាស់កម្មករខ្មែរ និងវៀតណាមជាច្រើននាក់ ព្រមទាំងសាឡង់ និងរថយន្តរាប់សិបគ្រឿងដឹកជញ្ជូនខ្សាច់ និងថ្មភ្នំ ដើម្បីចាក់លុបទន្លេយ៉ាងមមាញឹកបំផុត។ ទោះជាយ៉ាងណា មកទល់នឹងពេលនេះ ក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាល នៅមិនទាន់បង្ហាញតម្លាភាព ឬបញ្ជាក់ថា មានការសិក្សាពីផលប៉ះពាល់ផ្នែកសង្គម និងបរិស្ថានដូចដែលច្បាប់កំណត់នៅឡើយទេ មុននឹងសម្រេចអនុញ្ញាតឱ្យចាក់ដីលុបទន្លេ ដើម្បីបង្កើតកោះសិប្បនិមិត្តនេះ៕