អនុប្រធានការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង លោក ទូច ធារ៉ា បានរងការចោទប្រកាន់ពីយុវជន២នាក់ ពីបទធ្វើទារុណកម្ម វាយនឹងស្នាប់កាំភ្លេីងផង ឆក់នឹងដំបងឆក់ផង និង ជំរិតយកលុយ ៤ លានរៀល ។
បើតាមគណនីឈ្មោះ Vannak Pheng មិនបានបញ្ជាក់អំពីអត្តសញ្ញាណជនរងគ្រោះទាំង២នាក់នោះទេ ហើយក៍មិនដឹងថា ហេតុការណ៍ឃាត់ចាប់យុវជនទាំង២នាក់បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនិងធ្វើទារុណកម្មខាងលើនេះកើតឡើងនៅពេលណានោះដែរ គ្រាន់តែបញ្ជាក់ថា បានដោះលែងយុវជនទាំង២នាក់នោះវិញក្រោយទទួលបានលុយពីជនរងគ្រោះ៤លានរៀលកាលពីថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២០ ។
បើតាមគណនីដដែល ក្រោយបែកធ្លាយព័ត៌មានខាងលើ លោកអនុសេនីយ៍ឯក ទូច ធារ៉ា ភ័យស្លន់ស្លោ ក៏យកលុយ ៤ លាន រៀល ទៅសងយុវជនរងគ្រោះវិញ តែយុវជនរងគ្រោះមិនទទួល ហេីយសំណូមពរអោយចាត់វិធានការច្បាប់ចំពោះ លោកស័ក្តិ៣ ទូច ធារ៉ា ។
បើតាមលោក ផែង វណ្ណៈ កន្លងមកនាយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន ៧ នាក់ ទទួលការដាក់វិន័យពីអគ្គស្នងការនគរបាលជាតិ ដោយផ្អាកការងារបណ្ដោះអាសន្នរង់ចាំការសម្រេចជាថ្មីពីថ្នាក់ដឹកនាំ ដោយសារតែពួកគេមានការជាប់ពាក់ព័ន្ធនឹងការចាប់ប្រជាពលរដ្ឋជំរិតយកលុយ ។
យ៉ាងណា នៅម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២៨ កក្កដានេះ «អង្រុត»មិនអាចរកការសុំបំភ្លឺតបានទេពីលោក ទូច ធារ៉ា ជុំវិញការចោទប្រកាន់ខាងលើ ។ ចំណែកអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ក៍មិនអាចទាក់ទងរកការសុំអត្ថាធិប្បាយបានដែរ ៕